ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​រហូត​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​រំសាយ​ចោល​កម្មវិធី​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​​ក្រុង​ ​Nagoya របស់​ប្រទេស ​ជប៉ុន ​នោះ ពួក​គេ​បាន​ងាក​ទៅ​ប្រើ​បច្ចេកវិទ្យា ដើម្បី​ជួយ​សម្រាល​ការ​ខក​ចិត្ត​នេះ ដោយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​រត់​ប្រណាំង​ម្នាក់​ឯង​។


ការ​រត់​ម៉ារ៉ាតុង​សម្រាប់​​តែ​នារី និង​ការ​រត់​ប្រណាំង​ចម្រុះ​នៅ​ទីក្រុង Nagoya ត្រូវ​បាន​គ្រោង​រៀបចំ​នៅ​ថ្ងៃទី ​៨ ខែ​មីនា​ កន្លង​ទៅ​នេះ ដោយ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​រត់​ប្រណាំង​ប្រហែល ២០ ០០០ ​នាក់ តែ​កម្មវិធី​នេះ​ត្រូវ​រំលាយ​ចោល ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ស្រឡាញ់​កីឡា​មួយ​នេះ ប្រឈម​នឹង​ហានិភ័យ​សុខភាព អំឡុង​ការ​រាត​ត្បាត​ទូទាំង​សកល​លោក​នៃ​ជំងឺ​កូវីដ ១៩។


ជំនួស​ឲ្យ​មាន​ការ​រត់​ប្រណាំង​ជុំ​គ្នា​ ក្រុម​អ្នក​រៀបចំ​បាន​ផ្ដល់​ជូន​នូវ​ប្រព័ន្ធ​អេប​ (app) ដល់​ទៅ ​២ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​អាច​បញ្ចប់​ការ​រត់​ប្រណាំង​តែ​ម្នាក់​ឯង​បាន ដោយ​ធ្វើ​ការ​រត់​អនឡាញ​។


គណៈកម្មការ​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​រៀបចំ​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​ទីក្រុង Nagoya បាន​និយាយ​ប្រាប់​ AFP ថា​៖ «​នេះ​ជា​លើក​ដំបូង​ហើយ ដែល​ព្រឹត្តិការណ៍​រត់​ប្រណាំង​ម៉ារ៉ាតុង ត្រូវ​បាន​លុប​ចោល ខណៈ​វា​ក៏​ជា​លើក​ទី ​១ ​ដែរ​ ដែល​យើង​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រព័ន្ធ​អេប​នេះ ដើម្បី​យក​មក​ជំនួស​ការ​រត់​ប្រណាំង​ពិត​ប្រាកដ​»​។​ ​


ជួស​ឲ្យ​ការ​រត់​នៅ​ផ្លូវ​មែន​ទែន អ្នក​ចុះ​ឈ្មោះ​ប្រកួត​ទាំង​អស់​អាច​រត់​បែប​ណា​ក៏​បាន​តាម​តែ​ពួក​គេ​ចង់ ដោយ​បន្ត​រក្សា​គម្លាត​សង្គម​ក្នុង​កាលៈទេសៈ​នេះ​ផង ហើយ​ប្រព័ន្ធ​អេប ធ្វើ​ការ​​វាយ​តម្លៃ និង​អះអាង​ចំពោះ​​លទ្ធផល​របស់​ពួក​គេ។​


មាន​ប្រព័ន្ធ​អេប​ចំនួន ​២ មួយ​សម្រាប់​អ្នក​ដែល​មាន​បំណង​រត់​​តែ​ម្ដង​ឲ្យ​ស្រេច ហើយ​អេប ​១ ​ទៀត គឺ​សម្រាប់​អ្នក​ដែល​ចង់​បញ្ចប់​ការ​រត់​របស់​ខ្លួន ​ដោយ​ប្រើ​ពេល​ច្រើន​ថ្ងៃ​ ដោយ​អ្នក​រត់​ប្រណាំង​ទាំង​អស់​អាច​មាន​ពេល​សម្រាប់​ការ​រត់​របស់​ខ្លួន ចន្លោះ​ពី​ថ្ងៃ​ទី ​៣​ ខែ​មីនា រហូត​ដល់​ថ្ងៃទី ​៣១ ខែ​ឧសភា​។ ​នេះ​បើ​យោង​តាមរយៈ​វេបសាយ​ការ​រត់​ប្រណាំង​ផ្លូវ​ការ​។​​​

ក្រុម​អ្នក​រៀបចំ​បាន​និយាយ​តាមរយៈ​វេបសាយ​របស់​ពួក​គេ​ថា ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នេះ គឺ​មាន​ចេតនា​ឆ្លើយ​តប​ចំពោះ​ទឹក​ចិត្ត​ដែល​អ្នក​ចូលរួម​បាន​បង្ហាញ​ឲ្យ​ឃើញ ដោយ​ការ​ដែល​ពួក​គេ​ខំ​ប្រឹង​ហ្វឹកហាត់​ ព្រោះ​សង្ឃឹម​ថា​អាច​បាន​ចូលរួម​រត់​ប្រណាំង​ក្នុង​ព្រឹត្តិ្តការណ៍​ដែល​ត្រូវ​លុប​ចោល​នេះ​។​ 

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​ក្រុម​អ្នក​រៀបចំ​បាន​ហាម​ប្រាម​ដែរ ក្នុង​ការ​រត់​ជុំ​គ្នា​ជាក្រុម​ធំៗ ហើយ​បាន​ប្រាប់​ទៀត​ថា​ សម្រាប់​ព្រឹត្តិការណ៍​ខាង​នារី អ្នក​ដែល​បាន​ទៅ​ដល់​ទីផ្ដាច់ព្រ័ត្រ តាមរយៈ​ការ​រត់​តាម​ប្រព័ន្ធ​អេប​នេះ នឹង​ទទួល​បាន​អាវ​យឺត ​១ និង​ខ្សែ​ក ១ ​ខ្សែ​ ជា​វត្ថុ​អនុស្សាវរីយ៍​​៕ AFP/VN