វ៉ាស៊ីនតោនៈ តារា​ខ្សែប្រយុទ្ធ Megan Rapinoe និយាយ​ពី​ថ្ងៃ​អង្គារ​ថា នាង​គិត​ថា​ក្រុម​ជម្រើសជាតិ​នារី​អាមេរិក​ដែល​ទើប​ឈ្នះ​ពាន World Cup ថ្មីៗ​នេះ​នឹង​មិន​ទទួល​យក​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឲ្យ​ចូល​ទៅ​សេតវិមាន​នោះ​ទេ​។


កីឡាការិនី Rapinoe និយាយ​ក្នុង​កម្មវិធី​នៅ​ទូរទស្សន៍ CNN ថា​៖ «​ខ្ញុំ​នឹង​មិន​ទៅ​ចូល​សេតវិមាន​ទេ ហើយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ច្បាស់​ពី​បញ្ហា​នេះ​ក៏​នឹង​មិន​ទៅ​ទី​នោះ​ដែរ​»​។


កីឡាការិនី​រូប​នេះ​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា គ្មាន​សមាជិក​ក្រុម​ណា​មួយ​សុខចិត្ត​ផ្ដល់​ឲ្យ​នូវ​តម្លៃ​ដែល​យើង​បាន​ខិតខំ​បង្កើត​ឡើង និង​អ្វីៗ​ដែល​យើង​បាន​តស៊ូ ព្រម​ទាំង​វិថី​ដែល​យើង​រស់នៅ​នោះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា យើង​មិន​ចង់​ឲ្យ​អ្វីៗ​ទាំង​នេះ​ត្រូវ​បាន​កេងចំណេញ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​រដ្ឋការ​នេះ​ទេ​»​។


Rapinoe ជា​កីឡាការិនី​ខ្ទើយ​ម្នាក់​ក្នុង​ចំណោម​ ៧ ​នាក់​នៅក្នុង​ក្រុម​នេះ​ក៏​បាន​រិះគន់​ពាក្យ​ស្លោក​ «​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត​» ​របស់​លោក Trump ផង​ដែរ ដោយ​និយាយ​ថា​ប្រធានាធិបតី​រូបនេះ​កំពុង​ងាក​ទៅ​រក​ពេល​ដែល​ «​មិន​អស្ចារ្យ​សម្រាប់​គ្រប់​គ្នា​»​។


កីឡាការិនី​រូបនេះ​បាន​និយាយ​ផ្ញើ​សារ​ទៅ​ប្រាប់​លោក Trump ថា​៖ «​ខ្ញុំ​សូម​និយាយ​ថា សារ​របស់​អ្នក​កំពុង​ផាត់​ចោល​ប្រជាពលរដ្ឋ​រួម​ទាំង​ខ្ញុំ​ផង​ដែរ ហើយ​អ្នក​កំពុង​ផាត់​ចោល​អ្នក​ដែល​មើល​ទៅ​ដូច​រូបខ្ញុំ និង​កំពុង​ផាត់​ចោល​ពណ៌​សម្បុរ​ប្រជាពលរដ្ឋ​ថែម​ទៀត​»​។


ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិតថា អ្នក​កំពុង​ដើរ​តាម​ផ្លូវ​ចាស់​ដូច​កាល​ដែល​មិនមាន​ភាព​អស្ចារ្យ​សម្រាប់​អ្នកណា​មួយ​។ វា​ប្រហែល​ជា​បាន​អស្ចារ្យ​សម្រាប់​មនុស្ស​ ២-៣ ​នាក់ និង​ប្រហែល​ជា​អាមេរិក​អស្ចារ្យ​សម្រាប់​មនុស្ស​ ២-៣ ​នាក់​ឥឡូវនេះ ប៉ុន្តែ​វា​មិន​អស្ចារ្យ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិក​នៅក្នុង​ពិភពលោក​នេះ​ទេ​»​។

សូម​រំឭក​ថា​ក្រុម​អាមេរិក​បាន​ឈ្នះ​ជម្រើសជាតិ​ហូឡង់ ២-០ គឺ​ ១ ​គ្រាប់​រក​បាន​ដោយ Rapinoe ជាមួយ​ការស៊ុតបាល់​ពិន័យ​ ១១ ​ម៉ែត្រ និង​ ១ ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាការិនី Rose Lavelle នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​យប់​ថ្ងៃ​អាទិត្យ​នៅក្នុង​ទីក្រុង​លីយ៉ុង​ប្រទេស​បារាំង​។

កីឡាការិនី Rapinoe បាន​ប្ដេជ្ញាចិត្ត​នៅ​មុន​ពេល​ទទួល​បាន​ជ័យជម្នះ​នេះ​ថា នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ ប្រសិន​បើ​លោក Trump បាន​អញ្ជើញ​ក្រុម​ជម្រើសជាតិ​នារី​អាមេរិក​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​មែន​នោះ​។

ទន្ទឹម​នេះ​ដែរ​ប្រធានាធិបតី​អាមេរិក​លោក Trump បាន​ឆ្លើយតប​តាម​ប្រព័ន្ធ Twitter ថា​៖« Rapinoe មិន​គួរណា​មិន​គោរព​ចំពោះ​ប្រទេស សេតវិមាន ឬ​ទង់ជាតិ​របស់​យើង​ទេ ជាពិសេស​តាំងពី​ពេល​ដែល​ក្រុម​របស់​នាង​បាន​សម្រេច​ស្នាដៃ​ជាច្រើន​កន្លង​មក​នេះ​»​។

តាម​ធម្មតា​ក្រុម​កីឡា​អាមេរិក​ដែល​ជាប់​ជា​ម្ចាស់​ជើងឯក​តែងតែ​ទទួល​បាន​ការអញ្ជើញ​ឲ្យ​ចូល​ទៅក្នុង​សេតវិមាន ទោះ​ជា​លោក Trump ម្ដងម្កាល​បាន​បដិសេធ​ការអញ្ជើញ​ដោយសារ​តែ​មាន​សមាជិក​ក្រុម​បាន​រិះគន់​ចំពោះ​លោក​ក៏ដោយ​។

ក្រៅពី​ជម្រើស​ជាតិ​បាល់ទាត់​នារី​បដិសេធ​ការអញ្ជើញ​នេះ គឺ​នៅ​មាន​ក្លិប​កីឡា​ផ្សេង​ទៀត​បាន​បដិសេធ​ផងដែរ ដូចជា​ក្លិប​បាល់បោះ Golden State Warriors និង​ម្ចាស់​ជើងឯក​បាល់ឱប Super Bowl នៃ​ក្លិប Philadelphia Eagles លេង​នៅ​លីក​បាល់ឱប​ជាតិ (NFL) កាលពី​ឆ្នាំ​មុន​៕ SN