ទីក្រុង​ស៊ីដនី៖ ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​នារី​អូស្ត្រាលី​នឹង​ទទួល​បាន​ប្រាក់​ខែ​​ដូច​គ្នា​នឹង​ក្រុម​ជម្រើស​ជាតិ​​បុរស​តាម​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​បង្ហាញ​​​ពី​ថ្ងៃ​ពុធ​ និង​ទទួល​បាន​ការ​កោត​សរសើរ​ជា​ប្រវត្តិសាស្ត្រ​​សម្រាប់​សមភាព​យេនឌ័រ​​នៅ​ក្នុង​វិស័យ​កីឡា​។​​


ប្រព័ន្ធ​កិច្ច​សន្យា​ថ្មី​មួយ​ដែល​ប្រកាស​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី (FFA) បាន​កំណត់​ថា​ តារា​បាល់​ទាត់នារី​មួយ​ចំនួន​ដូច​ជា​កីឡាការិនី​ Sam Kerr និង​ Ellie Carpenter នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដូច​គ្នា​នឹង​កីឡាករ​មួយ​ចំនួន​ដូចជា​កីឡាករ​ Aaron ​Mooy​ និង​ Mat Ryan។​


ក្រុម​បាល់ទាត់​នារី​​ក៏​នឹង​ទទួល​បាន​ជើង​ហោះហើរ​ពិសេស​​សម្រាប់​ការ​ទៅ​ចូលរួម​ការ​​ប្រកួត​អន្តរជាតិ ​និង​ការ​ប្រកួត​ផ្សេងៗ​ទៀត​​ដូចគ្នា​នឹង​​ក្រុម​បុរស​ផង​ដែរ។


ប្រព័ន្ធ​ច្បាប់​ថ្មី​នេះ​​នឹង​ក្លាយ​ជា​កម្លាំង​​ជំរុញ​ដ៏​ធំ​មួយ​សម្រាប់​ជម្រើស​ជាតិ​​បាល់ទាត់​នារី​របស់​អាមេរិក​​ ​ដែល​ពួក​គេ​​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ប្រាក់​ឈ្នួល​ស្មើ​គ្នា ចំពោះ​​សហព័ន្ធ​បាល់ទាត់​សហរដ្ឋ​អាមេរិក ​ដែល​​នឹង​ត្រូវ​បើក​សវនាការ​នៅ​ខែ​ឧសភា​ ឆ្នាំ​ក្រោយ​។


ជម្រើស​ជាតិ​បាល់​ទាត់​នារី​​អាមេរិក​បាន​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ឆ្នាំ ​២០១៩​ នៅ​ប្រទេស ​បារាំង ហើយ​ពួក​គេ​បាន​​ស្រែក​ ​«​ទាមទារ​ប្រាក់​ខែ​ស្មើ​គ្នា​» ​​ក្រោយ​ពី​ពួក​គេ​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ហូឡង់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។​


ប្រធាន​សហព័ន្ធ​ FFA លោក Chris Nikou បាន​និយាយ​ថា៖ «​បាល់​ទាត់ ​គឺ​ជា​ការ​លេង​កីឡា​​សម្រាប់​គ្រប់​គ្នា​ ហើយ​កិច្ច​ព្រមព្រៀង​រួម​គ្នា​ថ្មី​នេះ ​គឺ​ជា​ការ​បោះ​ជំហាន​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធានា​បាន​ថា យើង​រស់នៅ​ក្នុង​តម្លៃ​នៃ​សមភាព​ បរិយាប័ន្ន​ និង​ឱកាស​ស្មើ​គ្នា​»។​​

តាម​កិច្ច​​ព្រមព្រៀង​រយៈពេល​​ ៤ ឆ្នាំ ​រហូត​ដល់​រដូវកាល​ប្រកួត​បាល់​ទាត់​ពិភព​លោក​លើក​ក្រោយ​នោះ​ កីឡាករ​ និង​កីឡាការិនី​នឹង​ទទួល​បាន​ចំណែក​ ២៤ ភាគរយ ​នៃ​ប្រាក់​ចំណូល​របស់​ក្រុម​ជម្រើស​ជាតិ​ដែល​កើន​ឡើង ​១ ​ភាគរយ ​ជា​រៀង​រាល់​ឆ្នាំ​។​

អនុ​ប្រធាន​សហព័ន្ធ​ FFA លោក David Gallop បាន​និយាយ​ថា វា​ជា​ជម្រើស​របស់​ក្រុម​បាល់​ទាត់​បុរស​ក្នុង​ការ​ចែក​រំលែក​ប្រាក់​ចំណូល​នេះ​ ហើយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ Mark Milligan បាន​និយាយ​ថា «​ស្ត្រី​កំពុង​ទទួល​បាន​នូវ​អ្វី ​ដែល​ពួក​គេ​សម​នឹង​បាន​»។​

លោក David បាន​និយាយ​ថា៖ «​វា​ច្បាស់​ណាស់​សម្រាប់​អ្នក​រាល់​គ្នា​ថា ​តើ​​បាល់​ទាត់​​របស់​ស្ត្រី​​​មាន​ការ​រីក​ចម្រើន​ប៉ុនណា​​ក្នុង​រយៈពេល ​២-៣ ​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​​ និង​​ថា ​តើ​ក្រុម​បាល់ទាត់​នារី​របស់​យើង​​បាន ​និង​កំពុង​ធ្វើ​បាន​ល្អ​​ប៉ុន​ណា​» ​ដោយ​បន្ថែម​ថា ជោគជ័យ​នៅ​ព្រឹត្តិការណ៍​ World Cup នៅ​ប្រទេស ​បារាំង ​ដែល​ក្រុម​ជម្រើស​ជាតិ​ហូឡង់​បាន​ធ្លាក់​នៅ​ក្នុង​វគ្គ ​១៦ ក្រុម​ចុង​ក្រោយ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នោះ ​គឺ​ជា​ភ័ស្តុតាង​​ស្រាប់​។​

អនុ​ប្រធាន​សហព័ន្ធ​ FFA រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​វា​ពិត​ជា​ជំរុញ​ឲ្យ​​ខ្ញុំ​វិល​ទៅ​រក​​ការ​​ចរចា​ថា ពួក​គេ​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​សម​នឹង​បាន​ ​ដើម្បី​បន្ត​ទៅ​មុខ​ក្នុង​តម្លៃ​ដែល​ពួក​គេ​បាន​លះបង់​សម្រាប់​សហគមន៍​បាល់ទាត់​អូស្ត្រាលី​»​។

កីឡាការិនី​ Elise Kellond-Knight ជា​ខ្សែ​បម្រើ​នៅ​ក្រុម​ជម្រើស​ជាតិ​នោះ​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​បាន​បង្ហាញ​ពី ​«​ការ​គោរព​» ​ចំពោះ​នារី​ ដោយ​រូប​នាង​អះអាង​ថា៖ ​«​ក្នុង​នាម​ជា​កីឡាការិនី​ម្នាក់​ នេះ​ជា​ប្រភេទ​នៃ​អ្វី​ដែល​យើង​តែងតែ​សុបិន​​ប្រាថ្នា​ចង់​បាន​ជា​យូរ​មក​ហើយ​»​៕ AFP/SN