ភ្នំពេញ៖ លោក​ឧត្តមសេនីយ​ឯក ​ជា ​ប៊ុនហេង ​​​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ដែល​កំពុង​តែ​ដឹកនាំ​សកម្មភាព​កីឡា​របស់​ ក្រសួង​មហាផ្ទៃ​​ទទួល​បាន​លទ្ធផល​ល្អ​ផ្តាច់​គេ ​ក្នុង​កីឡា​ជាតិ​លើក​ទី ​១ ​និង​លើក​ទី ​២ ​ពិសេស​ការ​​ដណ្តើម​យក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ប៉ូលិស​អន្តរជាតិ​នៅ​ប្រទេស ​ចិន ដោយ​ឈ្នះ​បាន​មេដាយ​យ៉ាង​ច្រើន​ជា​​ប្រវត្តិសាស្ត្រ​​នោះ​បាន​ប្រតិកម្ម​រិះគន់​ចំៗ​ ទៅ​លើ​ថ្នាក់​ដឹកនាំ​កីឡា​មួយ​ចំនួន​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​ថា ​និយម​បក្ខពួក​ជា​ចម្បង ​មិន​ព្រម​កែ​ទម្រង់​ និង​ទាញ​ប្រយោជន៍​ពី​កីឡា​ ​ទោះបី​លទ្ធផល​បាន​យ៉ាង​ណា​ក៏​មិន​សូវ​ខ្វល់​នោះ​ឡើយ​។


នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ផ្តាច់​មុខ​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ដើម​សប្តាហ៍​ លោក ​ជា​ ប៊ុនហេង​ បាន​ផ្តោត​ការ​រិះគន់​ខ្លាំង​ទៅ​នឹង​ការ​ផ្តល់​ប្រាក់​រង្វាន់​ជូន​អត្តពលិក ​ឬ​គ្រូ​បង្វឹក​ តាម​ប្រកាស​ ឬ​អន្តរ​ក្រសួង​ថា​មាន​ការ​យឺតយ៉ាវ​ ប៉ុន្តែ​បើ​ចំ​ខ្សែ​បក្ខពួក​មន្ត្រី​ជាន់​ខ្ពស់​ កាន់​សហព័ន្ធ​ផ្ទាល់​វិញ​នោះ ​គឺ​លឿន​គួរ​ឲ្យ​អត់​សរសើរ​មិន​បាន​។​ ផ្ទុយ​ពី​នេះ ​អ្នក​កាន់​ការ​ផ្នែក​នេះ​បាន​​មើល​រំលង​​ទៅ​លើ​​ប្រភេទ​កីឡា​ខ្លះ ​ដែល​ឈ្នះ​បាន​​មេដាយ​ពី​អន្តរជាតិ​ គឺ​ត្រូវ​រង់ចាំ​រាប់​ឆ្នាំ ​ដោយ​គ្មាន​ដំណឹង បើ​ទោះ​បី​ប្រភេទ​កីឡា​ទាំង​នោះ ​បាន​បំពេញ​សំណុំ​លិខិត​រួច​រាល់​ហើយ​ក៏​​មន្ត្រី​ទាំង​​នោះ​មិន​ខ្វល់ខ្វាយ​ដែរ​។​​​


លោក ​ជា ​ប៊ុន​ហេង​ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​លោក​ ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ផង​នោះ បាន​រិះគន់​ចំៗ ​និង​ខ្លាំងៗ​ថា​៖ «​កីឡា​សូហ្វ​តិន្នីស​ ដែល​ទើប​តែ​មាន​សកម្មភាព​ខ្លី ​​តែ​​ដណ្តើម​បាន​​មេដាយ​ជូន​ជាតិ ​ដូច​ជា​​ការ​ឈ្នះ​​មេដាយ​សំរឹទ្ធ ​៣ ​ពី​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​ នៅ​​ហ្វីលីពីន​កាល​ដើម​ឆ្នាំ ​២០១៩ ​​និង​​ឈ្នះ​មេដាយ​មាស​ជា​ក្រុម ​៦ ​នាក់ ​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​ នៅ​ប្រទេស ​ចិន នោះ ​ គឺ​យើង​​បាន​ស្នើ ​និង​រៀបចំ​ឯកសារ​រួច​រាល់​យូរ​ហើយ ​ប៉ុន្តែ​ពួក​មន្ត្រី​មួយ​ចំនួន​ដែល​មាន​កាតព្វកិច្ច​នេះ​ មិន​រវីរវល់​នោះ​ឡើយ»​។


លោក​​​​សង្កត់​ធ្ងន់​ថា​៖ ​«ប្រភេទ​​កីឡា​ការ៉ាតេដូ ​ដែល​មាន​លោក​ អូន ​ព័ន្ធ​មុនីរ័ត្ន​ កាន់​ជា​ប្រធាន​សហព័ន្ធ គឺ​​ឆាប់​បាន​ប្រាក់​រង្វាន់​ ចំណែក​​កីឡា​​ប៉េតង់ ​ដែល​មាន​ក្មួយ​ ស សុខា​ កាន់​វិញ​គឺ​ឆាប់​បាន​ប្រាក់​រង្វាន់​​លឿន​ដូច​គ្នា ​ប៉ុន្តែ​បើ​មិន​ត្រូវ​ខ្សែ​វិញ​ គឺ​កុំ​សង្ឃឹម​»​។ ​


លោក​ ជា​ ប៊ុនហេង ​បាន​ហៅ​មន្ត្រី​ដឹកនាំ​កីឡា​ក្នុង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​មួយ​ចំនួន​ថា កាន់​ការ​ចង់​ដុះ​ស្លែ​ ប៉ុន្តែ​លទ្ធផល​ពី​ស៊ីហ្គេម​ មិន​អាច​គេច​ផុត​ពី​លេខ ​៨ ​និង​លេខ ​៩ ​ក្នុង​តំបន់​អាស៊ាន​នៅ​ឡើយ ហើយ​លោក​បាន​អះអាង​​ថា ​ប៉ុន្មាន​ឆ្នាំ​ទៀត​ក៏​នៅ​តែ​មិន​អាច​ទៅ​រួច​ដែរ​ ​ព្រោះ​បក្ខពួក ​និង​គិត​ប្រយោជន៍​ខ្លួន​ជា​ធំ​។​


គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ​១០​ ខែ ​មករា ​ឆ្នាំ ​២០២០ ​តាមរយៈ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ក្រោម​អធិបតីភាព​លោក​ ស​ សុខា​ ជា​រដ្ឋលេខាធិការ​នោះ​គឺ​​​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​អស់ ​៣៨៣ ៩០០ ០០០ ​រៀល ក្នុង​ការ​​​​ផ្តល់​​ប្រាក់​រង្វាន់​ដល់​​អត្តពលិក​ កីឡា​ការ៉ាតេដូ​ ​និង​គុនដាវ ​ដែល​ដណ្តើម​មេដាយ​​ពី​​ការ​ប្រកួត​​អន្តរជាតិ​ជូន​ជាតិ​កាល​ពី​ឆ្នាំ​មុន។

ផ្ទុយ​ពី​នេះ​កីឡាការិនី​ ស្រួង​ ភាវី​ ដែល​ឈ្នះ​មេដាយ​ប្រាក់ ពី​ការ​ប្រកួត​កីឡា​ស្នូឃ័រ​ជើង​ឯក​ពិភព​លោក​ អស់​រយៈពេល ​២ ឆ្នាំ​មក​ហើយ​នោះ គឺ​ស្ងាត់​ឈឹង​រហូត​មក​ដល់​ពេល​នេះ។

លោក ​ជា ​វ៉ាន់សាន្ត ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ស្នូឃ័រ​កម្ពុជា ដែល​រស់នៅ​ប្រទេស ​កូរ៉េ​ បាន​​បញ្ចេញ​ជា​យោបល់​ថា​៖ ​«ខ្ញុំ​ឆ្ងល់​ដែរ​​ថា​ ​តើ​យើង​មាន​វិធី​អ្វី​ ទើប​អាច​​ទទួល​​បាន​ប្រាក់​រង្វាន់​លឿន​ដូច​គេ​​ព្រោះ​ ​ស្រួង ​ភាវី ​ធ្លាប់​សួរ​មក​ខ្ញុំ​ញឹក​ញយ​ណាស់​។​ ហេតុ​អ្វី​មន្ត្រី​ទាំង​នេះ​មិន​ព្រម​មើល​ឃើញ​អំពើ​ល្អ​ផង ​និង​គុណ​សម្បត្តិ​ផង​?»​។​

លោក​ ជា​ វ៉ាន់​សាន្ត បាន​​ប្រាប់​បន្ថែម​ថា​៖ «​ខ្ញុំ​ឈ្នះ​មេដាយ​មាស​ នៅ​កូរ៉េ ​កាល​ពី​ឆ្នាំ ​២០១៩ ​ចំនួន ​៣ ​វិញ្ញាសា​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ចង់​បាន​រង្វាន់​ពី​រដ្ឋាភិបាល​នោះ​ទេ​ កុំ​ឲ្យ​មាន​ការ​លំបាក​ គឺ​សូម​ឲ្យ​តែ​មាន​ការ​លើក​សរសើរ ​ឬ​លើក​ទឹក​ចិត្ត​បាន​ហើយ​»។​

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ មិន​អាច​ទាក់ទង​ ​ដើម្បី​ពន្យល់​ និង​បក​ស្រាយ​ពី​​បញ្ហា​នេះ​បាន​ទេ​ ព្រោះ​​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ​​លោក ​អ៊ុក​ សិទ្ធិជាតិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​កីឡា​ និង​លោក ​ហ៊ុន ​សាមុត ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដូច​គ្នា​ ​ដោយ​ទូរស័ព្ទ​របស់​លោក​ទាំង​ ​២ ​គ្មាន​អ្នក​ទទួល​៕