ភ្នំពេញៈ កីឡដ្ឋានលំដាប់អន្តរជាតិនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសាងសង់ត្រៀមការប្រើប្រាស់ជាកន្លែងសម្រាប់ស្វាគមន៍ពិធីបើក-បិទ និងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នោះ ត្រូវបានមន្ត្រីដឹកនាំកីឡាអះអាងថា នៅតែបន្តសាងសង់ជាធម្មតា ដោយគ្មានរងផលប៉ះពាល់ពីជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជានោះឡើយ។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC បានប្រាប់ថា៖ «បច្ចុប្បន្នកីឡដ្ឋានដ៏ធំស្កឹមស្កៃ ដែលមានឈ្មោះថា កីឡដ្ឋានមរតកតេជោ កំពុងត្រូវបានពន្លឿនការសាងសង់បន្ថែមលើសពីធម្មតា ពិសេសការដំឡើងគ្រឿងផ្គុំសំខាន់ៗ ក៏ជិតរួចរាល់ហើយដែរ។ តាមការវាយតម្លៃពីមន្ត្រីជំនាញ ដែលកំពុងសាងសង់ផ្ទាល់ គឺនៅសល់ប្រមាណ ២០ ភាគរយទៀតប៉ុណ្ណោះ ខណៈដែលកីឡដ្ឋានកម្រិតស្ដង់ដាអន្ដរជាតិនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ នឹងរួចរាល់ជាស្ថាពរ នៅដំណាច់ឆ្នាំ ២០២០ ទៅតាមផែនការកំណត់។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រូបនេះ បានបន្តថា៖ «បើទោះបីជា ស្ថានភាពជាក់ស្តែងបច្ចុប្បន្ន មានបញ្ហាការការពារនូវរោគរាតត្បាតពីវីរុសកូវីដ១៩ ក៏ពិតមែន ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសាងសង់នោះទេ ព្រោះក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេស មានវិធានការល្អ ដើម្បីបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាដ៏កាចសាហាវនេះ»។
ជុំវិញវិធានការបង្ការវីរុសកូរ៉ូណានេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ក្រុមកម្មករ វិស្វករ ទាំងខ្មែរ និងចិន មិនត្រូវបានអនុញ្ញាតឲ្យចេញ-ចូល ក្រៅពីបរិវេណកន្លែងធ្វើការនោះទេ ហើយក្រុមជម្រើសជាតិថ្នាល ដែលមានគ្នាជិត ៣០០ នាក់ ក៏បានរំសាយរួចហើយដែរ។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ក៏គ្មានបញ្ហា ឬការបារម្ភដែរ ព្រោះគម្រោងនេះ មានទុនតម្កល់ទុកជាស្រេច ដើម្បីចំណាយ»។
កីឡដ្ឋានលំដាប់អន្តរជាតិ នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិត
ចិន ដោយគ្រោងចំណាយថវិកាប្រមាណ១៥៨លានដុល្លារសហរដ្ឋ-អាមេរិក។
ពហុកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើង តាមបច្ចេកទេសចុងក្រោយរបស់ចិន លើផ្ទៃដីជាង ១៦ ហិកតា ហើយវាអាចផ្ទុកអ្នកទស្សនាបានជាង ៦ ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល ៧ នាទី ក្នុងករណីមានហេតុការណ៍ មិនប្រក្រតីកើតឡើង។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ផងនោះ បានបញ្ជាក់ថា៖ «ការពន្លឿនក្នុងការសាងសង់ (កីឡដ្ឋានបាល់ទាត់មរតកតេជោ) ទទួលបានលទ្ធផល វិជ្ជមាន ដូចការកំណត់ គឺនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ នឹងចប់សព្វគ្រប់ ហើយបច្ចុប្បន្នការសាងសង់ សម្រេចបាន ៧០ ទៅ ៨០ ភាគរយហើយ នៅតែការពន្លឿនបន្តិចទៀតទេ នឹងចប់សព្វគ្រប់ ទាំងការតុបតែង និងបំពាក់សម្ភារផ្សេងៗ ដូច្នេះការសាងសង់នឹងបញ្ចប់ដូចការគ្រោងទុក»៕