ភ្នំពេញ៖ ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ​១៣ ឆ្នាំ ​២០១៩ រវាង​ក្រុម​បឹងកេត និង ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទាំង​ពេលវេលា​ និង​ទីតាំង​ប្រកួត ហើយ​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ ​រវាង​ក្រុម​វិសាខា និង​ក្រុម​ភ្នំពេញ​ក្រោន ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។


យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​ផ្លាស់ប្តូរ​​នេះ ​ត្រូវ​បាន​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ហៅ​កាត់ថា CNCC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖​ «​ទាំង​ការ​ផ្លាស់ប្តូរ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ និង​ការ​មិន​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​លេខ​ ៣ គឺ​យើង​ធ្វើ​ទៅ​តាម​ការ​ស្នើសុំ​របស់​សាមី​ក្លិប​ទាំង​សង​ខាង​ដែល​បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​ភាគី​ក្លិប​ទាំង ​៤ កាល​ពី​ពេល​ថ្មីៗ​នេះ»។

តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ​៣ និង​លេខ ​៤ រវាង​ក្លិប​វិសាខា និង​ភ្នំពេញ​ក្រោន នឹង​មិន​ធ្វើ​ការ​​ប្រកួត​នោះ​ទេ ដោយ​មាន​ការ​ស្នើ​ពី​ក្លិប​ទាំង ​២ ព្រោះ​ទុក​ពេល​ឲ្យ​កីឡាករ​របស់​ខ្លួន ដែល​ជាប់​ជម្រើសជាតិ​មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​មិន​ប្រឈម​ក្នុង​ការ​របួស​ក្នុង​ពេល​ប្រកួត។


បន្ថែម​លើ​នេះ ការ​មិន​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ ​នេះ គឺ​​វិសាខា និង​ភ្នំពេញ​ក្រោន ដែល​ជា​ក្លិប​សម្បូរ​ទៅ​ដោយ​កីឡាករ​វ័យ​ក្មេង មាន​សមត្ថភាព​នោះ ក៏​ចង់​​ទុក​ពេល​​ឲ្យ​កីឡាករ ដែល​បាន​កោះ​ហៅ​ចូល​ជម្រើសជាតិ​អាយុ​ក្រោម ​១៩ ​ឆ្នាំ ធ្វើ​ការ​ប្រមូល​ផ្តុំ ត្រៀម​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​យុវជន​អាស៊ី​អាយុ​ក្រោម ​១៩ ​ឆ្នាំ (AFC U19 Championship 2020 Qualifiers) ផង​ដែរ។


ជុំវិញ​ការ​មិន​មាន​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ រវាង​ក្រុម​វិសាខា និង​ក្រុម​ភ្នំពេញ​ក្រោន​នេះ ត្រូវ​បាន​លោក ឆាំង ពិសិដ្ឋ បាន​បញ្ជាក់​ថា៖​ «​ក្នុង​ករណី​គ្មាន​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ បែប​នេះ តាម​បទបញ្ជា និង​ច្បាប់​នៃ​ការ​ប្រកួត គឺ​ក្រុម​ទាំង ​២ ត្រូវ​ទទួល​បាន​លេខ ​៣ ស្ទួន ចំណែក​ប្រាក់​រង្វាន់ ដែល​នឹង​ទទួល​បាន​ត្រូវ​ចែក​ស្មើ​គ្នា ហើយ​បញ្ហា​នេះ ក្រុម​ការងារ​របស់​យើង​បាន​រៀបចំ​រួច​ហើយ»។


ដោយ​ឡែក​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​បឹងកេត និង​ព្រះខ័នរាជ​ស្វាយរៀង ត្រូវ​បាន CNCC បញ្ជាក់​ថា នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​មក​ប្រកួត​នៅ​ថ្ងៃ ពុធ ទី ​៦ ខែ វិច្ឆិកា វេលា​ម៉ោង ​១៨ ល្ងាច ដោយ​មូលហេតុ មាន​ការ​ស្នើសុំ​ពី​ក្លិប​ទាំង ​២។

ចំណែក​ទីលាន​ប្រកួត​នឹង​ផ្លាស់ប្តូរ​ពី​ពហុកីឡដ្ឋាន​ជាតិ ទៅ​ធ្វើ​នៅ​កីឡដ្ឋាន RSN របស់​ភ្នំពេញ​ក្រោន ដោយសារ​តែ​ពហុកីឡដ្ឋាន ត្រូវ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​យុវជនអាស៊ី​អាយុ​ក្រោម​ ១៩ ​ឆ្នាំ ដែល​នឹង​ត្រូវ​ធ្វើ​ពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី ​១០ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U19 Championship 2020​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល​ G ដោយ​ពូល​នេះ​មាន​កម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និង​ក្រុម Northern Mariana Islands ហើយ​ក្នុង​នេះ​កម្ពុជា នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ U19 ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ២ មុន​ទៅ​ប៉ះ​ក្រុម Northern Mariana Islands នៅ​ថ្ងៃទី​ ៤ រួច​ទៅ​ជួប​ក្រុម U19 ថៃ នៅ​ថ្ងៃទី​ ៨ និង​ចុង​ក្រោយ​ប្រកួត​ជាមួយ​ក្រុម ​U19 ​ប្រ៊ុយណេ នៅ​ថ្ងៃទី ​១០ ខែ វិច្ឆិកា ឆ្នាំ ​២០១៩៕