ភ្នំពេញ៖ ការប្រកួតសន្សំពិន្ទុ ដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ បានឈានដល់ជុំទី ៣ ហើយ ដោយក្នុងនោះ យ៉េន ឌីណា ត្រូវជួប Wan Chhaleum ហើយ រិន សារដ្ឋ ត្រូវប៉ះ Kolap Dam ដែលសុទ្ធតែជាកីឡាករលំដាប់មានសមត្ថភាពល្អ ជើងខ្លាំងចាស់វស្សាដូចគ្នា។
ទោះជាយ៉ាងណាក្តីប្រភពពីភាគី យ៉េន ឌីណា មានជំនឿចិត្តថា នឹងទទួលបានលទ្ធផលឈ្នះ ក្នុងការបន្តទៀត ខណៈដែលការហ្វឹកហាត់ កំពុងមានសកម្មភាពខ្លាំង។ លោក អេ ភូថង គ្រូបង្វឹក យ៉េន ឌីណា បាននិយាយថា៖ «តាមការហ្វឹកហាត់ជាប្រចាំ និងមានការណែនាំពីលោកគ្រូថា យុទ្ធ ភូថង ផង ខ្ញុំហ៊ានទស្សន៍ទាយ និងសង្ឃឹមជឿជាក់ថា គឺ ៩០ ភាគរយ យ៉េន ឌីណា នឹងឈ្នះ ព្រោះពេញ ៣ សប្តាហ៍នេះ ខ្ញុំបង្វឹកដោយផ្ទាល់ដៃ ពិសេសការថែទាំសុខភាពបានល្អ មិនអនុញ្ញាតឲ្យដើរលេងនោះឡើយ»។
កីឡាករ យ៉េន ឌីណា ដែលមានឈ្មោះពិតថា ប៉ោ ភារិទ្ធ នោះ ខំស្តារមុខមាត់វិញបានល្អ បន្ទាប់ពីមានការរិះគន់ ពីការធ្លាក់ចុះនៃគុណភាពប្រកួតកន្លងមក ហើយបានធ្វើឲ្យ ១០ ប្រកួតចុងក្រោយរបស់គេ បានឈ្នះ ៧ ចាញ់ ១ និងស្មើ ២ ដង ក្នុងជំនួបជាមួយកីឡាករបរទេស។ ចំណែកការប្រកួតវគ្គជម្រុះជុំទី ៣ នេះ យ៉េន ឌីណា ប្តេជ្ញាយកឈ្នះឲ្យបាន ខណៈដែលរូបគេបានឈ្នះកីឡាករថៃ ២ លើករួចមកហើយ។
យ៉ាងណាមិញ Wan Chhaleum ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប តែការប្រកួតរបស់គេជាមួយ ពុយ វណ្ណៈ កន្លងមក បានចាញ់ដូចជាមិនសូវទំនង។ លោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួតបាននិយាយថា៖ «ឱកាសរបស់ Wan Chhaleum ដើម្បីយកឈ្នះ យ៉េន ឌីណា ពិតជាលំបាកខ្លាំងដូចគ្នា ព្រោះជ័យជម្នះបាន ៣ ពិន្ទុ ក្នុងវគ្គនេះ គឺសំខាន់ដូចគ្នា ដែលមិនអាចធ្វេសប្រហែសបានទេ»។
ដោយឡែក ការជួបគ្នារវាង រិន សារដ្ឋ ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក និង ថៃ Kolap Dam ត្រូវបានគេមើលឃើញថា សារដ្ឋ មានសង្ឃឹមតិចតួចក្នុងការឈ្នះ។ សម្រាប់ការប្រកួត ២ លើកកន្លងមក អ្នកទាំង ២ នេះ បានឈ្នះ ១ និងចាញ់ ១ ប្រកួត មាន ៤ ពិន្ទុដូចគ្នា ប៉ុន្តែការឈ្នះរបស់ រិន សារដ្ឋ គឺឈ្នះដោយសារសំណាង ព្រោះគូប្រកួតរបស់គេរក្សាទម្ងន់មិនបាន ហើយត្រូវបានគណៈកម្មការសម្រេចឲ្យចាញ់ដោយស្វ័យប្រវត្តិ។
កីឡាករ រិន សារដ្ឋ ធ្លាប់ប្រកួតបាន ៦០ ដង ឈ្នះ ៤៥ ចាញ់ ១២ និងស្មើពិន្ទុ ៣ ដង រីឯKolap Dam វិញ គេមានប្រវត្តិប្រកួតបាន ១០១ ដង ឈ្នះ ៨៦ ចាញ់ ១៤ និងស្មើ ១ ដង។ លោក មាស វណ្ណី គ្រូបង្វឹក រិន សារដ្ឋ បាននិយាយថា៖ « រិន សារដ្ឋ មានសង្ឃឹមតិចតួចក្នុងការយកឈ្នះ ព្រោះ Kolap Dam មានកម្រិតបច្ចេកទេស ដោយមានស្នៀតទាត់ល្អជាង»៕