ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ថៃ ​ណាម​ ម៉ូរ៉ាក់ ​មក​ពី​ក្លិប​​រស្មី​សាមគ្គី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ ខណៈ​រូប​គេ​ត្រូវ​ប៉ះ​​ជើង​ខ្លាំង​ជំនាញ​ជង្គង់ ​វ៉េង ​សុភក្រ​ ​របស់​ក្លិប​ទ័ព​ឆត្រ​យោង ​៩១១​ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ ​២ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ ​៣ នៃ​​ពាន TV5 ​Boxing Knock ​out Serie ចំណែក យុគ យក្សផ្លែ ​ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ថៃ​ជើង​មាំ​​ Kamlay Youk ​​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​ នា​យប់​ថ្ងៃ​អាទិត្យ​នេះ​ផង​ដែរ។


លោក ​សៅ ​ប៊ុនធឿន​ គ្រូ​បង្វឹក ​និង​ជា​អ្នក​ថែទាំ ​ណាម ​ម៉ូរ៉ាក់ បាន​ប្រាប់​ថា​៖ «​ណាម​ ម៉ូរ៉ាក់​ហាត់​ជា​ប្រចាំ​ ប៉ុន្តែ​​ការ​ប្រកួត​នេះ ​លំបាក​ឈ្នះ​មែន​ គឺ​ខ្ញុំ​ជា​គ្រូ​ មើល​ឃើញ​ថា​ ជា​ការងារ​ធ្ងន់​ និង​លំបាក​ប្រកួត​ ​ព្រោះ​ វ៉េង ​សុភ័ក្រ​ មាន​ក្បាច់​​ជង្គង់​ល្អ ​ព្រម​ទាំង​មាន​កម្ពស់​ខ្ពស់​ជាង​ និង​​នៅ​ក្មេង​មាន​កម្លាំង​ល្អ​ជាង​ផង​ដែរ​។​ ទោះ​បីជា​យ៉ាង​ណា ​ខ្ញុំ​ហ៊ាន​ធានា​ថា ណាម ម៉ូរ៉ាក់ នឹង​វ៉ៃ​អស់​ពី​សមត្ថភាព​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ឲ្យ​ឆ្លង​ផុត​ចូល​ទៅ​វគ្គ​ទី ​៣»​។​

ចំណែក​លោក​ ហង្ស​ ស៊ឺន ជា​គ្រូ​បង្វឹក និង​កីឡាករ​ វ៉េង​ សុភក្រ​ មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ ​ប៉ុន្តែ​តាមរយៈ​កម្រិត​វិជ្ជា​គុន ​កីឡាករ​រូប​នេះ​ខ្លាំង​ផ្នែក​ជង្គង់ ​និង​ធ្លាប់​ឈ្នះ​ជយលាភី​ពី​ព្រឹត្តិការណ៍​កីឡា​ជម្រើស​ជាតិ​កន្លង​មក​ផង​ដែរ ​ព្រម​ទាំង​​ធ្លាប់​មាន​ប្រៀប​ខ្លាំង​ក្នុង​ការ​ប្រកួត​ឈ្នះ​ភាគ​ច្រើន​លើ​កីឡាករ​មក​ពី​បរទេស​​។​


សូម​បញ្ជាក់​ថា​ កាល​ប្រកួត​ជម្រុះ​ជុំ​ទី ​១​ ណាម​ ម៉ូ​រ៉ា​ក់ បាន​យក​​ឈ្នះ​ មាស​ សារ៉ាក់ របស់​​ក្លិប​​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ ចំណែក វេង​ សុភក្រ​ បាន​ឈ្នះ​ ភុន​ សោភ័ណ្ឌ ​ក្លិប​នាគរាជ​មានជ័យ ដោយ​ការ​ផ្តួល​ឲ្យ​សន្លប់​​នៅ​ទឹក​ទី ​១​។​


ចំពោះ​ការ​ប្រកួត​ជម្រុះ​​ដណ្តើម​ពាន​មួយ​ទៀត​ គឺ​ វ៉ែន​ ហុង​ជីវ៉ុង ​ក្លិប​កង​កេង​កីឡា​ខេត្ត​បាត់ដំបង​ ត្រូវ​ប៉ះ​ជាមួយ​ជើង​ថ្មី ​សោម ​ស៊ី​ថៃ ​ក្លិប​អេ​ភូថង​កីឡា​ ដែល​សមត្ថភាព​ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ថា ​វ៉ែន​ ហុង​ជីវ៉ុង ​នឹង​អាច​ដណ្តើម​បាន​ជ័យជម្នះ ​ក្នុង​ភាគរយ​ខ្ពស់​ជាង​។​


ដោយ​ឡែក​ចំពោះ​គូ​មិត្តភាព​អន្តរជាតិ​វិញ Kamlay Youk ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចេញ​រហ័ស​ ធ្ងន់​ និង​ពូកែ​ការពារ​ណាស់​ ហេតុ​នេះ​ យុគ យក្ស​ផ្លែ ​ពិត​ជា​លំបាក​ ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​ណាស់​ ហើយ​តាម​ប្រវត្តិ យក្សផ្លែ ក៏​ធ្លាប់​បាន​ចាញ់​ថៃ​ម្នាក់​នេះ សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​សង្វៀន PNN ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​កណ្តាប់​ដៃ​របស់ ​សិស្ស​គណ​ក្លិប​បូរីរាជសីហ៍​មាន​រិទ្ធ យុគ យក្ស​ផ្លែ​ វាយ​ចេញ​ក្នុង​លក្ខណៈ​ធ្ងន់ៗ​ និង​ផ្សង​ព្រេង​ច្រើន​ផង​ដែរ ​ហើយ​កីឡាករ​រូប​នេះ​ ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចូល​ចិត្ត​ឌឺ​ដាក់​ដៃ​គូ ​ព្រម​ទាំង​មាន​ប្រិយ​ភាព​ខ្លាំង​ ហេតុ​នេះ​​អ្វី​ៗ មិន​អាច​ប៉ាន់​ស្មាន​បាន​ត្រូវ ​១០០ ​ភាគរយ ​នោះ គឺ Kamlai Youk ក៏​អាច​នឹង​មាន​បញ្ហា​ផង​ដែរ បើ​សិន​មាន​ការ​ធ្វេស​ប្រហែស​នោះ។

លោក​ ថៃ​ អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​បាន​និយាយ​ថា៖ ​«​​កីឡាករ​ថៃ Kamlay Youk ​ល្អ​ទាំង​កណ្តាប់​ដៃ​ល្អ​ ទាត់​ និង​មាន​កម្លាំង​ថេរ​ពេញ​ អ៊ីចឹង​ការ​ឈ្នះ ​ឬ​ចាញ់​ ទំនង​មាន​ប្រៀប​ជាង​ យុគ យក្ស​ផ្លែ ​ដោយ​គេ​អាច​មាន​សង្ឃឹម​ឈ្នះ​រហូត​ដល់ ​៨០ ​ភាគរយ ប៉ុន្តែ​ការ​ប្រកួត ​គឺ​ត្រូវ​ចាំ​មើល​ជាក់​ស្តែង​យើង​មិន​អាច​ទាយ​ត្រូវ​មុន​ទេ»​៕