ក្រុងឡុងដ៍: ក្រុម Chelsea បានមកកាត់ផ្ដាច់ដំណើរផ្លូវរបស់ក្រុមមេឃខៀវ Manchester City (City) ក្នុងការតម្រង់ទៅរកការឈ្នះពានជាប្រវត្តិសាស្ត្រឱ្យបាន ៤ ក្នុង ១ រដូវកាល ដោយគ្រាប់បាល់តែ ១ គ្រាប់របស់ Hakim Ziyech ដែលគ្រប់គ្រាន់ឱ្យក្រុមតោខៀវមានជ័យជម្នះ ១-០ អំឡុងការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup កាលពីថ្ងៃសៅរ៍។
ជាថ្ងៃដ៏សែនអាក្រក់សម្រាប់ក្រុម City ដោយក្រៅពីរងបរាជ័យនេះក៏ផងដែរនូវការបាត់បង់កីឡាករប្រធានក្រុម Kevin De Bruyne ដោយសាររបួសកជើង ដែលវាកើតឡើងក្នុងរយៈពេលតែជាង ១ សប្ដាហ៍ប៉ុណ្ណោះ ដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ League Cup ជាមួយក្រុម Tottenham Hotspur និងជំនួបជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ៤ ក្រុមចុងក្រោយ ទល់នឹងក្រុម Paris Saint-Germain (PSG)។
Chelsea ជាក្រុមមានគុណភាពល្អចំពោះការទទួលបាននូវជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនេះ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយប្រាកដណាស់នឹងកា្លយជាក្រុមមានសិទ្ធិខ្ពស់ សម្រាប់ការឈ្នះពានដំបូងរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់នៅអង់គ្លេស ពេលពួកគេត្រូវប្រឈមនឹងក្រុម ១ នៃគូប្រកួតរវាង Leicester City និង Southampton នៅថ្ងៃទី ១៥ ខែឧសភា។
«វាគឺទម្រង់លេងដ៏រឹងមាំមួយ។ ខ្ញុំរីករាយ និងមានមោទនភាពណាស់។ យើងឆក់ឱកាស ដើម្បីបង្ហាញពីកម្រិតខ្ពស់បំផុត និងដើម្បីឱ្យឃើញថា តើយើងលេងល្អយ៉ាងដូចម្ដេច? អ្នកអាចឈ្នះតែម្យ៉ាងប៉ុណ្ណោះ ប្រសិនបើគ្រប់គ្នា ឈានដល់កម្រិតកំពូល»។ នេះជាប្រសាសន៍របស់លោក Tuchel ដែលដឹកនាំក្រុមចាញ់តែ ២ ដងប៉ុណ្ណោះក្នុងចំណោម ១៩ ហ្គេម គិតតាំងពីមកជំនួសលោក Frank Lampard ក្នុងខែមករា។
លើសពីនេះទៀត លោក Tuchel អាចឈ្នះសូម្បីពានរង្វាន់ធំជាងនេះ ពីការប្រកួតប្រជែង នៅ Champions League ត្រឹមថ្ងៃបញ្ចប់រយៈពេល ៥ ខែដំបូងក្នុងការធ្វើតួនាទីរបស់លោក។
តោខៀវ និងមេឃខៀវ អាចមានឱកាសប៉ះគ្នាម្ដងទៀត នៅអឺរ៉ុបក្នុងវគ្គផ្ដាច់ព្រ័ត្រ នាក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី ខែក្រោយ បើក្រុមយក្សអង់គ្លេសទាំង ២ នេះមានលទ្ធភាពទម្លាក់ក្រុមគូប្រជែងរៀងៗខ្លួន គឺ Real Madrid និង PSG ឱ្យធ្លាក់ពីការប្រកួតប្រជែងត្រឹមវគ្គ ១/២ ផ្ដាច់ព្រ័ត្រ។
ជាមួយគ្នានេះ បើធ្វើបាននោះ ក្រុមរបស់លោក Tuchel នឹងបង្ហាញឱ្យឃើញថា ពួកគេអាចប្រសើរជាងក្រុម City បើទោះពេលនេះ ខ្លួនកំពុងមានគម្លាតដល់ទៅ ២០ ពិន្ទុ ដាច់ឆ្ងាយពីក្រុមរបស់លោក Pep Guardiola ដែលឈរទីកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក៏ដោយ៕ VN