ភ្នំពេញៈ លោក ថៃ អ៊ូ ប្រធានសមាគមកីឡាប្រដាល់គុនខ្មែរខេត្តបន្ទាយមានជ័យ និងជាប្រតិភូដឹកនាំកីឡាករថៃឲ្យមកប្រកួតរាល់ចុងសប្តាហ៍នៅកម្ពុជាកំពុងស្វះស្វែងរកដៃគូសហការដែលអាចនាំកីឡាកររបស់កម្ពុជា បានចេញទៅប្រកួតនៅក្រៅប្រទេសមានថៃ និងចិន ដើម្បីបានបទពិសោធល្អ និងទទួលបានប្រាក់សម្រាប់ជីវភាពឲ្យប្រសើរផង។
លោក ថៃ អ៊ូ ដែលមានចំណង់ចំណូលចិត្ត និងជំនាញទំនាក់ទំនងកីឡាករនៅប្រទេសថៃមកប្រកួតនៅកម្ពុជាគឺមានបទពិសោធប្រកបដោយជោគជ័យអស់រយៈពេលជិត ១០ ឆ្នាំមកហើយនោះ បានបង្ហើបឲ្យដឹងថា កីឡាករខ្មែរដែលខិតខំហ្វឹកហាត់ និងគោរពវិន័យល្អ ទោះបីមិនខ្លាំងលំដាប់ជួរមុខក៏មានឱកាសបានទៅប្រកួតនៅក្រៅប្រទេសបានដែរ ព្រោះបច្ចុប្បន្នលោកកំពុងទាក់ទងសង្វៀនប្រកួតប្រចាំសប្តាហ៍នៅប្រទេសថៃចំនួន ៣ កន្លែង និងនៅចិនចំនួន ១ កន្លែងទៀត។
លោក ថៃ អ៊ូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមពិតខ្ញុំមានមុខរបរជាអ្នកជំនួញផង និងជំនាញខាងសេវាលក់ម្ហូបអាហារសម្រាប់ពិធីការ បុណ្យ ជប់លៀងផ្សេងៗផង ប៉ុន្តែវិស័យកីឡាខ្ញុំបានប្រឡូកច្រើនឆ្នាំមកហើយ ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំផ្ទាល់តាំងពីក្មេង ទោះបីទទួលបានផលប្រយោជន៍តិចតួចក្តី ច្រើនក្តី និងមានពេលខ្លះអត់បានអ្វីមកវិញ ក៏ខ្ញុំពេញចិត្តខ្លាំងដោយសារខ្ញុំស្រឡាញ់ និងចូលចិត្ត»។
ក្នុងអាជីពជាអ្នកដឹកនាំកីឡាករបរទេស និងកីឡាករថៃមកប្រកួតជាមួយកីឡាករកម្ពុជាចាប់ពីជាង ១០ នាក់នៅរៀងរាល់ចុងសប្តាហ៍លោក ថៃ អ៊ូ បានបន្តថា តាមរយៈបទពិសោធកីឡាករនៅថៃមានកីឡាករខ្លះក៏មានសមត្ថភាពល្អជាងកីឡាករយើង តែខ្លះទៀតក៏មានសមត្ថភាពខ្សោយជាងយើងដែរ ប៉ុន្តែសំខាន់កីឡាកររបស់គេ គោរពវិន័យ និងស្តាប់តាមគ្រូល្អ។ ចំណែកទីផ្សារប្រកួតនៅកម្ពុជាសព្វថ្ងៃនេះនៅមិនទាន់គ្រប់តម្រូវការនោះទេ ព្រោះសមត្ថភាពកីឡាករខ្មែរយើងបច្ចុប្បន្នអាចទៅប្រកួតនៅប្រទេសថៃបាន ដោយសារគេមានកម្មវិធីប្រកួតសម្បូរបែបច្រើនកន្លែងជាងប្រទេសយើង។
លោក ថៃ អ៊ូ បានបន្ថែមថា៖ «ចាប់ពីខែមិថុនាឆ្នាំ ២០១៩ នេះទៅ ខ្ញុំបានទាក់ទងជាមួយភាគីថៃដោយនាំកីឡាករកម្ពុជាទៅប្រកួតនៅថៃ គឺសឹងតែរាល់សប្តាហ៍ក្នុងនោះមានការប្រកួតពេញមួយសប្តាហ៍នៅសង្វៀនខេត្តស្រះកែវ ខេត្តឈុនបុរី ក្រុងផាតាយា ក្នុងកម្មវិធី Stadium pattaya World Class Max Muay Thai និងមានព្រឹត្តិការណ៍មួយទៀតនៅសង្វៀនប៉ុស្តិ៍លេខ ៨ ថៃក្នុងទីក្រុងបាងកកឈ្មោះ Muay thai Super Champ រាល់ថ្ងៃអាទិត្យ»។
លោកបានបញ្ជាក់ថា៖ «សម្រាប់កីឡាករកម្ពុជាចង់ចេញទៅប្រកួតនៅក្រៅប្រទេសមិនលំបាកទេ គឺទី ១ ត្រូវមានលិខិតឆ្លងដែន ទី ២ ហ្វឹកហាត់ឲ្យបានល្អ និងមានការអនុញ្ញាតពីប្រធានក្លិប ឬសមាគមគឺអាចមកទាក់ទងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឬក៏ទាក់ទងមកខ្ញុំផ្ទាល់ ប៉ុន្តែសំខាន់ត្រូវហាត់ឲ្យមានសមត្ថភាពល្អទៅបានហើយ ដោយមានប្រវត្តិប្រកួតច្បាស់លាស់អាចថតឃ្លីបវីដេអូប្រកួតកន្លងមក ដើម្បីផ្ញើជូនទៅគណៈកម្មការផ្គូផ្គងនៅប្រទេសគេពិនិត្យមុន»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា៖ «ខ្ញុំគាំទ្រកីឡាករខ្មែរយើងដែលមានសមត្ថភាពល្អអាចចេញទៅប្រកួតនៅក្រៅប្រទេស ហើយការចេញទៅប្រកួតមិនលំបាកទេ ព្រោះសហព័ន្ធយើងនឹងជួយបំពេញបែបបទផ្លូវច្បាប់ឲ្យបានត្រឹមត្រូវដោយគ្មានគិតកម្រៃ។ បន្ថែមលើនេះ សហព័ន្ធនឹងអាចស្វែងរកការឧបត្ថម្ភ ឬមានការណែនាំបណ្តុះបណ្តាលសណ្តាប់ធ្នាប់សម្រាប់ចេញទៅប្រកួតស្រុកគេឲ្យបានប្រសើរ និងមានវិន័យត្រឹមត្រូវ ងាយទទួលបានលទ្ធផលល្អទៀតផង»។
លោកបន្ថែមថា៖ «សហព័ន្ធជាអ្នកគ្រប់គ្រងកីឡាករជួយសម្របសម្រួលផ្លូវច្បាប់ និងបណ្តុះបណ្តាលមិនមែនជាស្ថាប័នស្វែងរកលុយ ដើម្បីឲ្យប្រកួតទេ ប៉ុន្តែយើងលើកទឹកចិត្តចំពោះកីឡាករណាដែលមានសមត្ថភាពល្អក្នុងការស្វែងរកទីផ្សារប្រកួត ចំណែកជីវភាពកីឡាករមួយចំនួនដែលតែងតែត្អូញត្អែរពីភាពក្រីក្រនោះ មិនមែនជាបន្ទុករបស់សហព័ន្ធទេ។ តែទោះជាយ៉ាងណាសហព័ន្ធនៅតែខិតខំសហការជាមួយវិស័យឯកជន ដើម្បីឲ្យមានទីផ្សារសម្រាប់កីឡាករយើងមានជីវភាពប្រសើរដែរ»៕