ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ «រត់​កម្សាន្ត និង​ដំណើរ​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» ​នៅ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ​ ដែល​ធ្លាប់​​​ធ្វើ​ឡើង​រយៈពេល ​២ ​ឆ្នាំ​កន្លង​មក​នេះ គឺ​​គម្រោង​រៀបចំ​នៅ​ឆ្នាំ ​២០២១ ​នេះ ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​សម្រេច​ផ្អាក​ និង​លើក​ពេល​ទៅ​ធ្វើ​នៅ​​ឆ្នាំ ​២០២២ ​​វិញ​ ដោយសារ​​បញ្ហា​កូវីដ ​១៩ បាន​​ផ្ទុះ​ឡើង​ នៅ​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​​ជាប់​​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ​។


ទីតាំង​កន្លែង​ធ្លាប់​ប្រារព្ធ​ធ្វើ​​ចំនួន ​២ ​ឆ្នាំ​កន្លង​មក ​គឺ​តំបន់​អន្លង់វែង​ ជា​ស្រុក​មួយ​មាន​ទីតាំង​នៅ​ជាប់​ប្រទេស​ថៃ ដែល​មាន​ច្រក​អន្តរជាតិ​ជាទី​ប្រសព្វ និង​ជា​កន្លែង​ចេញ-ចូល ​រវាង​ប្រជាពលរដ្ឋ​​កម្ពុជា និង​ប្រជាពលរដ្ឋ​ថៃ​ ខណៈ​ដែល​ទិវា​រត់​កម្សាន្ត និង​ដំណើរ​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​នេះ​ ធា្លប់​ធ្វើ​រួម​គ្នា​ជា​លក្ខណៈ​បើក​ទូលាយ​ ព្រមទាំង​មាន​អ្នក​ចូលរួម​ជា​ជនបរទេស​ច្រើន ​ពិសេស​ប្រជាពលរដ្ឋ​ថៃ​តែ​ម្តង ប៉ុន្តែ​នៅ​ពេល​នេះ ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​ថៃ ស្ថិត​នៅ​ជាប់​ព្រំដែន ខេត្ត​បន្ទាយមានជ័យ​​មាន​​ការ​កើន​ឡើង​ច្រើន​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩។​


លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​ជា​ប្រធាន​គ្រប់គ្រង​​ទិវា​រត់​កម្សាន្ត និង​ដំណើរ​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​​បាន​ប្រាប់​​ថា​៖ ​​«ឆ្នាំ ​២០២១​ នេះ​ យើង​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ ​​បាន​ទេ​ ដោយសារ​សភាពការណ៍​តាម​ព្រំដែន​មិន​សូវ​ល្អ ពាក់ព័ន្ធ​នឹង​ការ​​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​ គឺ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ ​ផ្ទុះ​ឆ្លង​ច្រើន​ ដូច្នេះ​យើង​ត្រូវ​លើក​ពេល​​ទៅ​រៀបចំ​នៅ​ឆ្នាំ ​ក្រោយ ​ដោយ​​យើង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល»​។


លោក​​បន្ថែម​ថា​៖ «​ទិវា​រត់​កម្សាន្ត និង​ដំណើរ​​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​​សហការ​រវាង​ក្រសួង​ទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ព្រម​ជាមួយ​​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ និង​ភាគី​ថៃ​ ហើយ​កម្មវិធី​តម្រូវ​​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន​ថៃ​រស់​ក្នុង​ស្រុក​ជាប់​ស្រុក​អន្លង់វែង និង​មាន​វត្តមាន​ជន​បរទេស​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​​បញ្ហា​ជំងឺ​កូវីដ ​១៩ ​នេះ​ ​ទើប​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​មួយ​នេះ ​ មិន​អាច​ដំណើរការ​បាន»​។​


អគ្គលេខាធិការ NOCC រូប​នេះ បាន​បញ្ជាក់​​ថា​៖ «​ដំណើរ​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​នេះ រៀបចំ​​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​​ឱ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ស្រុក​អន្លង់វែង ដែល​ជា​ទីតាំង​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​​នៅ​កម្ពុជា​ ហើយ​ព្រឹត្តិការណ៍​មួយ​នេះ ​ក៏​ធ្វើ​ឡើង​ ដើម្បី​អបអរ​ខួប​នៃ​ការ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​បន្ទាប់​ពី​បញ្ចប់​សកម្មភាព​ពួក​ខ្មែរ​ក្រហម​​ឆ្នាំ ​១៩៩៨​ ផង​ដែរ»។


លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ ​«មិន​តែ​ប៉ុណ្ណោះ ​តាមរយៈ​កម្មវិធី​នេះ ​ជា​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​-​ថៃ និង​បង្កើត​ឱ្យ​មាន​​ភាព​អ៊ូអរ​ក្នុង​តំបន់ ​ដែល​ធ្លាប់​​រ៉ាំរ៉ៃ​ ដោយ​សង្គ្រាម​ស៊ីវិល​មួយ​នេះ​ឱ្យ​ក្លាយ​ជា​តំបន់​សន្តិភាព​ទេសចរណ៍​ និង​កីឡា​មហាជន ​ខណៈ​ដែល​​ប្រជាពលរដ្ឋ​ប្រមាណ ​៧០ ​ទៅ ​៨០ ភាគរយ ​ក្នុងស្រុក​អន្លង់​វែង​ជា​អតីត​កម្មាភិបាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​»​៕