ភ្នំពេញ៖ ការ​សោកស្តាយ និងអារម្មណ៍​ដ៏​រំជើប​រំជួលរបស់​អ្នក​គាំទ្រជាង​ ៥ ម៉ឺននាក់ សុទ្ធតែ​ត្រូវ​បាន​​បង្ហាញ​ចេញមក នៅ​ពេល​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រុមជម្រើសជាតិ​បារ៉ែន ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​ជុំទី ​២ ប្រចាំ​ពូល​ C នៃ​ពាន​រង្វាន់ FIFA World Cup Qatar 2022 នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃអង្គារម្សិល​មិញ។


គ្រាប់បាល់ពិឃាដ​​របស់​ក្រុម​បារ៉ែន​ ដែល​ស៊ុតទម្លុះ​សំណាញ់​ទី​ក្រុម​ក្រុមម្ចាស់​ផ្ទះ​កម្ពុជា​​​​ដោយ​ខ្សែ​បម្រើ​ពាក់លេខ​ ១៩ Komail Hasan Alaswad នៅ​នាទីទី​ ៧៨​ បាន​ធ្វើ​ឲ្យ​ការព្យាយាម​លេង​បាន​យ៉ាង​ល្អ ប្រាកដ​ដោយភាព​ក្លាហាន និង​​ឆន្ទៈ​របស់​កម្ពុជា ត្រូវបាន​​បាត់​បង់​ ហើយការ​បរាជ័យ​ទាំងមិនអស់​ចិត្តនេះ បាន​ធ្វើ​ឲ្យសមាជិក​ក្រុម​កម្ពុជា​ភាគ​ច្រើន ​បង្ហាញ​​ការ​អស់​សង្ឃឹម នៅ​ក្រោយការ​ប្រកួតបានបញ្ចប់។

ប៉ុន្តែ​ការចាញ់ត្រឹម ១-០ នេះ វា​មិន​បាន​សម្លាប់ទឹក​ចិត្តអ្នក​គាំ​ទ្រ​ចំនួន ​៥៥ ០០០ នាក់ ដែល​បាន​ចូល​រួមទស្សនា​ផ្ទាល់​នោះ​ទេ ព្រោះ​ពួកគេ​មិន​បាន​ដើរចេញ​ពី​កីឡដ្ឋាន​ជាតិ​ភ្លាមៗ​នោះ​ទេ។ នៅ​ពេល​ដែល​ក្រុម​កម្ពុជា បាននាំ​គ្នា​ដើរជុំវិញ​ទីលាន ដើម្បីសម្តែងការស្វាគមន៍ដល់​អ្នក​គាំ​ទ្រ​នោះ គឺ​អ្នក​គាំ​ទ្រ​ស្ទើរ​តែ​ទាំង​អស់ បាន​នាំ​គ្នា​ស្រែកហ៊ោ និងទះដៃ លើក​ទឹកចិត្ត​ដល់​ក្រុម​កម្ពុជា ហើយ​ក៏មាន​អ្នក​ខ្លះ​បាន​សម្រក់ទឹក​ភ្នែក ដោយ​លែង​មានការ​អៀនខ្មាស​ផងដែរ។



ទឹក​ភ្នែក​របស់​អ្នកគាំ​ទ្រ​ទាំងនេះ មិនមែន​មាន​ន័យ​ថា ពួកគេ​អន់​ចិត្ត និង​សោក​ស្តាយ​ទៅ​លើ​លទ្ធ​ផល​ចាញ់​ក្រុមបារ៉ែននោះ​ទេ ប៉ុន្តែការ​រំជួល​ចិត្តរហូត​ដល់​ស្រក់ទឹក​ភ្នែក ដោយមិន​ដឹកខ្លួននេះ ដោយសារ​ពួកគេ​រំភើប​ខ្លាំង​ពេក សប្បាយ​ខ្លាំង​ពេក និង​ភ្ញាក់​ផ្អើល​ខ្លាំងពេក នៅ​ពេល​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុមកម្ពុជា ហើយនេះជា​អ្វី​ដែល​ពួក​គេ​បាន​ទន្ទឹង​រង់ចាំ​យូរ​ណាស់​មក​ហើយ។


ជាមួយ​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​ទាំងនេះ ​វាជា​សញ្ញា​ដ៏វិជ្ជមាន ដែល​បង្ហាញ​ថា កម្លាំង​របស់​អ្នក​គាំ​ទ្រ​កម្ពុជាបាន​រស់​ឡើងវិញ​ហើយ បន្ទាប់​ពី​ហ្វូង​អ្នក​ទស្សនា​ដ៏​ធំ​នេះ បាន​រសាត់​អណ្តែត ជាចំណែកៗ នៅ​ពេល​ដែល​ពួកគេ​អស់សង្ឃឹមទៅនឹង​ទម្រង់លេង ដែល​មិន​មាន​​អ្វី​ប្លែករបស់​ក្រុមជម្រើសជាតិ​កម្ពុជា ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំ​មកនេះ ខណៈ​​ឆ្នាំ ​២០១៥ និងឆ្នាំ​ ២០១៦ ជាឆ្នាំ​ដែល​បំបែក​ប្រវត្តិសាស្រ្ត​ថ្មី​របស់​ក្រុម​កម្ពុជា ដែល​មាន​អ្នកចូល​រួមទស្សនា​ផ្ទាល់​ច្រើន​បំផុត ចាប់​ពី ​៤ ម៉ឺន​នាក់ ដល់​ជិត ​៦ ម៉ឺន​នាក់។

នៅ​ក្នុង​ពេលវេលា​ដ៏រំភើប​នេះ អ្នក​ចាត់ការ​ទៅក្រុម​ជម្រើសជាតិកម្ពុជា Kiesuke Honda បាន​និយាយ​ក្រើន​រំឭកដោយសំឡេង​មុតមាំ ទៅកាន់​​​ក្រុម​កម្ពុជា ដែល​បង្ហាញទឹក​មុខ​មិនសប្បាយ​ចិត្ត ក្រោយ​ពេល​ប្រកួត​ចាញ់​ក្រុម​បារ៉ែន ថា៖ ​«​យើង​លេង​បាន​ល្អ​ហើយ យើង​គួរ​សប្បាយ​ចិត្ត និង​មាន​​មោទនភាព​ចំពោះ​​ខ្លួន​ឯង ហើយ​​យើង​​​ត្រូវតែ​​អរគុណ​ដល់​​អ្នក​គាំទ្រ។ យើង​ជា​ក្ដី​ស្រមៃ​របស់​ពួក​គាត់ ហើយ​យើង​មិន​ត្រូវ​ដើរ​ឱន​មុខ​នោះ​ទេ គឺ​យើង​​ត្រូវ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង»។

តាម​រយៈ​ការ​ចាញ់ក្រុម​បារ៉ែន ១-០ ទាំង​មិនអស់​ចិត្ត បន្ថែម​ទៅ​លើការស្មើ​​ក្រុម​ហុងកុង ១-១ ក្នុងការប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃទី​ ៥ ខែ កញ្ញា កន្លងមកនេះ បាន​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា ​ធ្លាក់ទៅ​ឈរ​នៅ​លេខ​ ៤ លើ​ក្រុម​ហុងកុង ដែលបានចាញ់ក្រុមអ៊ីរ៉ង់ ២-០ កាលពី​យប់​ថ្ងៃ​អង្គារនោះ​ដែរ ខណៈ​ក្រុម​បារ៉ែន ឡើងទៅ​ឈរ​នៅ​លេខ​ ១​ ប្រចាំ​ពូល​ C នេះ ជា​បណ្តោះ​អាសន្ន មាន​ ៤ ពិន្ទុ និងតាមពី​ក្រោយដោយ​ក្រុមអ៊ីរ៉ង់ មាន​ ៣ ពិន្ទុ និង​ក្រុម​អ៊ីរ៉ាក់ ដែល​មាន ​១ ​ពិន្ទុ​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ ទាំង​លោក Mixu Paatelainen គ្រូ​បង្វឹក​ក្រុមហុងកុង និង​លោក Helio Sousa គ្រូ​បង្វឹកក្រុមជម្រើសជាតិ​បារ៉ែន សុទ្ធ​តែ​បាន​​សរសើរពី​ទម្រង់លេង និង​​ភាព​រីក​ចម្រើន​របស់ក្រុមកម្ពុជា។

លោក Helio Sousa បាន​ថ្លែង​ក្រោយការ​ប្រកួត​ថា៖​ «កម្ពុជា គឺ​ជា​ក្រុមមួយ ដែល​ល្អ​មែន​ទែន គឺ​ជា​ក្រុម​មួយ ដែលកំពុងមានការ​អភិវឌ្ឍ ដោយពួក​គេ​បាន​ព្យាយាម​លេងបាល់ និងគ្រប់​គ្រងបាល់បានល្អ​។ តែទោះបីជា​យ៉ាង​ណា យើងព្យាយាម​​កែ​ប្រែ​ស្ថានភាព​បាន ទើប​​ទទួលបាន​ ៣ ពិន្ទុ ​ពីការ​ប្រកួតនេះ»។

ចំណែក​គ្រូ​បង្គោល លោក Felix Dalmas ដែល​បានសហការជាមួយខ្សែ​ប្រយុទ្ធ​ដ៏​ល្បីរបស់​ជប៉ុន Keisuke Honda ដើម្បី​​កែប្រែង​ទម្រង់លេង​របស់​ក្រុមកម្ពុជា ឲ្យបាន​ល្អប្រសើរ នៅពេលនេះ បាន​និយាយ​ថា៖ ​«ទោះបីជាក្រុមបារ៉ែន ​បាន​នាំ​មុខ​យើង ១ ​គ្រាប់​ក៏​ដោយ ប៉ុន្តែ​កីឡាករ​របស់យើង នៅតែ​លេងតាមរបៀប និង​គោល​ការណ៍បាល់​ទាត់​​របស់​យើង ក្នុងការ​ព្យាយាម​រក្សា​បាល់ ដែល​ធ្វើ​ឲ្យមានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង»។

គ្រូ​បង្វឹក​អាហ្សង់ទីន​រូបនេះ បាន​សរសើរ​ទៅ​ចង្វាក់​លេង​របស់​កូនក្រុម និងឆន្ទៈ​ប្រកួត​ដ៏​មោះមុត​របស់​កម្ពុជា។ លោក Fexlix បាន​បន្ថែម​ថា៖​ «ចំណុច​ល្អ​របស់​ក្រុម​យើង គឺ​លេងស៊ីចង្វាក់​គ្នា​បាន​ល្អ ចេះ​ជួយ​គ្នាទប់ស្ថាន​ភាព​ឲ្យមាន​លំនឹង ពេល​ដែលបាត់បាល់។ ទោះ​បីជា​ប៉ះជាមួយក្រុមខ្លាំង ប៉ុន្តែ​ក្រុម​យើង នៅ​តែ​លេងដោយ​ភាពក្លាហាន និង​មាន​ឆន្ទៈ​មោះមុត»។

លោក Felix មិន​បាន​បង្ហាញ​ពី​ការតូចចិត្ត ចំពោះ​ការ​មិនទាន់​រក​ឃើញការ​ឈ្នះរបស់​ក្រុម​ជម្រើសជាតិ​កម្ពុជានោះទេ។

លោក​បញ្ជាក់ថា៖ ​«ទោះ​បីជាយើង មិន​ទទួល​បាន​លទ្ធ​ផល​ល្អ ក៏​ដោយ ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​កីឡាករ​លើកនេះ គឺ​ពិតជា​អស្ចារ្យ ទាំងក្នុង​ទី​លាន និង​ក្រៅ​​ទី​លាន ហើយ​យើង​ពិតជា​អរគុណដល់​ទឹក​ចិត្ត​អ្នក​គាំ​ទ្រ​កម្ពុជា ដែល​តែងតែ​មក​គាំ​ទ្រ​ផ្ទាល់ និង​ទស្សនា​ការ​ប្រកួត​តាម​កញ្ចក់ទូរទស្សន៍ នៅគេ​ហដ្ឋាន។ ពួកគាត់​ជា​កីឡាករ​ទី ​១២ ដែលមិន​អាច​ខ្វះ​បាន ហើយ​បើសិនជា​យើង នៅ​តែ​ទទួល​បានការគាំ​ទ្រច្រើនបែបនេះ នោះ​ក្រុមកម្ពុជា នឹងកាន់តែរីកចម្រើន​ជាងនេះ»។

គួរ​បញ្ជាក់ថា កីឡាករ​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីឈ្មោះ​ជម្រើសចុង​ក្រោយទាំង​ ២៣ ​នាក់ រួមមាន សេត រ៉ស៊ីប, ទេស សម្បត្តិ របស់​​បឹងកេត រ៉ឹង ប៊ុនហៀង របស់​ក្រសួងការពារជាតិ គួច សុកុម្ភ, ស៊ូ យ៉ាទី, គួច ដានី , សុះ ស៊ូហាណា របស់ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សាវែង សំណាង, សឿត បារាំង, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់​ភ្នំពេញ​ក្រោន កីឡាករ ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល របស់​ព្រះខ័នរាជស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ របស់​វិសាខា សៀង ចន្ធា របស់​សាលា​កីឡា​បាល់​ទាត់​ជាតិបាទី និង ដាវ នីម របស់​​ក្រុម​គិរីវង់សុខសែន​ជ័យ៕