ភ្នំពេញ: ក្រុមបឹងកេត បានចាត់ទុកការយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ ក្នុងការប្រកួតបើកឆាកលីកកំពូលកម្ពុជាកាលពីយប់ថ្ងៃសៅរ៍ថាជាលទ្ធផល «ដ៏សំខាន់» ដែលកើតចេញពីការរៀបចំរបស់ក្រុម ប៉ុន្តែលោក Leonardo Vitorino បានបង្វែរជ័យជម្នះរបស់បឹងកេតថាជាសំណាង ខណៈក្រុមរបស់លោកគ្មានសំណាងក្នុងការសម្រេចជាមួយឱកាសយ៉ាងច្រើននោះ។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា៖ «ការយកឈ្នះក្រុមភ្នំពេញក្រោនលើកនេះ វាជាលទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមរបស់យើង ព្រោះយើងបានយកឈ្នះក្រុមខ្លាំងមួយនៅថ្ងៃបើករដូវកាល»។
តាមរយៈការប្រកួតនៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃសៅរ៍នោះខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor រកបានគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះភ្នំពេញក្រោន បានមុន ប៉ុន្តែខ្សែការពារ យ៉ើ សាហ្វី បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងនាំឲ្យក្រុមទាំង ២ ស្មើគ្នា ១-១ នៅតង់ទី ១។ ចំណែកនៅតង់ទី ២ ខ្សែប្រយុទ្ធអេស្ប៉ាញ Angel Carrascosa និង លី មីហ្សាន បានស៊ុតបាល់បញ្ចូលទីម្នាក់ ១ គ្រាប់ជួយឲ្យបឹងកេតនាំមុខ ៣-១ មុនពេល នៅ សុសិលា វាយបកតាមបាន ១ គ្រាប់វិញឲ្យក្រោន។
យ៉ាងណាក៏ដោយគ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Leonardo Victorino បានចាត់ទុកការប្រកួតនេះជាការប្រកួតដ៏អស្ចារ្យ ហើយថាជ័យជម្នះរបស់បឹងកេតកើតឡើងដោយសំណាង។ លោកបាននិយាយថា៖ «វាជាការប្រកួតអស្ចារ្យសម្រាប់ការប្រកួតដំបូងរបស់យើង។ ក្រុមរបស់យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងមិនមានសំណាង ឯបឹងកេតបង្កើតឱកាសតែ ៣ លើកប៉ុណ្ណោះ ហើយគេក៏រកបាន ៣ គ្រាប់ពួកគេគឺមានសំណាងជាងពួកយើង»។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo បានបន្ថែមថា៖ « ចំពោះចំណុចខ្វះខាតរបស់យើងនោះគឺយើងត្រូវតែធ្វើការឲ្យមានប្រសិទ្ធភាពច្រើនជាងនេះពោលគឺនៅពេលយើងមានឱកាសគឺយើងត្រូវតែរកគ្រាប់បាល់ឲ្យបានតែម្តង។ ជារួមការប្រកួតនេះយើងលេងបានល្អ ក្រុមយើងលេងយល់ចិត្តគ្នា ប៉ុន្តែយើងសម្រេចទីមិនច្បាស់ ឯបឹងកេតមានឱកាស ៣ លើក គេរកបាន ៣ គ្រាប់ តែយើងមានឱកាស ៤ ទៅ ៥ ដង បែរជារកបានតែ ២ គ្រាប់»។
យ៉ាងណាក៏ដោយជុំវិញការលើកឡើងរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលលោក Leonardo នេះលោក ហៅ សុជាតិ ក៏បានមើលឃើញថាកូនក្រុមរបស់លោក មានការប្រមូលអារម្មណ៍មិនបានល្អនៅដើមតង់ទី ១ ផងដែរ ប៉ុន្តែលោកថា ជ័យជម្នះលើកនេះវាកើតឡើងទៅតាមការរៀបចំរបស់ក្រុមលោកច្រើនជាងសំណាង។
លោក ហៅ សុជាតិ និយាយថា៖ «បាល់ទាត់ វាតែងតែគួបផ្សំនឹងសំណាងដែរ ប៉ុន្តែនៅមុនពេលលេងជាមួយក្រុមភ្នំពេញក្រោននេះយើងបានសិក្សាច្រើនពីគេ ហើយអ្វីដែលយើងលេង និងបានធ្វើកាលពីថ្ងៃសៅរ៍នោះគឺធ្វើទៅតាមការរៀបចំរបស់ក្រុម និងការខិតខំប្រឹងប្រែងរបស់កូនក្រុមខ្ញុំ ហើយតាមរយៈការប្រកួតនេះគឺពួកយើងធ្វើបានល្អ ៨០ ភាគរយហើយគឺនៅខ្វះចន្លោះប្រហោងនៅត្រង់តំបន់ការពារខ្លះ ដែលយើងត្រូវធ្វើការពង្រឹងបន្ថែម»។
ដោយឡែកសម្រាប់ការប្រកួតបើកឆាកកាលពីថ្ងៃសៅរ៍នោះដែរក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យបានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទីរហូតដល់ ៤-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាបានចាញ់ក្រុមចំណូលថ្មី ខេត្តកំពង់ចាម ១-០ ដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ការប្រកួតបើកឆាកលីកកំពូលកម្ពុជានេះ៕