ភ្នំពេញ៖ ​ផ្ទុយ​ពី​អ្នក​កើត​ជំងឺ​​គ្រុន​ឈីក​ផ្សេង​ទៀត ដែល​ភាគ​ច្រើន​បាន​ត្រឹម​ដេក​លើ​គ្រែ​ព្យួរ​សេរ៉ូម ដើរ​មិន​ចង់​កើត ព្រោះ​ឈឺ​ចាប់​នៅ​គ្រប់​​សន្លាក់ ឈឺ​ខ្លួន​ប្រាណ និង​អស់​កម្លាំង​នោះ កីឡាករ បឺត សង្ឃឹម បែរ​ជា​ហ៊ាន​ជំទាស់​នឹង​ការ​ផ្តល់​ដំបូន្មាន​របស់​គ្រូ​ពេទ្យ ដោយ​សម្រេច​ចិត្ត​ដោះ​សេរ៉ូម​ចេញ​ពី​ដៃ ហើយ​ឡើង​ប្រកួត​ជាមួយ យុគ យក្សផ្លែ ទាំង​ខ្លួន​កើត​ជំងឺ​នេះ ហើយ​អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ គឺ​រូប​គេ​បាន​វ៉ៃ យក្សផ្លែ ឱ្យ​លោក​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ទឹក​ទី​៤ ទាំង​មិន​គួរ​ឱ្យ​ជឿ ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។


ការ​ហ៊ាន​លះបង់​ទាំង​ដឹង​ថា ខ្លួន​វិល​មុខ​ហូប​អី​អត់​បាន គ្មាន​កម្លាំង ជាមួយ​ការ​​កើត​ជំងឺ​គ្រុន​ឈីក ដើម្បី​ប្រកួតវគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ទម្ងន់​ ៥៧ ​គីឡូក្រាម រដូវកាលទី​៥ នៃ​កម្មវិធី «កម្ពុជា​សង្វៀន​គុន​ខ្មែរ»​ ជាមួយ យុគ យក្សផ្លែ នៅ​លើ​សង្វៀន CNC កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ បាន​ក្លាយ​ជា​រឿង​ថ្មី ហើយ​ក៏​​អាច​នឹង​គ្មាន​អ្នក​ផ្សេង​ ហ៊ាន​លះ​បង់ និង​តស៊ូ​ធ្វើ​ដូច បឺត សង្ឃឹម នោះ​ដែរ។

កីឡាករ​វ័យ ​២៥ ​ឆ្នាំ បឺត សង្ឃឹម ក៏​បាន​ដឹង​ថា អ្វី​ដែល​រូប​គេ​បាន​ធ្វើ​នោះ វា​ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ផង​ដែរ ប៉ុន្តែ​​ការ​ចង់​សម្រេច​បំណង​ឈ្នះ​ខ្សែ​ក្រវាត់​ឱ្យ​បាន​ម្តង​នៅ​ក្នុង​អាជីព និង​ការ​ចង់​​បាន​ប្រាក់​រង្វាន់​ច្រើន​ពី​ការ​ប្រកួត​នេះ ដើម្បី​យក​ទៅ​​កែប្រែ​ជីវភាព​ក្នុង​គ្រួសារ វា​ជា​ចំណុច​សំខាន់ ដែល​ជំរុញ​ឱ្យ​ បឺត សង្ឃឹម ត្រូវ​តែ​ហ៊ាន​ប្តូរ​ក្នុង​ការ​ធ្វើ​រឿង​ដ៏​គ្រោះ​ថ្នាក់​មួយ​នេះ។


បឺត សង្ឃឹម ដេក​ព្យួរសេរ៉ូម ក្រោយប្រកួត​ហើយ។


បឺត សង្ឃឹម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «គ្រូ​ពេទ្យ ដែល​ដាក់​សេរ៉ូម​ឱ្យ​ខ្ញុំ គាត់​មិន​ឱ្យ​ខ្ញុំ​ទៅ​ប្រកួត​ទេ ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា អាយុ​ជីវិត វា​សំខាន់​ជាង ប៉ុន្តែ​ខ្ញុំ​សុំ​គាត់​ឱ្យ​ដោះ​សេរ៉ូម​ឱ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​ប្រកួត​ហើយ ហើយ​គាត់​ក៏​ធ្វើ​តាម​ខ្ញុំ។ ខ្ញុំ​ត្រូវ​តែ​ទៅ​ប្រកួត ប្រសើរ​​ជាង​ការ​​ដេក​ស្តាយ ព្រោះ​​ទិសដៅ​របស់​ខ្ញុំ គឺ​ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់ ហើយ​​បើ​យើង​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ក៏​យើង​បាន​ប្រាក់​មួយ​ចំនួន​យក​ទៅ​ទិញ​ដីទុក និង​បង្កើត​មុខ​​របរ​​រកស៊ី​នឹង​គេ​ផង​ដែរ ព្រោះ​ជីវភាព​គ្រួសារ​ខ្ញុំ​ពេល​នេះ វា​មិន​មាន​ទេ គឺ​បាន​ត្រឹម​​តឹកៗ»។


ទាក់ទង​ទៅ​នឹង​បញ្ហា​ជំងឺ​គ្រុន​ឈីក​នេះ អ្នក​ប្រដាល់​កូន ​១ បឺត សង្ឃឹម បាន​រៀប​រាប់​ថា៖ ​«​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​ខ្ញុំ​ហាត់​ពេល​ថ្ងៃ​ចប់ ខ្ញុំ​ទៅ​ងូត​ទឹក​ រួច​មក​ស្រាប់​តែ​ញាក់​យក​តែ​ម្តង តែ​ខ្ញុំ​មិន​ទាន់​ទៅ​ដាក់​សេរ៉ូប​ទេ ព្រោះ​ស្មាន​ថា ជា​គ្រុន​ក្តៅ​ធម្មតា ដោយ​គ្រាន់​តែ​ទិញ​ថ្នាំ​លេប ប៉ុន្តែ​ដល់​យប់ ខ្ញុំ​ដេក​ញាក់​មួយ​យប់។ ស្អែក​ឡើង ខ្ញុំ​ក្រោក​ទៅ​រត់​ទៀត​ក៏​ញាក់​ទៀត ហេតុ​នេះ​ខ្ញុំ​ក៏​បាន​ទៅ​ដាក់​សេរ៉ូម ​២ ​ប្លោក ព្រោះ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​នោះ ខ្ញុំ​ត្រូវ​ទៅ​ថ្លឹង​​គីឡូ»។

«ខ្ញុំ​ក៏​បាន​សុំ​ខាង​ប៉ុស្តិ៍ ថា​អត់​វ៉ៃ​ដែរ ប៉ុន្តែ​ខាង​ប៉ុស្តិ៍​ប្រាប់​ថា បើ​ខ្ញុំ​មិន​វ៉ៃ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​លក្ខខណ្ឌ​ប្រកួត ហើយ​ពេល​នោះ​គីឡូ​ខ្ញុំ​លើស​គេ អ៊ីចឹង​ខ្ញុំ​ក៏​ដោះ​សេរ៉ូម រត់​សម្រក ​៤ គីឡូ​ទៀត ហើយ​ក្រោយ​ពេល​ថ្លឹង​គីឡូ​រួច ខ្ញុំ​មក​ញាក់​នៅ​លើ​កង់បី​តែ​ម្តង តែ​​យប់​ឡើង ខ្ញុំ​ដាក់​សេរ៉ូម​អស់ ​៦ ប្លោក ដោយ​ដោះ​ចេញ​នៅ​ម៉ោង ​៣ យប់ ហើយ​ព្រឹក​ឡើង ខ្ញុំ​ទៅ​វ៉ៃ​តែ​ម្តង ប៉ុន្តែ​​ពេល​ប្រកួត​ហើយ ខ្ញុំ​មក​ដាក់​សេរ៉ូម​ទៀត គឺ​គិត​មក​ដល់​ពេល​នេះ​ សរុប​ទៅ​អស់​ចូល ​២០ ​ប្លោក​​​ហើយ»។

នៅ​ពេល​សួរ​ពី​ស្ថានភាព​ពេល​ប្រកួត​ជាក់ស្តែង បឺត សង្ឃឹម បាន​បញ្ជាក់​ថា៖ «ពេល​ប្រកួត ខ្ញុំ​ទន់​ដៃ​ទន់​ជើង និង​វិល​មុខ​ខ្លាំង គ្រាន់​តែ​ថា ពេល​ម៉ោង​វ៉ៃ​នោះ វា​អត់​រងា​ញាក់។ និយាយ​រួម ពេល​ប្រកួត​កម្លាំង​កាយ​អត់​មាន​ទេ មាន​តែ​កម្លាំង​ចិត្ត ព្រោះ​ទី​១ ខ្ញុំ​ស្តាយ​កម្មវិធី​ខ្សែ​ក្រវាត់ ដែល​យើង​មិន​ងាយ​បាន​លេង ទី​២ ខ្ញុំ​គិត​ថា បើ​គង់​តែ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​ដដែល ខ្ញុំ​សម្រេច​វ៉ៃ​ទាំង​ចាញ់​តែ​ម្តង​ទៅ ហើយ​ខ្ញុំ​គិត​ទៀត​ថា ​បើ​ខ្ញុំ​មិន​វ៉ៃ គឺ​ វ៉ាន់ វឿន ប្រហែល​ជា​សប្បាយ​​ចិត្ត ដោយ​គាត់​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់ ហេតុ​នេះ​ខ្ញុំ​សម្រេច​ដោះ​សេរ៉ូម​ ឡើង​វ៉ៃ​ទាំង​ឈឺ​តែ​ម្តង​ទៅ»។

តាមរយៈ​ការ​ប្រកួត​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នោះ បឺត​ សង្ឃឹម បាន​វ៉ៃ យុគ យក្សផ្លែ ឱ្យ​លោក​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៣ ​លើក និង​ឈាន​ដល់​បញ្ឈប់​ការ​ប្រកួត នៅ​ទឹក​ទី​៤ បន្ទាប់​ពី សង្ឃឹម បាន​បុក​ជង្គង់​ឱ្យ យក្សផ្លែ ដួល​ជា​លើក​ទី​៤ ​នោះ។ ​ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ បឺត សង្ឃឹម ឡើង​ទៅ​ជួប វ៉ាន់ វឿន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រចាំ​ក្រុមទី​១ ដោយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​៥ ខែ​ធ្នូ ព្រោះ វ៉ាន់ វឿន ក៏​បាន​ផ្តួល សេន កុសល ត្រឹមទឹក​ទី​៣ នៅ​ថ្ងៃ​សៅរ៍​នោះ​ដូច​គ្នា។

ជុំវិញ​ការ​ផ្តួល យុគ យក្សផ្លែ ឱ្យ​សន្លប់ ទាំង​ខ្លួន​កើត​ជំងឺ​គ្រុន​ឈីក​​នេះ បឺត សង្ឃឹម​និយាយ​ថា៖ ​«វា​ជា​អារម្មណ៍​សប្បាយ​ចិត្ត​មួយ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​គ្រប់​គ្នា​បាន​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​មិន​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​នោះ​ដែរ ដោយសារ​ទី​១ ខ្ញុំ​កំពុង​ដាក់​សេរ៉ូម ទី​២ មុន​ថ្លឹង​ទម្ងន់​ខ្ញុំ​លើស​គេ​ដល់​ជិត ៤ គ.ក្រ តែ​ខ្ញុំ​បាន​ដោះ​សេរ៉ូម រត់​សម្រក​រហូត​សល់​ត្រឹម ​៥៧ ​គ.ក្រ​ តាម​ការ​កំណត់ ព្រោះបើ​ខ្ញុំ​លើស​គេ​ តែ ​១ ខាំ ក៏​ខ្ញុំ​​ត្រូវ​ធ្លាក់​ដោយស្វ័យ​ប្រវត្តិ​ដែរ»៕