ភ្នំពេញ៖ អ្នក​ប្រដាល់​មាន​បទពិសោធ​ថ្មី​ក្នុង​រយៈពេល​ត្រឹម ៣ ឆ្នាំ ឡុង បេនលឿន របស់​ក្លិប​សាលវ័ន្ត​កីឡា ត្រូវ​បាន​ដាក់​ឱ្យ​ជួប​ជើង​ខ្លាំង​សម្បូរ​ល្បិច ផល សោភ័ណ្ឌ ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ថ្ងៃ​សុក្រ​នេះ ខណៈ​ជំនួប​ជា​លើក​ដំបូង​របស់​អ្នក​ទាំង ២ នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ផល សោភ័ណ្ឌ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ។


កីឡាករ ឡុង បេនលឿន ទោះបី​មាន​បទពិសោធ​ខ្ចី ប៉ុន្តែ​មួយរយៈ​នេះ រូប​គេ​បាន​ឈ្នះ​ជើង​ចាស់​ល្បីៗ​មួយ​ចំនួន​សឹង​រក​គូប្រកួត​មិន​បាន ហើយ​ថ្មីៗ​នេះ បេនលឿន ធ្លាប់​ឈ្នះ សេក គឹមរួន ឈ្នះ រិន សារ័ត្ន ឈ្នះ ឌុម កែវដា និង​ឈ្នះ សូត្រ ខេវិន ដែល​ចាស់​វស្សា​ជាង។ ចំណែក​ការ​ប្រកួត​លើក​នេះ ទាំង ឡុង បេនលឿន និង​គ្រូបង្វឹក​មិន​សង្ឃឹម​ច្រើន​ទេ។


លោក ឡុង សាលវ័ន្ត ជា​គ្រូ​បង្វឹក​ទទួល​ស្គាល់​ថា​ ឡុង បេនលឿន នៅ​ខ្ចី​វស្សា​ជាង ផល សោភ័ណ្ឌ មែន ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បេនលឿន ប្រកួត​ឈ្នះ​ជានិច្ច ពិសេស​ឈ្នះ​ជើង​ចាស់​ខ្លាំងៗ​មួយ​ចំនួន។ លោក សាលវ័ន្ត បាន​បន្ថែម​ថា៖ «ចំពោះ​ការ​ប្រកួត​ជាមួយ ផល សោភ័ណ្ឌ ទោះបី​វា​ចាញ់​ក៏​ទទួល​បាន​បទពិសោធ​ល្អ​ដែរ ព្រោះ​ប៉ះ​ជើង​ខ្លាំង​ពិត​ជា​ដក​ស្រង់​បាន​បច្ចេកទេស​ល្អៗ ហើយ​ការ​ប្រកួត​នេះ ខ្ញុំ​សង្ឃឹម​ត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ តែ​ធានា​ថា ចាញ់​ឬ​ឈ្នះ តឹងតែង​ណាស់ មិន​ងាយ​ស៊ីផុយ​ឡើយ»។


ចំណែក ឡុង បេនលឿន បាន​និយាយ​ថា៖ «ខ្ញុំ​ឡើង​វ៉ៃ គឺ​ធានា​អស់​ពី​សមត្ថភាព ប៉ុន្តែ​រឿង​ចាញ់ ​ឬ​ឈ្នះ មិន​ទាន់​ហ៊ាន​និយាយ​ទេ ព្រោះ ផល សោភ័ណ្ឌ ជា​កីឡករ​ជើង​ចាស់ មាន​ការ​ប្រកួត​យូរ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង ដើម្បី​ចង់​ឈ្នះ​ដែរ តែ​ខ្ញុំ​សង្ឃឹម​ឈ្នះ ៥០ ភាគរយ​ដូច​លោក​គ្រូ​ដែរ»។


ជើង​ខ្លាំង ផល សោភ័ណ្ឌ មាន​ជំនាញ​ខ្លាំង​ទាំង​ប្រដាល់​សកល និង​ប្រដាល់​គុន​ខ្មែរ ហើយ​គេ​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ មាន​ជំនាញ​កណ្តាប់​ដៃ​ល្អ និង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​បរទេស​ញឹកញាប់ ប៉ុន្តែ​មួយ​រយៈ​នេះ ផល សោភ័ណ្ឌ ទំនង​មាន​កម្លាំង​ធ្លាក់​ចុះ​បន្តិច ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​ថ្មីៗ​នេះ បាន​ចាញ់​កីឡាករ លន បញ្ញា ដោយ​សន្លប់​ក្នុង​ទឹក​ទី៣។


ទោះបី​ជា​យ៉ាងណា សម្រាប់​ជំនួប​នេះ លោក ម៉ាក សុខន គ្រូបង្វឹក ផល សោភ័ណ្ឌ ជឿជាក់​ថា ឡុង បេនលឿន មិន​ឈ្នះ​សិស្ស​របស់​គាត់​នោះ​ទេ។ លោក​និយាយ​ថា៖ «ផល សោភ័ណ្ឌ ហាត់​បាន​ល្អ ហើយ​ជំនួប​ប្រកួត​ជាមួយ ឡុង បេនលឿន លើក​នេះ ខ្ញុំ​យល់​ឃើញ​ថា មិន​ឈ្នះ​កូន​សិស្ស​ខ្ញុំ​ទេ ​ព្រោះ​បទពិសោធ​វា​ល្អ​ណាស់ ប៉ុន្តែ​វា​មាន​ចំណុច​ខ្សោយ​ផ្នែក​កម្លាំង ​រី​ឯ​បច្ចេកទេស​នៅ​តែ​ល្អ»។

គ្រូ​បង្វឹក​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ លោក ម៉ាក សុខន បាន​បន្ថែម​ថា៖ «ខ្ញុំ​និយាយ​មិន​អួត​ទេ តាម​ខ្ញុំ​គិត​មើល ខ្ញុំ​យល់​ថា ៩០ ភាគរយ គឺ ផល សោភ័ណ្ឌ នឹង​ឈ្នះ ប៉ុន្តែ​ក៏​តឹងតែង​ណាស់​ដែរ។ បើ​និយាយ​ពី​បទពិសោធ​ប្រកួត​វិញ ឡុង បេនលឿន មាន​ប្រវត្តិ​ប្រកួត​តិច​ជាង ផល សោភ័ណ្ឌ ចំនួន ៤ ដង ព្រោះ ឡុង បេនលឿន មាន​បទពិសោធ​នៅ​លើ​សង្វៀន​ប្រដាល់ ទើបតែ ៣ ឆ្នាំ​ទេ ឯ ផល សោភ័ណ្ឌ បាន​ឆ្លង​កាត់​ការ​ប្រកួត​បាន​ជាង ១០ ឆ្នាំ​មក​ហើយ»៕