ក្រុងម៉ាឌ្រីដ៖ ទោះបីជាការស្លាប់របស់ខ្សែប្រយុទ្ធដ៏ឆ្នើម Jose Antonio Reyes បានកន្លងទៅជិត ១ ឆ្នាំហើយក្ដី ប៉ុន្តែមូលហេតុពិតប្រាកដដែលធ្វើឲ្យអតីតកីឡាកររបស់ក្រុម Sevilla រូបនេះ បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ទើបតែបង្ហាញឲ្យដឹងនាពេលនេះប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍មួយ របស់ក្រុមប៉ូលិស ដែលធ្វើការស៊ើបអង្កេតអស់ជាច្រើនខែមកបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យឡានរបស់អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal មានបញ្ហារហូតបង្កើតបានជាគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកង់ក្រោយខាងឆ្វេងផ្ទុះបែក។
របាយការណ៍របស់ Civil Guard ដែលបានធ្វើការស្រាវជ្រាវចំពោះគ្រោះថ្នាក់នេះ បានឲ្យដឹងថា អតីតកីឡាកររបស់ក្រុមអធិរាជស Real Madrid ដែលស្លាប់ក្នុងវ័យ ៣៥ ឆ្នាំ ដោយសារឧប្បត្តិហេតុដ៏សែនរន្ធត់នាពេលនោះ បានបើកបរឡានម៉ាក Mercedes S 550 ក្នុងល្បឿន ១៨៧ គីឡូម៉ែត្រក្នុង ១ ម៉ោង មុននឹងកង់ឆ្វេងខាងក្រោយផ្ទុះ។
បន្ទាប់ពីមានសេចក្ដីសរុបចុងក្រោយ នៅក្នុងរបាយការណ៍ ដែលត្រូវបានផ្សាយតាមវិទ្យុ Cadena- SER រួចមក បង្ហាញឲ្យឃើញថា សេចក្ដីរាយការណ៍ចាស់ ដែលអះអាងថា Reyes បើកបរក្នុងល្បឿនលឿនរហូតដល់ទៅ ២៣៤ គីឡូម៉ែត្រក្នុង ១ ម៉ោង គឺមិនត្រឹមត្រូវទេ។
គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាលពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ នៅឯទីក្រុង Alcala de Guadaira ភាគខាងត្បូងប្រទេស អេស្ប៉ាញ ពេលនោះ មិនត្រឹមតែផ្ដាច់ជីវិតរបស់អតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញប៉ុណ្ណោះទេ តែប្អូនប្រុសជីដូនមួយរបស់គេ ២ នាក់ ដែលរួមដំណើរជាមួយគ្នា គឺ Jonathan Reyes បានស្លាប់ក្នុងសោកនាដកម្មនោះដែរ ក្នុងវ័យ ២៣ ឆ្នាំ ខណៈម្នាក់ទៀត Juan Manuel Calderon រួចជីវិត តែត្រូវភ្លើងឆេះពេញខ្លួន ៦០ ភាគរយ។
ក្រោយបញ្ចប់ពិធីបុណ្យសព ឪពុករបស់ Reyes លោក Francisco Reyes ក្នុងបទសម្ភាសជាមួយទូរទស្សន៍អនឡាញ Viva la Vida បានថ្លែងទាំងសោកសៅថា៖ «នៅពេលពួកយើងនៅស្ងាត់ៗ យើងចាប់ផ្ដើមយំទាំងអស់គ្នា។ ពួកយើងមិនអាចទប់អារម្មណ៍បានឡើយ ឲ្យតែពេលណាពួកយើងនិយាយ ពួកយើងតែងតែបង្ហូរទឹកភ្នែក។ ពួកយើងព្យាយាមមិននិយាយអ្វីឡើយ ព្រោះបើយើងនិយាយ គ្រប់គ្នាតែងនឹកឃើញរាល់ពាក្យសម្ដី និងសកម្មភាពរបស់គាត់គ្រប់យ៉ាង»។
លោកឪពុករូបនេះ បានបន្តទៀតថា៖ «ម្ដាយរបស់គេ មិនហ៊ានសូម្បីតែដើរទៅមាត់ទ្វារ។ ពួកយើងពិបាកធ្វើចិត្តណាស់។ ប្រពន្ធរបស់ខ្ញុំ ដើរពីគ្រែទៅសាឡុង ហើយត្រឡប់ពីសាឡុងមកគ្រែវិញ។ យើងពិតជាចង់ដឹងណាស់ តើកន្លែងណា ដែលអាចផ្ដល់កម្លាំងចិត្តឲ្យពួកយើងបាន»។
អតីតកីឡាករ ធ្លាប់លើកពានក្របខ័ណ្ឌ La Liga ជាមួយក្រុមអធិរាជស បានចាកចេញគ្មានថ្ងៃត្រឡប់ដោយបន្សល់ទុកឲ្យនារីម្នាក់នៅម៉េម៉ាយ និងក្មេងស្រី ២ នាក់ ព្រមទាំងក្មេងប្រុសម្នាក់ឲ្យនៅកំព្រា៕ AFP/VN