ភ្នំពេញៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ឲ្យ​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជំនាញ​ទាំងអស់​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ការងារ​នៅតាម​សង្វៀន​នានា​មក​ចុះឈ្មោះ​ចូល​រៀន​វគ្គ​ពង្រឹង​សមត្ថភាព​ក្រមសីលធម៌ និង​ការគោរព​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​អនុវត្ត​ការងារ​ឲ្យ​ទទួល​បាន​ផល​ល្អ យុត្តិធម៌​តម្លាភាព ហើយ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​នឹង​បើក​នូវ​វគ្គ​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​ចំនួន​ ២ ​លើក​គឺ​នៅ​ខេត្ត​បាត់ដំបង និង​រាជធានី​ភ្នំពេញ​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​។


លោក រាជ សុផែន អគ្គលេខាធិការរង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​ប្រធាន​អនុគណៈកម្មការ​ផ្សព្វផ្សាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​សហព័ន្ធ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​សម្រេច​បើក​វគ្គ​សិក្សា​ពង្រឹង​បច្ចេកទេស និង​ក្រមសីលធម៌​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ៥ និង​ទី​ ៦ ​ខែ​មិថុនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ហើយ​ថ្ងៃទី​ ១ និង​ទី​ ២ ខែ​មិថុនា​នឹង​បើក​មួយ​វគ្គ​ទៀត​ជូន​មន្ត្រី​បច្ចេកទេស​នៅ​សង្វៀន​ឯកភ្នំ ខេត្ត​បាត់ដំបង​។


លោក​ សុផែន បន្ថែម​ថា​សហព័ន្ធ​អញ្ជើញ​មន្ត្រី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​រួសរាន់​មក​ចុះ​ឈ្មោះ​នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​ ២០ ខែ​ឧសភា​រហូត​ដល់​ថ្ងៃទី​ ៣ ខែ​មិថុនា​ឆ្នាំ​ ២០១៩ មុន​បើក​វគ្គ​ចំនួន​ ២ ​ថ្ងៃ​។


លោក​បន្ថែម​ថា​៖ «​ដោយឡែក​មន្ត្រី​សហព័ន្ធ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សង្វៀន​ប្រដាល់​ឯកភ្នំ​ក្នុង​ខេត្ត​បាត់ដំបង​ទាំងអស់​សូម​ប្រមូលផ្តុំ​សិក្សា​វគ្គ​នេះ​នៅ​ថ្ងៃ​ទី​ ១ និង​ទី​ ២ ខែ​មិថុនា​នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​តែ​ម្តង​ដែល​មាន​គ្រូឧទ្ទេស​របស់​សហព័ន្ធ ដឹកនាំ​ដោយ​ឯកឧត្តម​ប្រធាន តែម ម៉ឺន ផ្ទាល់ ខណៈ​វគ្គ​នេះ​សហព័ន្ធ​មាន​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន ហើយ​មន្ត្រី​ណា​ដែល​មិន​បាន​មក​សិក្សា ឬ​មិន​បាន​ទទួល​វិញ្ញាបនបត្រ​គឺ​សហព័ន្ធ​មិន​ទទួល​ខុសត្រូវ​ក្នុង​ការបម្រើ​ការងារ​ជា​មន្ត្រី​របស់​សហព័ន្ធ​ទេ​គឺ​អាច​កាត់​ឈ្មោះ​ចេញ​»​។


លោក តែម ម៉ឺន អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មាន​ប្រាប់​ថា​៖ «​វគ្គ​នេះ​ទទួល​បាន​ការគាំទ្រ និង​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ជា​គម្រោង​ប្រចាំ​ឆ្នាំ​ ២០១៩ ផ្តល់​ជូន​ផ្ទាល់​សម្រាប់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​។


លោក​បន្ថែម​ថា៖ «​នៅក្នុង​ផែនការ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​សហព័ន្ធ​គ្រោង​បើក​វគ្គ​ចំនួន​ ៤ ​លើក​គឺ​ក្នុង​ខែ​មិថុនា​ចំនួន​ ២ ​វគ្គ ហើយ​វគ្គ​បណ្តុះបណ្តាល​ ២ ​វគ្គ​ទៀត​អាច​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​ដែល​មាន​ទស្សនវិស័យ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​វ័យក្មេង ពិសេស​មាន​កម្រិត​វប្បធម៌​ខ្ពស់​ដូចជា​មាន​បរិញ្ញាបត្រ និង​មាន​ចេះ​ភាសា​បរទេស ដើម្បី​សម្រួច​សមត្ថភាព​ទៅ​ស្តង់ដា​អន្តរជាតិ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​»៕