ក្រុងឡាអេ៖ ​តុលាការ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​ហ្គំប៊ី នឹង​បើក​សំណុំ​រឿង​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស ​មីយ៉ាន់ម៉ា ​នៅ​ចំពោះ​មុខ​តុលាការ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ ​ដោយ​បាន​ចោទ​ប្រទេស​ភាគ​ច្រើន​កាន់​ពុទ្ធ​សាសនា​ ពី​បទ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​របស់​ខ្លួន​។


ប្រទេស ​អាហ្វ្រិក ​​តូច​នេះ ​ដែល​ភាគ​ច្រើន​កាន់​សាសនា​មូស្លីម​ នឹង​ស្នើ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) ចេញ​បញ្ជា​បន្ទាន់​មួយ​ ដើម្បី​ការពារ​ជន​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​ ដោយ​រង់ចាំ​សេចក្តី​សម្រេច​ថា ​តើ​គួរ​ដោះស្រាយ​​សំណុ​រឿង​ដ៏​ធំ​នេះ​បែប​ណា​?​​​​​​​


សំណុំ​រឿង​របស់​ប្រទេស ​ហ្គំប៊ី ​​នៅ​ ICJ ​ចោទ​ប្រកាន់​មីយ៉ាន់ម៉ា​ពី​បទ​រំលោភ​សន្ធិសញ្ញា​ស្តីពី​អំពើ​​ប្រល័យ​ពូជសាសន៍​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ ​១៩៤៨​ តាមរយៈ​យុទ្ធនាការ​យោធា​យ៉ាង​សាហាវ​ឃោរឃៅ​​ ​​ដោយ​​យក​ជន​ភាគ​តិច​​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន​ជា​គោលដៅ​។ ​សំណុំ​រឿង​នោះ​ បាន​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ICJ​ បាន​ថ្លែង​ថា​ ខ្លួន​នឹង​ធ្វើ​សវនាការ​ជា​សាធារណៈ​នៅ​ក្នុង​សំ​ណុំ​រឿង​នេះ​​ពី​ថ្ងៃ​ទី ​១០ ​ដល់ ​១២​ ខែ​ធ្នូ។


ប្រទេស ​ហ្គំប៊ី​ បាន​និយាយ​ថា​ ខ្លួន​ដាក់​ពាក្យ​ប្តឹង​ក្នុង​នាម​ជា​អង្គការ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​អ៊ិស្លាម​មាន​​​ប្រទេស​សមាជិក​ចំនួន ​៥៧។


ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៊ឺន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ភៀស​ខ្លួន​ចូល​នៅ​ក្នុង​ជំរំ​នានា​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ក្រោយ​ពី​មាន​ការ​​បង្ក្រាប​ដោយ​យោធា​របស់​ប្រទេស ​មីយ៉ាន់ម៉ា ​នៅ​ក្នុង​ឆ្នាំ ​២០១៧៕ AFP/PSA