ភ្នំពេញ៖ ​ប្រធាន​ក្លិប​បឹងកេត អ្នកស្រី ពុធ ធីតា ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ស្រ្តី​ដំបូង​គេ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់​ទាត់​នៅ​​កម្ពុជា​នោះ បាន​ទម្លាយ​ថា អ្នកស្រី​បាន​ជួប​ការ​លំបាក​ខ្លាំង ក្នុង​ការ​ដឹកនាំ​ក្លិប​បឹងកេត ប៉ុន្តែ​ការ​មាន​​ឆន្ទៈ និង​ធ្វើ​ដោយ​បេះដូង​ពិត​ប្រាកដ ពិសេស​ការ​ស៊ូទ្រាំ​ «ស៊ី​អំបុក​ស៊ី​អំបិល​» ជាមួយ​គ្នា នៅ​ក្នុង​គ្រា​លំបាក វា​ជា​ចំណុច​សំខាន់​ជួយ​ឱ្យ​បឹងកេត អាច​ជម្នះ​នូវ​រាល់​ការ​លំបាក​ទាំង​នោះ រហូត​ឈាន​មក​ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា​ក្នុង​រដូវកាល​នេះ។​


«ការ​ដឹកនាំ​ក្លិប​មួយ​ ឱ្យ​ទទួល​បាន​ជោគជ័យ វា​មិនមែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​សំខាន់​យើង​ត្រូវ​មាន​ឆន្ទៈ គឺ​ត្រូវ​​ធ្វើ​ដោយ​ឆន្ទៈ​ពិត​ប្រាកដ ស្រឡាញ់​ពិត​ប្រាកដ ព្យាយាម​ដោយ​ពិត​ប្រាកដ នោះ​អ្វីៗ​នឹង​ទទួល​បាន​ជោគជ័យ»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រី ពុធ ធីតា ដែល​​បាន​ថ្លែង​ប្រាប់ នៅ​ក្រោយ​ពិធី​ប្រគល់​ពាន​ដល់​ក្រុម​ម្ចាស់​ជើងឯក កាល​ពី​យប់​ថ្ងៃ​ចន្ទ។


យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី ពុធ ធីតា បាន​ទម្លាយ​ថា ការ​ដឹកនាំ​ក្លិប​នៅ​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ ​១៩ គឺ​អ្នកស្រី​បាន​ជួប​ការ​លំបាក​ច្រើន។ «វិវត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវីដ ​១៩ ដូចជា​ការ​បិទ​ក្បាល​ម៉ាស៊ីន​អ៊ីចឹង គឺ​វា​សាហាវ​មែន​ទែន ព្រោះ​​យើង​មិន​បាន​ត្រៀម​ខ្លួន ក្រុមហ៊ុន​យើង ក៏​មិន​បាន​ត្រៀម ម្ល៉េះ​ហើយ​យើង​បាន​ស៊ូ ដោយ​យើង​បាន​ប្រមែ​ប្រមូល​អស់​ហើយ​នូវ​ធនធាន ដែល​មាន តែ​កីឡាករ​ក៏​បាន​យល់​ចិត្ត​យើង​ដែរ ទោះបី​យើង​មិន​បាន​ផ្តល់​ឱ្យ​ពួក​គាត់​ពេញ​លេញ»។


ប្រធាន​ក្លិប​បឹងកេត រូប​នេះ បាន​បញ្ជាក់​ថា៖​ «កីឡាករ​ស៊ូ​នៅ​ជាមួយ​យើង ស៊ីអំបុក​ស៊ីអំបិល​​ជាមួយ​គ្នា មាន​ន័យ​ថា យើង​មាន​បេះ​ដូង​ឱ្យ​គាត់ គាត់​ក៏​មាន​បេះដូង​ឱ្យ​យើង គឺ​យើង​បាន​តស៊ូ​ជាមួយ​គ្នា។ ការ​តស៊ូ​របស់​យើង បាន​ឆ្លង​កាត់​ការ​លំបាក គឺ​លំបាក​មែន​ទែន! ដូច​ថា លុយ​មិន​មាន​ច្រើន​ទេ មាន​​តែ​បេះដូង គឺ​បេះដូង ដែល​ពេញ​ទៅ​ដោយ​ការ​ស្រឡាញ់​ចំពោះ​ពួក​គាត់។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​​ស្រឡាញ់​នៅ​ក្នុង​វិស័យ​កីឡា​នេះ​ខ្លាំង ហើយ​ការ​ស្រឡាញ់​​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​យើង​មាន​ដល់​ថ្ងៃ​នេះ»។


តាមរយៈ​ការ​ប្រកាស​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​ដល់​ក្រុម​ម្ចាស់​ជើងឯក កាល​ពី​យប់​ថ្ងៃ​ចន្ទ នោះ ក្រុម​បឹងកេត បាន​ក្លាយ​ជា​ម្ចាស់​ម្ចាស់ជើង​ឯក ជាមួយ​កំណត់ត្រា​ល្អ​បំផុត គឺ​ឈ្នះ ​១២ លើក ស្មើ ​៥ មិន​បាន​ចាញ់​សោះ​ ហើយ​ក្លិប​​បឹងកេត ​ក៏​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ ដែល​​ទទួល​បាន​ប្រាក់​រង្វាន់ ១៥០ ​លាន​រៀល ក្នុង​នាម​ជា​ក្រុម​ជើងឯក​ផង​ដែរ ដោយសារ​តែ​ប្រាក់​រង្វាន់​នេះ ​ទើប​តែ​បង្កើន​នៅ​ឆ្នាំ​នេះ​ទេ ខណៈ​​ឆ្នាំ​កន្លង​មក ក្រុម​លេខ ​១ បាន​ប្រមាណ ​៦០ ​លាន​រៀល​ប៉ុណ្ណោះ។


បន្ថែម​លើ​​ការ​ឈ្នះ​ពាន​លើក​ទី​៣ ​នេះ ​លោក​ គីម ភក្តី បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ រីឯ​អ្នក​ចាំទី ហ៊ុល គីមហ៊ុយ បាន​ក្លាយ​ជា​អ្នក​ចាំទី​ល្អ ខណៈ​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ បាន​ពាន​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ ដោយ​សមាជិក​ក្រុម​បឹង​កេត ទាំង ​៣ ​នេះ បាន​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ​៣ លាន​រៀល​ដូចៗ​គ្នា។

ប៉ុន្តែ​ពាន​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Privat របស់​​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ​ហើយ​ក្រុម​ស្វាយរៀង ក៏​ជា​ក្រុម​ជើងឯក​រង ប្រចាំ​រដូវកាល​នេះ​ផង​ដែរ ដោយ​ពួក​គេ​ទទួល​បាន​​ប្រាក់​រង្វាន់​ ​៦០ លាន​រៀល រីឯ​ក្រុម​លេខ ​៣ ភ្នំពេញក្រោន បាន ​៥០ ​លាន​រៀល ខណៈ​ក្រុម Fair Play បាន​ទៅ​​ក្រុម​យុវជនបាទី ដោយ​​​បាន​​ប្រាក់​រង្វាន់ ​៨ លាន​​រៀល។

ជាមួយ​បាត់បង់​តំណែង​ជើងឯក​ ដោយ​បាន​ត្រឹម​លេខ​ ២ នៅ​រដូវកាល​នេះ ​ស្វាយរៀង​ដែល​មាន​ ៤១ ពិន្ទុ​ ស្មើ​បឹងកេត ដែរ​នោះ បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​គោរព​មួយ គឺ​ក្លិប​មួយ​នេះ បាន​ប្រកាស​ថា៖​ «ប្រាក់​រង្វាន់​ ៦០ ​លាន​រៀល ដែល​បាន​ទទួល​ពី​ការ​ប្រកួត​លីក​កំពូល​កម្ពុជា យើង​នឹង​​​បរិច្ចាគ​ទាំង​អស់ ​ជូន​ជន​រងគ្រោះ​ដោយសារ​​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត»៕