ក្រុង​ឡុងដ៍​: ប្រធាន​ក្លិបសារិកាព្រៃ Newcastle United លោក Mike Ashley បាន​ស្នើ​ឱ្យ​ខាង​អ្នក​គ្រប់​គ្រង Premier League ពិនិត្យ​ពិចារណា​ឡើង​វិញ​នូវនយោបាយ​បង់​ប្រាក់​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ (PPV) ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​រិះគន់ពី​សំណាក់​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​។


ទូរទស្សន៍ BT Sport និង Sky Sports កំពុង​ផ្សាយ​ផ្ទាល់​នូវ​រាល់​ការ​ប្រកួត​របស់​ក្រប​ខ័ណ្ឌ​ Premier League ជា​ផ្នែក​នៃ​កញ្ចប់​កម្ម​វិធី​ប្រកួត​នៅ​សល់ ដែល​នេះ ជា​វិធាន​ការ​បណ្ដោះ​អាសន្ន ដោយសារ​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​អ្នក​គាំ​ទ្រ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩​។​​


តែ​ការ​កែ​ប្រែ​នៅ​ដើម​ខែ​នេះ ក្រោម​គ្រោង​ការ​បណ្ដោះ​អាសន្ន​មួយ ដែល​ការ​ប្រកួត​មិន​ត្រូវបាន​យក​មក​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់ក្នុង​ខែ​តុលា នឹង​មាន​សម្រាប់​​ឱ្យ​ទិញ​តាម​រយៈ​កម្មវិធី PPV តែ​ប៉ុណ្ណោះ​។​


លោក Ashley បាន​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ថា​៖ «​ខ្ញុំ​កំពុង​ធ្វើ​ការ​ស្នើ​ឱ្យ​អ្នក​គ្រប់​គ្រង Premier League ចាត់​វិធាន​ការ និង​សើរើ​ឡើងវិញ​ភ្លាម​ៗ​នូវ​កិច្ច​ព្រម​ព្រៀង PPV របស់​ខ្លួន​ នា​ពេល​ថ្មី​ៗ​នេះ​ សម្រាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួតនៅ​ចក្រពភ​អង់គ្លេស​»​។


ក្នុងសេចក្ដី​ប្រកាស​របស់​លោក​បន្ត​ទៀត​ថា​៖ «​ការ​យក​ថ្លៃ ១៤,៩៥ ​ផោន (ជាង ១៩ ដុល្លារ) សម្រាប់​មើល​ ១ ប្រកួត​ ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ​ពីសំណាក់​អ្នក​គាំទ្រ​។ ទស្សនិក​ជនយ៉ាង​ច្រើន​ បាន​ច្រាន​ចោល​ការ​ស្នើ​នេះ ហើយ Premier League ត្រូវ​តែ​ចាត់​វិធាន​ការ​ឥឡូវ​នេះ​»​។​​


សមាគម​អ្នក​គាំ​ទ្រ​បាល់​ទាត់ បាន​ជំរុញ​ឱ្យ​អ្នក​គ្រប់​គ្រង​លីគ ធ្វើ​ការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​តម្លៃ​នេះ ខណៈ​អ្នក​គាំទ្រ​ខ្លះបាន​សម្រេច​ធ្វើ​ការ​បរិច្ចាគទៅ​មូល​និធិ​សប្បុរស​ធម៌​ជំនួស​វិញ ដោយ​មក​ទល់​ពេល​នេះ រៃ​អង្គាស​បាន​ថវិកា​បាន​ជាង ៣០០ ០០០​ ផោន (ជាង ៣៨០ ០០០​ ដុល្លារ​) ពី​ចំនួន ៩ ​ប្រកួត​។​

ជាមួយ​គ្នា​នេះ លោក​ប្រធានក្លិប​រូប​នេះ បាន​លើក​ជា​សំណើ​ថា តម្លៃ​គួរ​តែ​បន្ថយ​មក​ត្រឹម ៤,៩៥​ ផោន (ជាង ៦ ដុល្លារ) សម្រាប់ ១ ប្រកួត ដោយ​ការ​ដាក់​តម្លៃ​ហ្នឹង នឹង​ត្រូវ​​លើក​យក​ទៅ​ពិភាក្សា នៅ​ឯ​កិច្ច​ប្រជុំ​របស់​អ្នក​ពាក់​ព័ន្ធ​នឹង​ Premier League ទាំងអស់នៅ​ថ្ងៃ​អង្គារ។

កាល​ពី​សប្ដាហ៍​មុនក្របខ័ណ្ឌ Premier League បាន​ប្រកាស​ពី​ការ​ជ្រើស​គូប្រកួត​ផ្សាយ​បន្ត​ផ្ទាល់​សម្រាប់​ខែ​វិច្ឆិកា តែ​អត់​បាន​បញ្ជាក់​ការ​ប្រកួត​សម្រាប់​ PPV នោះ​ឡើយ ដោយ​ខាង​លីគបាន​ឱ្យ​ដឹង​ថា ការ​ជ្រើស​រើស​ការ​ប្រកួត​សម្រាប់​ផ្សាយបន្ត​ផ្ទាល់​បន្ថែម​​ទៀត​ នឹង​ត្រូវ​ប្រកាស​ប្រាប់​ក្នុង​ពេល​វេលា​សមរម្យ​ណា​មួយ​៕ AFP/VN