ក្រុងស៊ីដនី៖ ប្រធានបាល់ឱបប្រទេស អូស្ត្រាលី លោក Cameron Clyne កាលពីថ្ងៃចន្ទបានប្រកាសថា គាត់នឹងមិនឈរឈ្មោះឲ្យគេបោះឆ្នោតម្ដងទៀតនៅឆ្នាំ ២០២០ នោះទេ ក្រោយពីគាត់បានឆ្លងកាត់បញ្ហាជាច្រើននៅក្នុងអាណត្តិដឹកនាំរបស់គាត់រួចមក។
លោក Clyne ដែលជាអតីតប្រធានធនាគារជាតិអូស្ត្រាលី ហៅកាត់ថា NAB នោះ បាននិយាយថា អាណត្តិរបស់គាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ជាពេលដែលគណៈគ្រប់គ្រងកីឡានេះនឹងធ្វើកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ខ្លួនផងដែរ។
នៅក្នុងអំឡុងពេលគ្រប់គ្រងនោះ លោក Clyne បានពិនិត្យឃើញមានកាត់បន្ថយបុគ្គលិកដ៏ចម្រូងចម្រាសនៃកម្មវិធី Western Force ពីការប្រកួតលីកបាល់ឱបកំពូល Super Rugby និងមានបញ្ហាជាច្រើនសម្រាប់ជម្រើសជាតិបាល់ឱបអូស្ត្រាលី។
នៅក្នុងអាណត្តិនោះដែរ លោក Clyne បានជួយឲ្យក្រុមជម្រើសជាតិបាល់ឱបអូស្ត្រាលីឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេស ជប៉ុន និងការលាលែងពីតំណែងរបស់គ្រូបង្វឹកលោក Michael Cheika។
លោក Clyne ក៏បានធ្វើជាអធិបតីនៅក្នុងការបណ្ដេញចេញជាឯកច្ឆន្ទនៅឆ្នាំនេះចំពោះកីឡាករ Israel Folau ដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងលីកកំពូលនេះ ដោយសាររូបគេបានប្រើពាក្យសម្ដីមិនសមរម្យផងដែរ។
យ៉ាងណាក៏ដោយ លោក Clyne ក៏បានបង្ហាញពីស្នាដៃវិជ្ជមានមួយចំនួនក្រោមការដឹកនាំរបស់គាត់ជាពិសេស គឺការជួយលើកទឹកចិត្តឲ្យមានការចូលរួមរបស់នារីនៅក្នុងវិស័យកីឡានេះផងដែរ។
លោក Clyne បាននិយាយដោយសំដៅទៅរកការរិះគន់ពីក្រុមសារព័ត៌មានក្នុងស្រុកចំពោះការដឹកនាំរបស់គាត់ និងប្រធានប្រតិបត្តិលោក Raelene Castle ថា៖ «ជាអកុសល ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សព្វផ្សាយមិនល្អចំពោះខ្ញុំ»។
លោក Clyne បាននិយាយថា ទង្វើនេះបានជះឥទ្ធិពលមិនល្អដល់កិច្ចការដ៏អស្ចារ្យជាច្រើន ដែលសម្រេចបានកន្លងមក និងបន្តសម្រេចបាននៅថ្នាក់សហគមន៍រហូតដល់ថ្នាក់ជាតិតាមរយៈអ្នកស្ម័គ្រចិត្ត អ្នករដ្ឋបាល កីឡាករ គ្រូបង្វឹក និងមន្ត្រីរៀបចំការប្រកួតរបស់យើងនៅទូទាំងប្រទេស»។
ប្រធានបាល់ឱបជាតិរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនៅតែសង្ឃឹមថា ការលាឈប់របស់ខ្ញុំនេះនឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើទីលានប្រកួត និងនៅកន្លែងផ្សេងទៀតផងដែរ»៕ AFP/SN