ភ្នំពេញ៖ ប្រធាន AFC លោក Shaikh Salman និងប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ក្នុងការបង្កើតឲ្យមានការប្រកួតពានរង្វាន់ថ្មី Asean Club Championship (ACC) ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណៈព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីក្លិបឈានមុខគេចំនួន ១២ ក្នុងចំណោមសមាជិកក្លិប AFF។
សហព័ន្ធ AFF ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្លិបឈានមុខគេ ហើយ AFF ជឿជាក់ថា ACC នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍក្នុងតំបន់សម្រាប់ការប្រកួតអាជីពកម្រិតកំពូល ហើយក្លិបនីមួយៗ នឹងទទួលបានថ្លៃចូលរួមពីការប្រកួតជុំដំបូង រួមជាមួយប្រាក់រង្វាន់ ដែលចេះតែកើនឡើង ពេលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ប្រធាន AFF លោកឧត្ដមសេនីយ៍ទោ ខៀវ សាម៉េត បានថ្លែងថា៖ «យើងបានចែករំលែកផែនការរបស់យើង សម្រាប់ក្លិបជើងឯកជាមួយលោកប្រធាន Infantino និងឯកឧត្តម Shaikh Salman ហើយពួកលោកទាំង ២ នាក់ បានគាំទ្រ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពេញទំហឹងពី FIFA និង AFC»។
សហព័ន្ធ AFF បានពិភាក្សាអំពី ACC ជាមួយលោក Shaikh Salman នៅប្រទេស តាហ្ស៊ីគីស្ថាន កាលពីខែកញ្ញា មុនពេលជួបជាមួយលោក Infantino នៅទីក្រុងបាងកកថ្មីៗនេះ។ នេះជាលើកទី ២ ហើយដែល AFF បានពិភាក្សាអំពី ACC ជាមួយលោក Infantino ហើយលោក ខៀវ សាម៉េត និងប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកឧត្តមសេនីយ៍ Somyot Poompanmoung និងអគ្គលេខាធិការ AFF លោក Winston Lee បានជួបជាមួយលោក Infantino ដែលស្ថិតនៅទីក្រុងបាងកក កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីរួមគ្នាលើកកម្ពស់វិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក សាម៉េត បានបន្ថែមថា៖ «យើងបានចំណាយពេលវេលា ដើម្បីដាក់ផែនការរួមបញ្ចូលគ្នា ជាប្រវត្តិសាស្ត្រនេះ ពីព្រោះមានកត្តាជាច្រើន ដែលត្រូវពិចារណា រួមទាំងធានាថា មិនមានការប៉ះទង្គិចណាមួយ ក្នុងកាលវិភាគជាមួយលីកក្នុងស្រុក សហព័ន្ធ FIFA និងព្រឹត្តិការណ៍ AFC ឡើយ។ យើងក៏ត្រូវពិនិត្យលើបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការកំណត់ប្រ៊េន ប្រាក់រង្វាន់ និងទ្រង់ទ្រាយនៃការប្រកួតប្រជែង។ បន្ទាប់មកមានការចរចាជាមួយដៃគូពាណិជ្ជកម្មផ្សេងៗ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មុនពេលទទួលបានការយល់ព្រមពីក្រុមប្រឹក្សារបស់ AFF»។
លោកឧត្ដមសេនីយ៍ទោ សាម៉េត បានបន្តថា៖ «ផែនការរបស់ ACC ទីបំផុតត្រូវបានពិភាក្សាម្តងទៀត នៅឯកិច្ចប្រជុំក្រុមប្រឹក្សាពិសេស AFF ដែលបានជួបប្រជុំគ្នានៅទីក្រុងហូជីមិញ កាលពីសប្តាហ៍មុនជាពិសេស ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងសិទ្ធិរៀបចំ និង ACC។ ខ្ញុំសូមធ្វើការចែករំលែកថា ACC ត្រូវបានយល់ព្រមជាឯកច្ឆន្ទពីសមាគមសមាជិកទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិសេស AFF»។
ប្រធានសហព័ន្ធ AFF មានអារម្មណ៍ថា ការបង្កើត ACC នេះនឹងលើកស្ទួយស្តង់ដាក្រុមជម្រើសជាតិ និងលើកកម្ពស់មុខមាត់ក្លិប ក៏ដូចជាលីកក្នុងតំបន់ផងដែរ។ ACC ក៏នឹងជួយក្លិបនានាក្នុងការកែលម្អជំហរហិរញ្ញវត្ថុរបស់ពួកគេ លើកកម្ពស់ទេសចរណ៍កីឡា និងបង្កើនបទពិសោធបាល់ទាត់ ដែលមានអ្នកគាំទ្រចំនួន ៦៥០ លាននាក់ នៅក្នុងតំបន់របស់យើង»។
ក្រុម Port FC ដែលទើបឈ្នះពាន FA Cup អាចនឹងមានឱកាសលេងនៅព្រឹត្តិការណ៍ ACC នាឆ្នាំក្រោយ ខណៈប្រទេសមួយចំនួន រួមទាំងប្រទេស ថៃ ដែរនោះ នឹងមានសិទ្ធិដាក់ការចូលរួមចំនួន ២។ ការប្រកាសថ្មីៗរបស់ FIFA ស្តីពីការពង្រីកព្រឹត្តិការណ៍ Club World Cup នៅឆ្នាំ ២០២១ គឺជាការវិវឌ្ឍវិជ្ជមានសម្រាប់ ACC ហើយការបង្កើតឡើងនេះអាចជាការបើកផ្លូវសម្រាប់លទ្ធភាពនៃអ្នកឈ្នះពានរង្វាន់ ACC ដើម្បីទទួលបានកន្លែងមួយ នៅក្នុងជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA Club World Cup។
លោក ខៀវ សាម៉េត បានបន្ថែមថា៖ «ទស្សនវិស័យនៃការលេងនៅក្នុងការពង្រីកព្រឹត្តិការណ៍ FIFA Club World Cup នេះកំពុងតែមានភាពទាក់ទាញ ហើយវានឹងបណ្តាលឱ្យមានការវិនិយោគកាន់តែច្រើនឡើងៗ តាមរយៈលីក និងក្លិបនានា នៅក្នុងតំបន់ ដូច្នេះវានឹងរួមចំណែកដល់ការលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីបាល់ទាត់នៅអាស៊ីអាគ្នេយ៍។ នេះគឺជាពេលវេលាគួរឲ្យរំភើបចិត្ត សម្រាប់ AFF ហើយយើងកំពុងទន្ទឹងរង់ចាំការចាប់ផ្ដើមពានរង្វាន់ ACC នេះ»៕ SN