ភ្នំពេញៈ កីឡាករ ពុយ វណ្ណៈ របស់​ក្លិប​ឃ្លាំងមឿង​បាន​បង្កើន​ការប្តេជ្ញាចិត្ត ក្នុង​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ជ័យជម្នះ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ពេល​រូបគេ​ត្រូវ​ប៉ះ​ថៃ Phat Numchhuok ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នៅ​លើ​សង្វៀន SEATV នា​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ បឺត សង្ឃឹម មកពី​ក្លិប​រ៉ាហាប់ស្វាយប៉ាក​ក៏ត្រូវ​ដាក់​ឲ្យ​ប្រកួត​សងសឹក​ជាមួយ ធន់ អៀងឡៃ របស់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ​នៅ​ថ្ងៃ​នោះ​ផង​ដែរ​។


ពុយ វណ្ណៈ ដែល​ធ្វើ​ដំណើរ​មកពី​ខេត្ត​សៀមរាប​មក​ហាត់​នៅ​ក្លិប​ឃ្លាំងមឿន​កីឡា​នៅ​ភ្នំពេញ​នោះ ទើប​តែ​ចាប់​អាជីព​ប្រដាល់​បាន​ជិត​ ៣ ​ឆ្នាំ​ទេ ដោយ​គេ​ធ្លាប់​ឈ្នះ​បាន​ពាន​ចំណាត់ថ្នាក់​លេខ​ ១ ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ និង​ចំណាត់ថ្នាក់​លេខ​ ៣ នៅ​សង្វៀន​ CNC កន្លង​មក​ហើយ​កីឡាករ​វ័យ​ ២១ ​ឆ្នាំ កម្ពស់​ ១,៦៥ ​ម៉ែត្រ ពុយ វណ្ណៈ មាន​បទពិសោធ​ប្រកួត​បាន​ចំនួន​ ៦៥ ​លើក​ឈ្នះ​ ៤៧ ចាញ់​ ១៦ និង​ស្មើ​ ២ ​ដង​។


ចំណែក​ការប្រកួត​លើក​នេះ ពុយ វណ្ណៈ បាន​អះអាង​ថា​ធានា​ និង​ប្តេជ្ញា​វាយយក​ឈ្នះ​ឲ្យ​បាន ទោះបី​មិន​ទាន់​ដឹង និង​ស្គាល់​ពី​សមត្ថភាព​របស់ Phat Numchhuok ក៏ដោយ​។ វណ្ណៈ ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ឡើង​វ៉ៃ​ដឹង​តែ​សម្រុក​តែម្តង​គឺ​គ្មាន​ចេះ​បន្ធូរដៃ ឬ​លាក់​កម្លាំង​នោះ​ឡើយ​។ ខ្ញុំ​ធ្លាប់​វ៉ៃ​ជាមួយ​កីឡាករ​បរទេស​ជាង​ ២០ ​លើក​គឺ​ចាញ់​តែ​ ៣ ​លើក​ប៉ុណ្ណោះ ហើយ​លើក​នេះ ខ្ញុំ​ហាត់​បាន​ល្អ ត្រៀមកម្លាំង​ដើម្បី​ប្រកួត​យក​ឈ្នះ​ឲ្យ​បាន ដោយ​សង្ឃឹម​ឈ្នះ​ ១០០ ​ភាគរយ​»​។


ចំណែក​ដៃគូ​ប្រកួត ពុយ វណ្ណៈ Phat Numchhuok ជា​កីឡាករ​ថៃ​ចំណូល​ថ្មី ហើយ​តាម​ព័ត៌មាន​ពី​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន SEATV គឺ​លោក ញាន សុធី បាន​ឲ្យ​ដឹង​ថា​កីឡាករ​ថៃ Phat Numchhuok មាន​ប្រវត្តិ​ប្រកួត​តិចជាង ពុយ វណ្ណៈ គឺ​កីឡាករ​មាន​កម្ពស់​ ១,៦៩ ​ម៉ែត្រ​រូបនេះ​ធ្លាប់​ប្រកួត​បាន​ ៥៥ ​ដង ឈ្នះ​ ៤៦ ចាញ់​ ៨ និង​ស្មើ​ ១ ​លើក​។


លោក ថៃ អ៊ូ អ្នក​គ្រប់គ្រង​កីឡាករ​ថៃ​បាន​ប្រាប់​ថា​៖ «Phat Numchhuok មាន​ប្រៀប​ជាង​ ពុយ វណ្ណៈ ផ្នែក​កម្ពស់ និង​មាន​ស្នៀត​ជង្គង់​ល្អ ប៉ុន្តែ​ទឹកចិត្ត​ប្រកួត និង​ចូល​វាយ​សម្រុក​ខ្លាំង​វិញ គឺ ពុយ វណ្ណៈ ល្អ​ជាង​។ ទោះ​យ៉ាង​ណា​យើង​មិន​អាច​ទស្សន៍ទាយ​លទ្ធផល​មុន​ទេ ព្រោះ​សមត្ថភាព​ដែល​យើង​ផ្គូផ្គង​គឺ​មាន​ប្រៀប​ល្អ​ម្យ៉ាង​ម្នាក់ ហើយ​ការ​ចាញ់ឈ្នះ​គឺ​អាស្រ័យ​លើ​កម្លាំង និង​បច្ចេកទេស​ពេល​ប្រកួត​»​។


ចំណែក​គូប្រកួត​សងសឹក​រវាង​ បឺត សង្ឃឹម ជាមួយ ធន់ អៀងឡៃ ទោះបី​ជា​ការប្រកួត​ថ្នាក់ជាតិ ប៉ុន្តែ​មាន​ការទាញ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​មជ្ឈដ្ឋាន​អ្នក​និយម​ទស្សនា​ប្រដាល់​។ បឺត សង្ឃឹម ចាស់វស្សា​ជាង ធន់ អៀងឡៃ ប៉ុន្តែ​ក្នុង​ជំនួប​កាលពី​ប្រហែល​ ៦ ​ខែ​មុន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​ប៉ុស្តិ៍​លេខ​ ៥ បឺត សង្ឃឹម ត្រូវ​បាន អៀងឡៃ វាយ​ឲ្យ​សន្លប់​នៅ​ចុង​ទឹក​ទី​ ១​។

សម្រាប់​ជំនួប​ប្រកួត​លើក​នេះ​លោក បឺត សំខាន់ ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​បឺត សង្ឃឹម ហ្វឹកហាត់​បាន​ល្អ និង​ធានា​យក​ឈ្នះ​ឲ្យ​បាន ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ព្រោះ​មួយរយៈ​នេះ បឺត សង្ឃឹម ​ប្រកួត​ធ្លាក់ចុះ​ដោយ​បញ្ហា​ការហ្វឹកហាត់​មិន​សូវ​បាន​ល្អ ដោយ​ស្ថានភាព​គ្រួសារ​លំបាក ហើយ​ថែម​ទាំង​មាន​ធុរៈ​ឪពុក​ឈឺ​ស្លាប់ និង​ប្រពន្ធ​កូនខ្ចី​ទៀត​គឺ​ស្មុគស្មាញ​លំបាក​មែនទែន តែ​ឥឡូវ បឺត សង្ឃឹម ហាត់​បាន​ល្អ និង​មាន​ការលើក​ទឹកចិត្ត​បន្ថែម​»​។

ចំណែក បឺត សង្ឃឹម និយាយ​ថា​៖ «​ខ្ញុំ​ប្រកួត​លើក​នេះ​គឺ​មាន​ទំនុក​ចិត្តខ្លាំង​គឺ​ចង់​ឈ្នះ​ខ្លាំង​ណាស់ ប៉ុន្តែ​យុទ្ធសាស្ត្រ​ដើម្បី​ឈ្នះ ធន់ អៀងឡៃ គឺ​ខ្ញុំ​មិន​ទាន់​អាច​ប្រាប់​បាន​ទេ ចាំ​ពេល​ប្រកួត​តែ​ម្តង​»​។ ប្រភព​ពី​អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​មួយរូប​បាន​ខ្សឹប​ប្រាប់​ថា បើ បឺត សង្ឃឹម ប្រកួត​ឈ្នះ និង​មាន​កម្រិត​ល្អ​ដូច​លើក​មុនៗ រូបគេ​នឹង​ទទួល​បាន​ឱកាស​ប្រកួត​លក្ខណ​អន្តរជាតិ​ដណ្តើម​ទឹកប្រាក់​យ៉ាង​ច្រើន​៕