ភ្នំពេញ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ កាល​ពី​ថ្ងៃទី ​១២ ​ខែ មករា ​ឆ្នាំ ​២០២១​ បាន​ជួប​ជុំ​គ្នាមួយនៅ​ទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ដើម្បី​សំណេះ​សំណាល​ និង​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​គ្រូ​ព្រឹទ្ធាចារ្យ​ចាស់ៗ​ និង​សាលា​គុន​នៅ​​តាម​ខេត្ត​មួយ​ចំនួនដែល​មាន​បញ្ហា​លំ​បាក​ក្នុង​វិបត្តិ​​កូវីដ​ ១៩​។​


កិច្ច​ប្រជុំ​នោះ ត្រូវ​បាន​ធ្វើ​ឡើងក្រោម​វត្ត​មានរបស់​​ថ្នាក់​ដឹក​នាំសំខាន់ៗ​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ រួម​មាន​លោក​បណ្ឌិត​សភាចារ្យ​ ច័ន្ទ​ សារុន ជាប្រធាន​ ​លោក ​កែវ​ រ៉េមី​ ជាទីប្រឹក្សា​ជាន់​ខ្ពស់​ ​លោក ​វ៉ាត់ ​ចំរើន ​អនុ​ប្រធាន​សហព័ន្ធ ​រួម​ទាំង​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​មក​ពី​ខេត្ត ​មានខេត្ត​​តាកែវ ​សៀមរាប​ កំពង់​ឆ្នាំង ​កំពត ​រាជ​ធានី​ភ្នំពេញ​ និង​គណៈ​កម្មការ​បច្ចេកទេស​របស់​សហព័ន្ធផងដែរ​។​


ជុំវិញ​ខ្លឹម​សារ​នៃ​អង្គ​ប្រជុំ​នោះ លោក ​អ៊ូ​ តារា​ អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោកម្ពុជា​បាន​ប្រាប់​ថា​ ​ជំនួប​ក្នុង​អង្គ​ប្រជុំ​បាន​ត្រួត​ពិនិត្យ​បច្ចេកទេស ​និង​កែ​សម្រួល​បទ​បញ្ជា​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ ពិសេស​គឺ​ជា​ការ​ជួប​ជុំ ​សួរ​សុខ​ទុក្ខ ​ខណៈ​ដែល​បង​ប្អូន​គ្រូ​បង្វឹក ​និង​សាលា​គុន ​ភាគ​ច្រើន​លើស​លុប​​មាន​ផល​ប៉ះ​ពាល់​ និង​ជួប​ការ​​លំបាក​​ដោយ​សារ​​ឥទ្ធិពល​នៃ​ជំងឺ​​កូវីដ​ ១៩​។​


លោក ​អ៊ូ ​តារា បាន​​បន្ថែម​ថា៖ ​«​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ច័ន្ទ​ សារុន​ បាន​នាំ​យក​អំណោយ​មួយ​ចំនួន​របស់​សប្បុ​រសជន​ ដែល​ជា​ផលិតករ​ភាពយន្ត​ (Surviving ​Bokator) មក​ជូន​ដល់​​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ ដែល​បាន​ចូល​រួមក្នុង​ភាព​យន្ត​ឯកសារមួយនេះកន្លង​មក ដោយ​ក្នុង​​នោះ​ព្រឹទ្ធាចារ្យ​ម្នាក់​ៗ ​ទទួល​បាន​ប្រាក់​​ ២៥០​ ដុល្លារ​។​ បន្ថែម​លើនេះ យើង​ក៏​​បាននាំ​យក​សម្ភារ​ហ្វឹក​ហាត់​មួយ​ចំនួន​ទៀត​ ប្រគល់​ឲ្យ​​​សាលា​គុនល្បុក្កតោ​មួយ​ចំនួន ​ដែល​ត្រូវ​ការ​ចាំបាច់ផងដែរ​​»។


គួររំឭក​​ថា ​ភាពយន្ត​ឯកសារ ​មាន​ចំណង​ជើង​ថា​ ការ​រស់​ឡើង​វិញ​នៃ​ក្បាច់​គុន​ល្បុក្កតោ​ (SURVIVING BOKATOR​) ​ដែល​ផលិត​ដោយ​ផលិតករ​ជនជាតិ​កាណាសា លោក​ Mark​Bochsler ​និង​លោកស្រី​ Sandra Leuba ​នេះ​ បាន​ទទួល​​ជ័យជម្នះ​​ក្នុង​ព្រឹត្តិការណ៍​ដ៏​ល្បី​​លំដាប់​ពិភពលោក​ World​ FIC ​Challenge ( World Championship of Cinema​and​Television​in​sports culture)​ នៅ​ក្នុង​មហោ​ស្រព​ភាពយន្ត​មីឡាណូ​អន្តរជាតិ​ លើកទី​៣៨ ​​ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ​ដោយ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​ដោយ​សារ​តែ ​Surviving ​Bokator ​ទទួល​បានពាន​ HONOURARY​ MENTION​ ក្នុង​វិស័យ​កីឡា​ និង​សង្គម។


លោក ​វ៉ាត់ ​ចំរើន បាន​​និយាយ​ថា​៖ «​ក្នុង​អាណត្តិ​ ដែល​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ ​ច័ន្ទ ​សារុន​​ ជា​ប្រធាន​ និង​មាន​ឯក​ឧត្តម ​កែវ ​រ៉េមី​ ជាទីប្រឹក្សា​ជាន់​ខ្ពស់​ គឺសហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ តែង​តែ​គៀង​គរ​បាន​ថវិកា​ ដើម្បីជំរុញ​​សកម្មភាព​កីឡាគុន​ល្បុក្កតោ​ ដោយ​មាន​ថវិកា​ទ្រទ្រង់​បន្ថែម​ពី​លើ​ថវិកា​របស់​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា»​៕​​