ភ្នំពេញ៖ ​ក្រុម​និស្សិត​មក​ពី​ដេប៉ាតឺម៉ង់​ខុសៗ​គ្នា នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និង​កំពុង​​ប្រើប្រាស់​ទេពកោសល្យ និង​ជំនាញ​ផ្នែក​កីឡា ប្រជែង​គ្នា​នៅ​ក្នុង​ការ​​ប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រចាំ​ឆ្នាំ ​២០២០ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​សម្រាប់​លេង​តំណាង​ឲ្យ​សាកល​វិទ្យាល័យ​មួយ​នេះ ក្នុង​ព្រឹត្តិការណ៍​​ថ្នាក់​ជាតិ ឬ​ពាន​​សាកល​វិទ្យាល័យ (University Game) ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។


ទាក់ទង​នឹង​ការ​ប្រកួត​នេះ លោក សោម រតនា សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាល​ពី​ព្រឹក​​ថ្ងៃ​សៅរ៍​ថា៖ ​«សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ តែងតែ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជ្រើសរើស​យក​ជើងឯក​ប្រចាំ​​សាកល​វិទ្យាល័យ​​យើង ទៅ​ប្រកួត​ថ្នាក់ជាតិ (ពាន​សាកល​វិទ្យាល័យ) ជាមួយ​សាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត»។


ដោយ​ទទួល​បាន​ការ​​ឧបត្ថម្ភ​ថ្មី​ពី​ក្រុមហ៊ុន​ចិន​ចំនួន ​២ បន្ថែម​ទៅ​លើ​ការ​ជួយ​ជា​អចិន្ត្រៃយ៍​របស់​អគ្គិសនី​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​ការ​​​ប្រកួត​បាល់​ទាត់​ជ្រើសរើស​ជើងឯក​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ហើយ​ប្រាក់​រង្វាន់​ត្រូវ​បាន​បង្កើន​ឡើង​ទ្វេ​ដង គឺ​ក្រុម​លេខ ​១ នឹង​ទទួល​បាន ​១ ០០០ ដុល្លារ លេខ ​២ ​បាន ​៧០០ ដុល្លារ លេខ ​៣ ​បាន ​៥០០ ​ដុល្លារ និង​​ក្រុម​លេខ ​៤ បាន ​៣០០ ដុល្លារ ខណៈ​ការ​ប្រកួត​កន្លង​មក​ក្រុម​ម្ចាស់​ជើងឯក​បាន​ត្រឹម ​៥០០ ដុល្លារ​ប៉ុណ្ណោះ។


ការ​បង្កើន​ប្រាក់​រង្វាន់​នេះ ​វា​​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​មួយ​​ទៀត ទៅ​ដល់​ក្រុម​ទាំង ​២០ ដែល​មក​ពី​ដេប៉ាតឺម៉ង់​ខុសៗ​គ្នា ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​នៅ​ឆ្នាំ​នេះ ហើយ​​ក្រុម​ទាំង​ ​២០ ​នេះ ត្រូវ​បាន​ចែក​ការ​ប្រកួត​ជម្រុះ​ទៅ​តាម​ពូល​រៀងៗ​ខ្លួន ខណៈ​ព្រឹត្តិការណ៍​ដែល​មាន​ការ​ប្រកួត​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ​នេះ នឹង​ត្រូវ​ចំណាយ​ពេល ​៣ ខែ ទើប​រក​ឃើញ​ក្រុម​ម្ចាស់​ជើង​ឯក។


លោក សោម រតនា ពេល​ថ្លែង​ទៅ​កាន់​​ក្រុម​និស្សិតទាំង ​២០​ ក្រុម ក្នុង​ថ្ងៃ​បើក​ឆាក​ការ​ប្រកួត។ រូប ឈន ណន


លោក សោម រតនា បាន​បន្ត​​ថា៖ ​«​​នៅ​ឆ្នាំ​នេះ ការ​ប្រកួត​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ ហើយ​​ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​ ក៏​ទើប​តែ​ចេញ​លិខិត​បង្កាប់​ការ និង​ជំរុញ​ឲ្យ​សាកល​វិទ្យាល័យ​នីមួយៗ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀបចំ​​ការ​ប្រកួត​បាល់​ទាត់​នេះ​ផង​ដែរ ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ អ៊ីចឹង​នេះ​ជា​ឱកាស​មួយ​ទៀត ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ផង និង​ជំរុញ​ពួក​យើង​ខ្ញុំ​ផង ឲ្យ​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ពាក់ព័ន្ធ​បាល់ទាត់​នេះ ដោយ​យើង​​នឹង​​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​មុន​»។

លោក​បាន​បន្ថែម​ថា៖ ​«ការ​លេង​កីឡា​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​​មាន​សុខភាព និង​មាន​ភាព​វាង​វៃ​នោះ គឺ​ការ​លេង​កីឡា​វា​បង្កើន​ឲ្យ​មាន​នូវ​ភាព​អត់ធ្មត់​​វិន័យ និង​បង្កើត​ឲ្យ​មាន​សាមគ្គីភាព​រវាង​ក្រុម​និស្សិត​យើង ដែល​​មក​ពី​ដេប៉ាតឺម៉ង់​ខុសៗ​គ្នា។ អ៊ីចឹង​នេះ​ជា​សាមគ្គីភាព​ដ៏​ល្អ ដែល​យើង​អាច​បង្កើត​បាន លើស​ពី​បរិបទ​ត្រឹម​ថ្នាក់​រៀន។ បន្ថែម​លើ​នេះ យើង​ក៏​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​បាល់ទាត់​នារី បាល់​ទះ រត់​ប្រណាំង និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ផង​ដែរ»។

ចំណែក​តំណាង​អ្នក​ឧបត្ថម្ភ​ថ្មី ដែល​ជាជន​ជាតិ​ចិន លោក Wang Hai Tao នាយក​ផែនការ​របស់​ក្រុមហ៊ុន Morgan និង​លោក Yu Zhu (Lucas) ជា​ CEO របស់​មជ្ឈមណ្ឌល CEL Youth Job & Startup Center បាន​ចាត់​ទុក​ការ​ចូលរួម​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នេះ​ថា ជា​ការ​រួម​ចំណែក​​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ​កម្ពុជា។

លោក​ Wang Hai Tao បាន​​ថ្លែង​ថា៖ ​«​ក្រុមហ៊ុន​យើង បាន​បើក​ដំណើរការ​នៅ​​កម្ពុជា​បាន​ ​១០ ​ឆ្នាំ​ហើយ ហើយ​យើង​ក៏​ចង់​ចូលរួម​ជួយ​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ផង​ដែរ ចំណែក​ការ​សម្រេច​ចិត្ត​ចូលរួម​ឧបត្ថម្ភ​ការ​ប្រកួត​បាល់ទាត់​នេះ ដោយសារ​តែ​ភូមិន្ទ​ភ្នំពេញ​ជា​សាកល​វិទ្យាល័យ ដែល​មាន​ភាព​ល្បីល្បាញ​ជាង​គេ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ទី​នេះ និង​បាន​ឃើញ​ពី​​ភាព​ស្វាហាប់ និង​រស់រវើក​របស់​ក្រុម​និស្សិត​ចូលរួម​ទាំង​អស់ ហេតុ​នេះ​ខ្ញុំ​ជឿជាក់​ថា ពួក​គាត់​សុទ្ធ​តែ​ជា​សសរ​ទ្រូង ឬ​ទំពាំង​ស្នង​ឫស្សី​ទៅ​ថ្ងៃ​អនាគត ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស ​កម្ពុជា​»៕