ភ្នំពេញៈ អ្នកប្រដាល់មកពីជាយដែន ភួន ឡាំងកូស៊ីន មាន ការជឿជាក់ខ្លាំងថា រូបគេនឹងអាចកែប្រែកំណត់ត្រា ក្នុងការយកឈ្នះលើជើងខ្លាំងជាគូសត្រូវចាស់ រិន ដាវីត វិញនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ទម្ងន់ ៥៤ គីឡូក្រាម នៅលើសង្វៀន PNN នាថ្ងៃអាទិត្យនេះ ដើម្បីក្រសោបយកប្រាក់រង្វាន់លេខ ១ ចំនួន ៣០ លានរៀលទៅជូនអ្នកម្តាយទុកការប្រពន្ធ។
វាមិនមែនជាលើកទី ១ នោះទេ ដែលអ្នកទាំង ២ នេះបានជួបគ្នា ព្រោះ ភួន ឡាំងកូស៊ីន ធ្លាប់បានចាញ់ រិន ដាវីត ២ លើកមកហើយ ហើយការចាញ់ចុងក្រោយគឺនៅក្នុងការប្រកួតជម្រុះតាមពូល ដណ្តើមខ្សែក្រវាត់នេះតែម្តង។ តែទោះបីជាយ៉ាងណាការជួបគ្នាលើកនេះ ឡាំងកូស៊ីន អះអាងថា រូបគេមិនខ្លាច រិន ដាវីត នោះទេ ចំណែក រិន ដាវីត ក៏មិនហ៊ានមើលរំលងដៃគូម្នាក់នេះនោះដែរ ប៉ុន្តែរូបគេបានព្រលយពាក្យថា បើមានឱកាសនឹងវ៉ៃផ្តាច់ឡាំងកូស៊ីន មិនឱ្យដល់ទឹកទី ៥ នោះទេ។
កីឡាករ ភួន ឡាំងកូស៊ីន បាននិយាយថា៖ «ខ្ញុំហ្វឹកហាត់ត្រៀមពេញបាន ៣ សប្តាហ៍ហើយ ហើយមានគ្រូបង្វឹកច្រើននាក់បានជួយបង្ហាត់បង្ហាញ និងប្រាប់ពីបច្ចេកទេសដល់រូបខ្ញុំ អ៊ីចឹងឡាំងកូស៊ីនពេលនេះមិនដូច ឡាំងកូស៊ីន ពីមុននោះទេ ព្រោះលើកនេះខ្ញុំហាត់ខ្លាំងណាស់ និងមានសមត្ថភាពល្អជាងមុនឆ្ងាយ បើប្រៀបធៀបទៅនឹងការប្រកួតចាញ់ពិន្ទុ រិន ដាវីត កាលវគ្គជម្រុះក្នុងពូល»។
សិស្សគណក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យរូបនេះបានបន្ថែមថា៖ «ទោះបីជា ខ្ញុំធ្លាប់ចាញ់គាត់ ប៉ុន្តែលើកនេះ ខ្ញុំអត់បារម្ភ ហើយក៏អត់ខ្លាចគាត់នោះដែរ គឺឡើងទៅដឹងតែវ៉ៃ ព្រោះចំណុចខ្សោយដែលខ្ញុំធ្លាប់ចាញ់គាត់ គឺខ្ញុំពង្រឹងបាន ១០០ ភាគរយអស់ហើយ ហើយការប្រកួតនេះ វាសំខាន់ណាស់ចំពោះខ្ញុំ ព្រោះខ្ញុំមិនធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ ពីមុនមកនោះទេ»។
ភួន ឡាំងកូស៊ីន បានបញ្ជាក់ថា៖ «បើខ្ញុំឈ្នះបានខ្សែក្រវាត់ និងប្រាក់រង្វាន់ ៣០ លានរៀលនេះ ខ្ញុំនឹងយកទៅឱ្យអ្នកម្តាយខ្ញុំ ហើយណាមួយខ្ញុំចង់រៀបការ អ៊ីចឹងហើយទាំងឪពុកម្តាយខ្ញុំ គូដណ្តឹងខ្ញុំ និងអ្នកគាំទ្រតែងតែបាន Call និង Chat មកលើកទឹកចិត្តដល់ខ្ញុំ ដោយឱ្យខ្ញុំខំប្រឹងហាត់ និងប្រកួត ដើម្បីមុខមាត់ខ្លួនឯង និងគ្រួសារ ព្រោះនេះជាវគ្គសំខាន់។ ហេតុនេះខ្ញុំមានទំនុកចិត្តឈ្នះ ៨០ ភាគរយ និងតាំងចិត្តប្រកួតយកខ្សែក្រវាត់នេះត្រឡប់ទៅក្លិបវិញ»។
យ៉ាងណាក៏ដោយក្តីរំពឹងចង់ឈ្នះបានខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន ៣០ លានរៀល ដើម្បីបានរៀបការឆាប់ៗរបស់ ឡាំងកូស៊ីន នៅមិនទាន់ដឹងថា អាចធ្វើទៅបាន ឬយ៉ាងណានោះទេ ព្រោះការប្រកួតនេះកីឡាករជម្រើសជាតិ រិន ដាវីត បានតាំងចិត្ត ដណ្តើមឱ្យបានខ្សែក្រវាត់នេះដូចគ្នា និងចង់វ៉ៃផ្តាច់ ឡាំងកូស៊ីន មិនឱ្យដល់ទឹកទី ៥ ផងដែរ បើសិនជាមានឱកាស។
រិន ដាវីត បាននិយាយថា៖ «ទោះបីជា ខ្ញុំធ្លាប់ឈ្នះគាត់ ប៉ុន្តែការប្រកួតលើកនេះ អត់ហ៊ានមើលងាយគាត់ទេ ហើយក៏អត់ហ៊ានប្រហែសនោះដែរ គឺមានតែខំហាត់ឱ្យពេញ និងប្រកួតជាក់ស្តែងនៅលើសង្វៀន ព្រោះការប្រកួតលើកនេះ ដឹងតែលំបាកហើយ ព្រោះសុទ្ធតែខំប្រឹងហាត់ដូចគ្នា អ៊ីចឹងវាអាស្រ័យថា តើអ្នកណាមានភាពវ៉ៃឆ្លាតជាងនៅពេលប្រកួតជាក់ស្តែង?»។
ទោះយ៉ាងណា ជើងខ្លាំងវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំបានដឹងក្បាច់គាត់ច្រើន ហើយខ្សែក្រវាត់មួយហ្នឹង សំខាន់ខ្លាំងណាស់ ចំពោះខ្ញុំ អ៊ីចឹងខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឆ្ពោះទៅគ្រងខ្សែក្រវាត់នេះ ហើយខ្ញុំគិតថា បើសិនជាមានឱកាស ខ្ញុំនឹងផ្តាច់គាត់ មុនទឹកទី ៥ តែម្តង»៕