ភ្នំពេញៈ កីឡាករ​កម្ពុជា ម៉ន សាម៉េត និង អេលីត ចំរើន សុទ្ធតែ​បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​មុន​ទឹក​ទី​ ៥ នៅក្នុង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់ Khmer Inter Championship(KIC) ដើម្បី​មាន​ ៦ ​ពិន្ទុ​ស្មើគ្នា​។


ទោះបី​ជា​យ៉ាងណា ការប្រជែង​ឈរ​ក្នុង​លំដាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​នៅក្នុង​ពូល​ A ​របស់​កម្ពុជា គឺ ម៉ន សាម៉េត ឈរលើ​កំពូល​តារាង និង​តាម​ប្រកិត​ពីក្រោយ​ដោយ អេលីត ចំរើន​។ ចំណែក​ពូល​ B ​ខាង​ភាគី​ថៃ គឺ​មាន​តែ Thavat ម្នាក់​គត់ ដែល​បាន​ឈ្នះ យុគ យក្សផ្លែ ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​ ៤ ខែ​សីហា ក្នុង​លក្ខណៈ​ប្រទាញប្រទង់​គ្នា​ដែរ តែ​ ៣ ​នាក់​ទៀត​មាន Lafan, Kev Thab និង Khav krachang មិន​ទាន់​ឈ្នះ​នោះទេ​។


ស្ថានភាព​ប្រកួត​ជាក់ស្តែង​នៅ​សង្វៀន Sky One ទល់មុខ​សភាជាតិ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ កីឡាករ​ថៃ​ដែល​ធ្លាប់​ឃើញ​ការប្រកួត​កន្លងមក​ល្អ​នោះ​គឺ​លើក​នេះ​សុទ្ធតែ​ចាញ់​កីឡាករ​កម្ពុជា ដោយ​សន្លប់​ទាំង​​ ២ ​នាក់​ដោយ​ក្បាច់​ទាត់​។ ម៉ន សាម៉េត ដែល​ព្រួយបារម្ភ​មុនពេល​ប្រកួត​នោះ គឺ​ពេល​ប្រកួត​បាន​ប្រើ​ស្នៀត​ទាត់​ចូល​កណ្តៀតក្អម​ខាងស្តាំ​របស់​កីឡាករ​ថៃ Lafan បណ្តាល​ឲ្យ​ចុក​រមួល​ងើប​មិន​រួច ទោះបី​ជា​លោក​អាជ្ញាកណ្តាល សឹង្ហ សារិទ្ធ បាន​រាប់​ដល់​ ១០ ​ក៏ដោយ​។


ក្រោយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ក្នុង​ទឹក​ទី​ ៣ ​នេះ ម៉ន សាម៉េត បាន​និយាយថា​៖ «​លំបាក​ប្រកួត​ដែរ ព្រោះ​កីឡាករ​ថៃ​រូបនេះ ល្អ​កែង និង​កណ្តាប់ដៃ​លឿន ហើយ​ថែម​ទាំង​វាយ​តាមរបៀប​ទាត់​ឆ្ងាយ​ស្រង់​យក​ពិន្ទុ​។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​សម្រេចចិត្ត​ចូល​វាយ​សម្រុក​សន្ធាប់​បង្ខំ​ឲ្យ​ថៃ​នោះ​ទាល់ច្រក ហើយ​ក្នុង​នោះ​ស្នៀត​ទាត់​របស់ខ្ញុំ បាន​ទាត់​ចូល​គោលដៅ​ល្អ​យ៉ាង​ពេញ គឺ​ធ្វើឲ្យ​គេ​ចុក​រមួល​មិន​អាច​បន្ត​ការប្រកួត​បាន​»​។


ម៉ន សាម៉េត បាន​បន្ថែមថា​៖ «​សម្រាប់​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​នេះ ខ្ញុំ​សល់​ ២ ​ប្រកួត​ទៀត​ក្នុង​នោះ​ឧបសគ្គ​ធំ គឺ​ពេល​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ Khav krachang នៅ​ថ្ងៃទី​ ២៥ ខែ​សីហា ខាងមុខ ព្រោះ​គេ​ជា​កីឡាករ​ពូកែ​ស្នៀត​ទាត់ រីឯ​កីឡាករ​ថៃ Thavat នោះ ខ្ញុំ​គិត​ថា ជា​ឧបសគ្គ​មិនធំ​ទេ​ក្នុង​ការយក​ឈ្នះ​នោះ​។ ខ្ញុំ​មិន​ហ៊ាន​អួត​ទេ ទោះបី​ជា​ខ្ញុំ​បាន​ផ្តួល Lafan ក្នុង​ទឹក​ទី​ ៣ ប៉ុន្តែ​សមត្ថភាព​របស់គេ ក៏​មិន​ងាយ​យក​ឈ្នះ​ដោយ​ស្រួលៗ​ដោយ​មិន​ប្តូរ​ពិធី​នោះដែរ គឺ​ខ្ញុំ​ប្រើ​យុទ្ធសាស្ត្រ​វាយ​សន្ធាប់​ខ្លាំង ហើយ​ទទួល​បាន​ផល​ល្អ​តែម្តង​»​។


ស្រដៀង​គ្នា​នេះ​ដែរ​កីឡាករ អេលីត ចំរើន ដែល​បោះ​ជំហាន​តាម​ពីក្រោយ ម៉ន សាម៉េត ​បាន​ប្រកួត​ស្វិតស្វាញ​ចំនួន​ ៣ ​ទឹក ហើយ​ឈានចូល​ទឹក​ទី​ ៤ អេលីត ចំរើន បាន​ប្តូរ​យុទ្ធវិធី​ពី​ប្រើ​កណ្តាប់ដៃ​មក​ទាត់​ល្វែង​ក្រោម​របស់​ថៃ Kev Thab បណ្តាល​ឲ្យ​ថៃ​ម្នាក់នេះ​រងរបួស​ធ្ងន់ ដោយ​ខូច​ជើង​ស្តាំ ដួល​ដល់​ផ្ទៃ​សង្វៀន​។ អាជ្ញាកណ្តាល សួន ប៊ុនសូត្រ បញ្ឈប់​កីឡាករ​ថៃ​តែ​ម្តង​ក្រោយពេល​រាប់​ដល់​ ១០ មិន​បន្ត​ការប្រកួត​បាន​ទៀត​។

Kev Thab បាន​រងរបួស​ធ្ងន់​ត្រូវ​គ្រាហ៍​ចុះ​ពី​សង្វៀន​តែម្តង​។ លោក ថាញ់ វ៉ាឡេក ជា​គ្រូបង្វឹក​កីឡាករ​ថៃ​បាន​និយាយ​ថា​៖ «​ស្ថានភាព​របួស​ជើង​របស់ Kev Thab ធ្ងន់​ដោយ​មាន​ហើមប៉ោង​ខ្លាំង ហើយ​មិនទាន់​ដឹង​យ៉ាងណា​នៅឡើយ​ទេ សម្រាប់​ការត្រៀម​ប្រកួត​លើក​ទី​ ៣ នៅ​ ២ ​សប្តាហ៍​ទៀត​»​។ គួរ​បញ្ជាក់ថា ការប្រកួត​លើក​ទី ១ Kev Thab បាន​ចាញ់​យ៉ាងគ្រាំគ្រា​ខ្លួន​ដោយ​កណ្តាប់ដៃ និង​ជង្គង់​របស់ ម៉ន សាម៉េត ហើយ​សប្តាហ៍​នេះ​បន្ត​ចាញ់ អេលីត ចំរើន ដោយ​មាន​បញ្ហា​របួស​ជើង​ថែម​ទៀត​៕