ក្រុង ​Los Angeles: លោក Steve Ballmer ម្ចាស់​ក្លិប Los Angeles Clippers ហៅ​កាត់​ថា Clippers ដែល​​កំពុង​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​បាល់​បោះ​របស់​សហរដ្ឋអាមេរិក​ NBA បាន​ឲ្យដឹងថា ​លោក​​បាន​ឈាន​ដល់​កិច្ច​ព្រៀង​ទិញ​យក​មជ្ឈ​មណ្ឌល​កីឡា​ Los Angeles Forum ជា​ផ្លូវ​ការ​ហើយ​ ហើយ​​ការ​សម្រេច​ចិត្ត​នេះនឹង​ជួយ​កាត់​បន្ថយ​បញ្ហា ក្នុង​គម្រោង​របស់​លោក ​ដែល​មាន​បំណង​ចង់​សាង​សង់​ទីលាន​ថ្មី​សម្រាប់ក្រុម​។


លោក​ Ballmer បាន​ឲ្យ​ដឹង​ថា ​មជ្ឈមណ្ឌល​កីឡា ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង Inglewood ត្រូវ​បាន​ទិញ​ពីក្រុមហ៊ុន Madison Square Garden Company ដោយ​ក្រុម​ហ៊ុន​​ទើប​បង្កើត​ថ្មី ឈ្មោះ CAPSS LLC ដែល​ជា​ការវិនិយោគ​របស់​លោក Ballmer ផ្ទាល់ និង​លោក Dennis Wong ​អនុ​ប្រធាន​ក្លិប Clippers​។ ​


ម្ចាស់​ក្លិប​បាល់​បោះ Clippers រូប​នេះ បានបន្ត​ថា ​មជ្ឈមណ្ឌល​កីឡា The Forum ដែល​ជា​អតីតទឹក​ដី​របស់​ក្រុម Los Angeles Lakers ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ ចាប់​តាំង​ពី​ការ​ផ្លាស់ទៅ​​ Staples Center ដែល​ភាគ​ច្រើន​​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ប្រគំតន្ត្រី ហើយ​នឹង​នៅតែ​ធ្វើ​បែប​ហ្នឹង​។


ចំនួន​ទឹក​ប្រាក់ ៤០០​ លាន​ដុល្លារនៃ​ការ​ព្រម​ព្រៀង ​ដែល​អាច​នឹង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​នេះ​ នឹង​ជួយ​ដោះ​ស្រាយ​ផង​ដែរ នូវ​ការ​ប្រឈម​ផ្នែក​ច្បាប់​នានា ​​ដែល​បង្កើត​ឡើង​ដោយ MSG ប្រឆាំង​នឹង​ផែនការ​របស់​​​លោក Ballmer ក្នុង​ការ​រក​ទីលាន​ប្រកួត​​ថ្មី ​សម្រាប់​ក្រុម Clippers​។ ​


បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នេះ លោក Ballmer បាន​ប្រាប់​ថា​៖ ​«​នេះ​ជា​ពេល​វេលា​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន​ឡើយ តែ​យើង​ជឿ​លើ​អនាគត​រួម​របស់​យើង​។ យើង​ប្ដេជ្ញា​ធ្វើ​​ការ​វិនិយោគក្នុង​ក្រុង Inglewood ដែល​ការ​ធ្វើ​បែបនេះ នឹង​មាន​ផល​ល្អ​ចំពោះ​សហ​គមន៍ ​ក្រុមClippers ​និង​ចំពោះ​អ្នក​គាំ​ទ្រ​របស់​យើង​»​។

ពាក់ព័ន្ធនឹង​គម្រោង​សម្រាប់​មជ្ឈមណ្ឌល​ថ្មី​​នេះ គឺ​ត្រូវ​​ឲ្យ​មាន​កៅ​អីចំនួន ១៨០០០​ កន្លែង​ សម្រាប់​អ្នក​គាំ​ទ្រ ​ដែល​​មក​ទស្សនា​ការ​ប្រកួត​បាល់​បោះ ក្នុង​ក្រប​ខ័ណ្ឌ NBA និង​​តម្រូវ​ឲ្យ​មាន​ទី​ស្នាក់​ការ​សម្រាប់​​ក្រុម និង​មជ្ឈមណ្ឌល​សហគមន៍ផងដែរ ហើយអ្វីៗ​រងចាំ​​តែ​​ការ​អនុ​ម័ត​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ប៉ុណ្ណោះ​។

បច្ចុប្បន្នក្រុម​ Clippers កំពុង​ប្រើ​​​មជ្ឈមណ្ឌល Staples Center នៅ​ក្នុង​ក្រុង Los Angeles សម្រាប់​ការ​ប្រកួត​នានា​របស់​ខ្លួន ពោល​គឺ​រួម​ជាមួយ​ក្រុម​គូប្រជែង Los Angeles Lakers និង​ Los Angeles Kings ដែលជា​ក្រុម​​ប្រកួតហុកគី​លេង​លើ​ទឹក​កក​ ​នៃ​​ក្រប​ខ័ណ្ឌ​ NHL របស់​សហរដ្ឋ​អាមេរិក​។​

បើ​យោង​តាម​ការ​ប្រកាស​ពី​ CAPSS នេះ បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល Forum សព្វ​ថ្ងៃ នឹង​ទទួល​បាន​ការងារ​ដដែលតែ​ម្ចាស់​ថ្មី​។

ពេល​នេះ​ ក្រុម​ Clippers បាន​ឈាន​ដល់​ពាក់​កណ្ដាល​នៃ​កិច្ច​សន្យា​ជួល​ទី​លាន​​​រយៈ​ពេល​ ១០ ​ឆ្នាំ​ហើយ ពោល​គឺ​ផុត​កំណត់ នៅ​រដូវ​កាលឆ្នាំ ​២០២៣​-​២០២៤ ហើយ​​ពួក​គេនឹង​​ផ្លាស់​ទៅ​ទីលាន​ថ្មី ក្នុង​រដូវកាល ២០២៤​-​២០២៥ ​ប៉ុន្តែ​បើទោះ​បី​ជា​ ការ​សាង​សង់​​ប្រឈម​​នឹង​ការ​ពន្យា​រពេល​ម្ចាស់​មជ្ឈមណ្ឌល Forum នឹង​ផ្ដល់​ជម្រើស​មួយ​ឲ្យ​ទៅ​ខាង​ Staples Center ប្រសិន​បើ​ចាំ​បាច់​។

មិន​ថា​គ្រប់​យ៉ាង​នឹង​រួច​រាល់​តាម​ការ​គ្រោង ​ឬ​អត់​ក៏​ដោយ ក៏​ទី​បំផុត​ក្រុម Clippers មាន​ទី​លាន​ផ្ទាល់​ខ្លួន​ហើយ ដែល​វា​ជា​ជំហាន​ដ៏​សំខាន់​របស់​ម្ចាស់​ក្លិប Ballmer ដែល​មាន​បំណង​ចង់​ឲ្យ​ក្រុម​លោក​ ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ជាមួយ Lakers​៕​ ​VN