ក្រុង​ Rennes: ម្ចាស់​ជើងឯក​បារាំង​ Paris Saint-Germain (PSG) បាន​ភ្លាត់​ស្នៀត​ចាញ់​ជា​លើក​ទី​២ ​ក្នុង​ការ​ប្រកួត​លីក​នៅ​រដូវកាល​នេះ​ដោយ​ចាញ់​ក្រុម Rennes ២-១ កាល​ពី​ថ្ងៃ​អាទិត្យ​​​ក្រោម​ជំនួយ​​ពី​​កីឡាករ​អាយុ ​១៦ ​ឆ្នាំ​​ម្នាក់ ​ក្រោយ​ពី​ធ្លាប់​​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​​ French Cup កាល​ពី​ខែ​មេសា​។​


កីឡាករ​ Edinson Cavani រក​បាន ​១ ​គ្រាប់ ​​ឲ្យ​ក្រុម​ភ្ញៀវ PSG ​នៅ​ពេល​ការ​ប្រកួត​បាន​​រយៈពេល​ជិត​​ ​១៥ ​នាទី ​ក្នុង​តំបន់​ Brittanny ប្រទេស ​បារាំង ​មុន​ពេល​កីឡាករ Mbaye Niang និង​កីឡាករ​ Romain del Castillo នៃ​ក្លិប Rennes រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​វិញ​។​ ​


ក្រុម​ PSG មិន​បាន​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Neymar ចូល​លេង​ក្នុង​ការ​ប្រកួត ​៣ ​លើក ​ជាប់ៗ​គ្នា​នៅ​រដូវ​កាល​នេះ ​ខណៈ​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភព​លោក​រូប​នេះ​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប Barcelona និង Real Madrid។​


កីឡាករ​ Eduardo Camavinga អាយុ ​១៦ ​ឆ្នាំ ​បាន​ក្លាយ​ជា​តារា​នៅ​​ក្លិប Rennes ដោយសារ​រូប​គេ​​ជា​ផ្នែក​ដ៏​សំខាន់​ជួយ​​ក្រុម​នេះ​​ទទួល​​ជ័យ​ជម្នះ​​ជាមួយ​កីឡាករ​ជើង​ចាស់​​ Clement Grenier ផង​ដែរ​។​


គ្រូ​បង្វឹក​ក្លិប Rennes លោក Julien Stephan និយាយ​ថា កីឡាករ​ Camavinga ជា​កីឡាករ​ដំបូង ​នឹង​ក្មេង​ជាង​គេ​ទើប​​កើត​នៅ​ខែ ​មករា​ ឆ្នាំ ​២០០២​ ដែល​បាន​លេង​នៅ​លីក​កំពូល​ទាំង ​៥ ​នៅ​តំបន់​អឺរ៉ុប​​នោះ​ ​បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​តាំង​ពី​ចូលរួម​ការ​ប្រកួត​​ក្រុម​ដំបូង​របស់​រូប​គេ​កាល​ពី​ខែ​មេសា​។​


គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Canal+ ថា៖ «​វា​មាន​រយៈពេល​ជាង ​៦ ​ខែ ​ដែល​គាត់​បាន​នឹង​កំពុង​ហ្វឹកហាត់​ជាមួយ​កីឡាករ​អាជីព​ជា​ច្រើន​ទៀត។​ ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប​នេះ​»។​

លោក Stephan បាន​បន្ថែម​ថា៖ «​យើង​បាន​រៀបចំ​ឲ្យ​គាត់​នៅ​​ជាមួយ​កីឡាករ បុគ្គលិក និង​ក្លិប​ទាំង​មូល​ដើម្បី​ឲ្យ​គាត់​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពួក​គេ​»។​ ​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​វា​នៅ​ចុង​បញ្ចប់​នៃ​​រដូវកាល​មុន​ ហើយ​គាត់​កំពុង​បង្ហាញ​ពី​ទេពកោសល្យ​ទាំង​អស់​ដែល​យើង​គិត​ថា គាត់​មាន​នៅ​ពេល​ចាប់​ផ្ដើម​នៃ​រដូវកាល​នេះ​»។​

ខ្សែ​ការពារ​ Thiago Silva របស់​ក្លិប PSG បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​​គាត់​បាន​អស់​កម្លាំង​ក្រោយ​ពី​មាន​ការ​ចាប់​ផ្ដើម​ល្អ​តាមរយៈ​​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Cavani​ រួច​មក​។​

ខ្សែ​ការពារ​រូប​នេះ​បាន​ប្រាប់​ Canal+ ថា៖ «​យើង​បាន​ចាប់​ផ្ដើម​ល្អ​ប៉ុន្តែ​យើង​បាន​បន្ធូរ​ដៃ​បន្តិច​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​ម្ចាស់​ការ ​និង​​ចាញ់​​​ការ​ប្រកួត​នេះ​ទេ​​»។​

ខ្សែ​ការពារ Silva បន្ត​ថា៖ «​វា​មិនមែន​ជា​ក្លិប​ PSG ពិត​​ទេ​ព្រោះ​ក្រុម Rennes លេង​បាន​ល្អ​ជា​ពិសេស​ខ្សែ​ការពារ​ពួក​គេ​រឹងមាំ​ និង​​ប្រយ័ត្ន​ប្រយែង​ជាង​យើង​»។​

នេះ​ជា​ការ​បរាជ័យ​លើក​ដំបូង​តាំង​ពី​ចាប់​ផ្ដើម​រដូវកាល Ligue 1​ ​ដែល​លើក​ទី​១ ​បាន​ឈ្នះ​ក្រុម​ Nimes ៣-០ កាល​ពី​ថ្ងៃទី ​១២​ ខែ ​សីហា​ ហើយ​ឥឡូវ​ក្រុម PSG កំពុង​មាន ​៣ ​ពិន្ទុ​ និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៨​ ខណៈ​ក្រុម Rennes មាន ​៦ ​ពិន្ទុ​ និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់ទី ​២​ ក្រោម​ក្រុម​ Lyon ក្នុង​ក្របខ័ណ្ឌ​ Ligue 1៕ AFP/SN