ភ្នំពេញ៖ អ្នក​លេង​កណ្តាប់ដៃ លាភ រដ្ឋា បាន​អះអាង​ថា រូប​គេ​នឹង​វ៉ៃ ម៉ន សាម៉េត ឱ្យ​ទ្រមខ្លួន និង​យក​ឈ្នះ​ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល នៃ​វគ្គ ១៦ នាក់​ចុង​ក្រោយ នៅ​លើ​សង្វៀន​ហង្សមាស​នា​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ ម៉ន សាម៉េត មិន​បាន​បង្ហាញ​ការ​បារម្ភ​សោះ​ឡើយ​ទៅ​លើ​ជំនួប​លើក​នេះ ផ្ទុយ​ទៅ​វិញ​គេ​មាន​សង្ឃឹម​ដល់ ១០០ ភាគរយ ក្នុង​ការ​បន្ត​យក​ឈ្នះ​លើ លាភ រដ្ឋា សម្រាប់​ការ​ជួបគ្នា​ជា​ថ្មី​នេះ។


ម៉ន សាម៉េត និង លាភ រដ្ឋា ធ្លាប់​ជួប​គ្នា ៦ លើក​មក​ហើយ ក្នុង​នោះ សាម៉េត ឈ្នះ ៥ និង​ចាញ់ ១ លើក​ទេ ចំណែក​ការ​វិល​មក​ជួប​គ្នា​លើក​នេះ គឺ​ជា​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​ពូល​ A ព្រោះ ២ ប្រកួត​កន្លង​មក​នេះ ទាំង ម៉ន សាម៉េត និង លាភ រដ្ឋា សុទ្ធ​តែ​បាន​ផ្តួល​កីឡាករ​ថន ភឿត និង ព្រឿង សុជាតិ ឱ្យ​សន្លប់​ដូចគ្នា គឺ​មាន​ន័យថា អ្នក​ទាំង ២ មាន​ពិន្ទុ​គ្រប់គ្រាន់ ដើម្បី​ឆ្លង​ទៅ​វគ្គ ៨ ក្រុម ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។


យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​នេះ លាភ រដ្ឋា បាន​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់​ចាញ់ ម៉ន សាម៉េត ប៉ុន្តែ​មិន​ដែល​អស់​ចិត្ត ឬ​ខ្លាច​ញញើត​នោះ​ទេ ហើយ​ក៏​សង្ឃឹម​ថា ការ​ហ្វឹកហាត់​ពេញលេញ​របស់​ខ្ញុំ គឺ​ធានា​វ៉ៃ​ឱ្យ ម៉ន សាម៉េត ទ្រម​ខ្លួន​ម្តង និង​យក​ឈ្នះ គឺ​ខ្ញុំ​សង្ឃឹម​ឈ្នះ ៩០ ភាគរយ»។


បន្ថែម​លើ​នេះ លោក ថៃ អ៊ូ ប្រធាន​សមាគម​ប្រដាល់​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នក​មើល​ថែទាំ កីឡាករ លាភ រដ្ឋា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា៖ «លាភ រដ្ឋា ហាត់​បាន​ល្អ បំប៉ន​កម្លាំង​ល្អ គ្មាន​ប្រពន្ធ​កូន ដូច ម៉ន សាម៉េត ទេ អ៊ីចឹង​ការ​ប្រកួត​លើក​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ ៩០ ភាគរយ»។


ទោះបី​ជា​យ៉ាងណា ម៉ន សាម៉េត របស់​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា កណ្តាប់​ដៃ​របស់ លាភ រដ្ឋា ធ្ងន់ កម្លាំង​ខ្លាំង វ័យ​ក្មេង ប៉ុន្តែ​ខ្ញុំ​មាន​ល្បិច​បង្ក្រាប​គេ​បាន ព្រោះ​គេ​ធ្លាប់​ចាញ់​ខ្ញុំ ៥ លើក​ហើយ។ ខ្ញុំ​គ្មាន​ទៅ​បារម្ភ​ពី​ចាញ់​អ្វី​បន្តិច​សោះ គឺ​ព្រួយ​តែ​រឿង​ឈឺ​ខ្លួន​ប៉ុណ្ណោះ ព្រោះ​គេ​ពិត​ជា​ចេញ​ស្នៀត​ទាត់ និង​កណ្តាប់​ដៃ​ធ្ងន់ៗ​មែន ប៉ុន្តែ​ខ្ញុំ​រំពឹង​ឈ្នះ​តែ​ម្តង គឺ ១០០ ភាគរយ»។


ចំណែក​លោក និន ភិរម្យ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឱ្យ​ដឹង​ថា៖ «កម្មវិធី​ប្រកួត​នៅ​សង្វៀន​ហង្សមាស​នេះ គឺ​សម្រួច​រក​អ្នក​ឈ្នះ​លេខ ១ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ១ ម៉ឺន​ដុល្លារ ខណៈ​អ្នក​ឈ្នះ​លេខ ២ បាន​តែ ១ ពាន់​ដុល្លារ​ទេ»។ ទាក់ទង​ទៅ​នឹង​ចម្ងល់​ពី​ប្រាក់​តម្លៃ​ខ្លួន​ប្រកួត​លោក​ប្រាប់​ថា វគ្គ​ជម្រុះ​កីឡាករ​ឈ្នះ​បាន ១៥០ ដុល្លារ អ្នក​ចាញ់​បាន ១០០ ដុល្លា ហើយ​បើ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ្នក​ឈ្នះ​បាន ៣៥០ ដុល្លារ ឯ​អ្នក​ចាញ់​បាន ២៥០ ដុល្លារ។

សម្រាប់​ការ​ប្រកួត នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​មាន​ការ​ប្រកួត​ជម្រុះ​តាម​ពូល B, C និង​ពូល​ D ចំនួន ៣ គូ​ទៀត​ផង​ដែរ ដោយ​ក្នុង​នោះ ឡូញ វណ្ឌី ឈរ​នៅ​ពូល ​C ត្រូវ​ជួប សូដា លីម៉ូ រីឯ​កីឡាករ យុគ យក្សផ្លែ ឈរ​នៅ​ពូល ​B ត្រូវ​ប៉ះ បាង កាយ៉ាក ហើយ​ពូល ​D កីឡាករ គង់ ហូវ ប្រកួត​ជាមួយ រឿម វណ្ណៈ ដើម្បី​សរុប​ពិន្ទុ​រក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ឡើង​ទៅ​វគ្គ​បន្ត​ដូចគ្នា៕