ភ្នំពេញ: ការប្រកួត​លីក​កំពូល​កម្ពុជា​រដូវកាល​ថ្មី ឆ្នាំ​ ២០១៩ នឹង​ចាប់ដំណើរការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ​ហើយ​គ្រូបង្វឹក​ក្រុម​ជើងឯក​ណាហ្គាវើល និង​ជើងឯករង បឹងកេត កាលពី​ឆ្នាំ​ ២០១៨ សុទ្ធតែ​គិត​ថា​ការប្រកួត​រដូវកាល​ថ្មី​នេះ​មាន​ភាព​តានតឹង​ខ្លាំង​។


លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​៖ «​ការប្រកួត​លីក​កំពូល​នៅ​ឆ្នាំ​នេះ​នឹង​មាន​ភាព​តានតឹង​ខ្លាំង​មែនទែន ដោយសារ​ក្រុម​នីមួយៗ​មាន​កីឡាករ​បរទេស​ល្អ ហើយ​គេ​ពង្រឹង​កីឡាករ​មាន​ពិសោធ​កាន់តែ​ខ្លាំង​ខុស​ពី​ខ្ញុំ ដែល​ពង្រឹង​ខ្លាំង​ទៅ​យុវជន​»​។


គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ថា​៖ «​នៅក្នុង​ចំនួន​កីឡាករ សរុប​នៅក្នុង​ក្លិប​គឺ​យើង​មាន​កីឡា​ករចាស់ៗ​ត្រឹម​ ៣៥ ​ទៅ​ ៤០ ​ភាគរយ​ទេ ក្រៅពី​នោះ​យុវជន​ទាំងអស់ អ៊ីចឹង​ការ​ប្រជែង​យកពាន​នៅ​ឆ្នាំ​នេះ ពិតជា​មាន​ការលំបាក​ខ្លាំង ព្រោះ​ក្រុម​របស់​គេ មិន​ត្រឹម​តែ​មាន​កីឡាករ​ល្អៗ​ទេ ប៉ុន្តែ​គេ​រៀបចំ​ក្រុម​បាន​ល្អ​ទៀត​»​។


សម្រាប់​ការប្រកួត​បើក​ឆាក​នេះ ក្រុម​ណាហ្គាវើល​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​អាស៊ី​អឺរ៉ុប ហើយ​លោក មាស ចាន់ណា ក៏​មាន​ការស្រពេចស្រពិល​ដែរ ព្រោះ​លោក​ថា​ជា​ទម្លាប់​របស់​អាស៊ី​អឺរ៉ុប​តែងតែ​ធ្វើ​បាន​ល្អ​នៅ​ដើម​រដូវកាល​។ យ៉ាងណា​ក៏ដោយ​លោក ចាន់ណា ថា​ក្រុម​របស់​លោក​បាន​ត្រៀម​រួចរាល់​អស់​ហើយ ហើយ​កម្រិត​លេង​របស់​ណាហ្គា​នៅ​ឆ្នាំ​នេះ​គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ដែរ​។


ស្រដៀង​គ្នា​នេះ​ដែរ​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​លោក​បាន​ប្រាប់​កាលពី​ម្សិលមិញ​ដែរ​ថា​៖ «​ខ្ញុំ​គិត​ថា​ការប្រកួត​លីក​កំពូល​ឆ្នាំ​នេះ​អាច​នឹង​មាន​ភាព​តានតឹង​ជាង​រាល់​ដង ព្រោះ​ក្លិប​នីមួយៗ​មាន​ការរៀបចំ​ល្អ​ទាំង​រចនាសម្ព័ន្ធ និង ធនធាន​កីឡាករ ហេតុនេះ​ការប្រជែង​យក​ពាន​នៅ​ឆ្នាំ​នេះ​នឹង​មាន​ការលំបាក​ខ្លាំង​»​។


ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត​នឹង​ត្រូវ​ជួប​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ភាព​រីកចម្រើន​របស់​ក្រោន​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេស៊ីល​លោក Leonardo Vitorino ក៏​បាន​ធ្វើឲ្យ​លោក ហៅ សុជាតិ មាន​កង្វល់​ផង​ដែរ​។ លោក​និយាយ​ថា​៖ «​យើង​នៅ​មិន​ទាន់​ដឹង​ពី​សមាសភាព​កីឡាករ​ខាង​គេ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ការរៀបចំ​របស់​ក្រុម​គេ​ច្បាស់​នោះ​ទេ អ៊ីចឹង​ការប្រកួត​បើក​ឆាក​នេះ​នឹង​មាន​ភាពតានតឹង​ខ្លាំង​»​។

ជាមួយ​គ្នា​នេះ​គ្រូបង្វឹក​លោក ភា សុភ័ក្ត្រា ដែល​ត្រូវ​ដឹកនាំ​ក្រុម​ក្រសួង​ការពារ​ជាតិ (​ទ័ព​) ទៅ​ជួប​ក្រុម​អង្គរថាយហ្គឺរ​នៅ​ថ្ងៃ​បើកឆាក​នេះ​បាន​ប្រាប់​ថា​៖ «​ដោយសារ​នេះ​ជា​ការប្រកួត​ដំបូង​អ៊ីចឹង​ក្រុម​ទាំងអស់​មិន​អាច​សន្និដ្ឋាន​ពី​កម្រិត​ក្រុម​ណា​មួយ​បាន​ឡើយ ប៉ុន្តែ​ក្រុម​របស់​យើង​នឹង​លេង​បាន​ល្អ​លើ​ក្រុម​អង្គរថាយហ្គឺរ ព្រោះ​កីឡាករ​ខ្ញុំ​មាន​ការប្រឹងប្រែង​ខ្ពស់ និង​ចេះ​រៀបចំ​ខ្លួនឯង ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​លើស​ពី​ឆ្នាំ​កន្លង​ទៅ​ទាំង​វិន័យ និង​ឆន្ទៈ​»​។

គួរ​បញ្ជាក់​ថា​លីក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​នេះ​មាន​រហូត​ដល់​ ១៤ ​ក្រុម​គឺ​លើស​ពី​ឆ្នាំ​មុន​ដែល​មាន​តែ​ ១២ ​ក្រុម តែ​រូបមន្ត​ប្រកួត​នៅ​ដដែល​គឺ​ប្រកួត​វិលជុំ​ ២ ​ជើង រួច​កំណត់​យក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ម្ចាស់​ជើងឯក​តែម្តង ប៉ុន្តែ​លីក​កំពូល​ឆ្នាំ​នេះ មិន​ប្រើប្រាស់​ពហុកីឡដ្ឋាន​ជាតិ​ជា​កន្លែង​ប្រកួត​នោះ​ទេ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

- អគ្គិសនី​កម្ពុជា v ខេត្ត​កំពង់ចាម កីឡ.អគ្គិសនី​កម្ពុជា ១៥:៣០

- ភ្នំពេញ​ក្រោន v បឹងកេត កីឡដ្ឋាន RSN ១៨:០០

- គិរីវង់​សុខសែនជ័យ v សាលា​បាល់ទាត់​ជាតិ​បាទី កីឡដ្ឋាន​គិរីវង់ ១៥:៣០

៤ ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

- អាស៊ី​អឺរ៉ុប v ណាហ្គាវើល កីឡដ្ឋាន​អាស៊ី​អឺរ៉ុប ១៥:៣០

- វិសាខា v សូលទីឡូអង្គរ កីឡដ្ឋាន​វិសាខា ១៥:៣០

- ព្រះខ័ន​រាជស្វាយរៀង v ប៉ូលិស កីឡដ្ឋាន​ស្វាយរៀង ១៨:០០-ទ័ព v អង្គរថាយហ្គឺរ កីឡដ្ឋានស្តាត​ចាស់ ១៨:០០