ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ថ្មី ​លីន សេងហុង ​មក​ពី​ក្លិប​បូរីរាជសីហ៍​មាន​រិទ្ធ​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ជម្រុះ​ជាមួយ​​ជើង​ចាស់​ ឡុង ខេត្ត​ មក​ពី​ក្លិប​ខ្លារ​ខិន​មាន​រិទ្ធ​ក្នុង​ព្រឹត្តិការណ៍​ TV5 Boxing Knock Out Series នា​ថ្ងៃ​សៅរ៍​នេះ។ ​ការ​ហ៊ាន​ចូល​ប្រឡូក​​ក្នុង​ចំណោម​អ្នក​ខ្លាំង​បែប​នេះ​ដោយសារ សេងហុង មាន​ជំនឿ​ថា​ ប៉ះ​ជាមួយ​ជើង​ខ្លាំង ​ទើប​ទទួល​បទពិសោធ​ល្អ ​ហើយ​សមត្ថភាព​ និង​បច្ចេកទេស​ ព្រម​ទាំង​គោល​បំណង ​គឺ​ចង់​ប្រជែង​ក្នុង​ជំនឿ​ឈ្នះ​ដល់​ទៅ​ ​៥០ ​ភាគរយ​ផង​ដែរ​។


លោក​ ឡុង ​ស៊ីលីន​ គ្រូ​បង្វឹក​របស់​កីឡាករ ​លីន ​សេងហុង​ បាន​​ប្រាប់​​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​ទាំង​គ្រូ​បង្វឹក​ និង​កូន​សិស្ស​បាន​ឯកភាព​គ្នា​ថា​ ការ​​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​ ត្រៀម​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ដ៏​សំខាន់​នេះ​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រដាល់​ទាំង​ចាស់​ទាំង​ថ្មី ​ចូល​លេង​បាន​ ដោយ​មិន​គិត​ពី​ចាស់ ​ឬ​ថ្មី និង​ខ្លាំង ​ឬ​ខ្សោយ​នោះ​​ទេ ​សំខាន់​ទម្ងន់​ស្មើ​គ្នា និង​មាន​​ទឹក​ចិត្ត​ហ៊ាន​ចូល​ប្រកួត»​។​


លោក​ ឡុង​ ស៊ីលីន បាន​​បន្ត​ថា៖ «​ខ្ញុំ​មើល​ឃើញ​ពី​ដៃ​គូ​ គឺ​ ឡុង​ ខេត្ត​ ចាស់​វស្សា​ជាង​ល្អ​ជាង ​ប៉ុន្តែ​គេ​មាន​ចំណុច​ខ្សោយ​ ដែល​យើង​មាន​លទ្ធភាព​អាច​វាយ​តទល់​បាន​ ​ព្រោះ​ក្នុង ​៣​ ទឹក​កម្លាំង​យើង​ល្អ​ពេញ​តែ​ម្តង​។​ ចំណុច​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​​ ​ឡុង​ ខេត្ត​ មាន​ទម្ងន់​ពិត​ខ្ទង់ ​៥៧ ​ឬ​ពេល​ខ្លះ​ដល់ ​៦០ ​គីឡូក្រាម​ហេតុ​នេះ​ការ​បញ្ចុះ​ទម្ងន់​​មក​ប្រកួត​ត្រឹម ​៥៤ ​គីឡូក្រាម​ គឺ​កម្លាំង​នឹង​ធ្លាក់​ចុះ​ច្រើន​ជាង​មុន»​។


គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«ចំណុច​ទី​២ ​ការ​ប្រកួត​ត្រឹម ​៣ ​ទឹក ​លីន​ សេងហុង ​ធ្វើ​បាន​ល្អ​ណាស់​អាច​វាយ​សម្រុក​ពេញ​តែ​ម្តង ​ដែល​ជា​ឱកាស​មិន​ត្រូវ​ខកខាន​ឡើយ​ ហើយ សេងហុង មាន​​អាវុធ​ល្អ​ ពិសេស​គេ​​វាយ​ជង្គង់​បាន​គ្រប់​ស្ថានភាព ​ប៉ុន្តែ​ឱ្យ​តែ​ឆ្លង​ផុត​ជម្រុះ​វគ្គ​ទី​១ ​នេះ​ គឺ​មាន​ន័យ​ថា ​ល្អ​បាន​ឈាន​​មួយ​កម្រិត​ទៅ​ហើយ»​។


ចំណែក​ ឡុង ខេត្ត​ ជា​ខ្លា​ចាស់​ ១​ រូប​ កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​គួរ​សម ​ប៉ុន្តែ​កីឡាករ​រូប​នេះ គ្មាន​ស្នៀត​សម្លាប់​គួរ​ឱ្យ​ខ្លាច​នោះ​ទេ ​ហើយ​ក៏​មិន​ធ្លាប់​ឈ្នះ​បាន​ជើងឯក ​ឬ​ពាន​រង្វាន់​អ្វី​​នោះ​ដែរ។


លោក ​ញាន ​សុធី ​ដែល​បាន​ទៅ​ស្រង់​ប្រវត្តិ​ប្រកួត​ផ្ទាល់​របស់​កីឡាករ​ទាំង ​២ ​ថ្មីៗ​នេះ ​បាន​ឱ្យ​ដឹង​ថា​ កីឡាករ ​លីន​ សេងហុង ​មាន​កម្ពស់ ​១,៦៧ ​​ម៉ែត្រ​ ហើយ​គេ​ទើប​​ធ្លាប់​​ប្រកួត​បាន ២៥ ​ដង ​ឈ្នះ ​១៦ ចាញ់ ៧ និង​ស្មើ​ពិន្ទុ ២ ​ដង។​ ចំណែក ឡុង ខេត្ត​ គេ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​បាន​ច្រើន​រហូត​ដល់ ៨៥ ​ដង ​ឈ្នះ ៥៦​ ​ចាញ់​ ២០ និង​ស្មើ​ពិន្ទុ ៩​ ដង។​ ទោះបី​ស្ថិតិ​ប្រកួត​ខុស​គ្នា ​ប៉ុន្តែ​ លីន សេងហុង​ ប្រកាស​ថា​នឹង​ប្រជែង​យក​កៅអី​ សម្រាប់​វគ្គ​ជម្រុះ​ជុំទី​២ ឱ្យ​ទាល់​តែ​បាន​សិន​ចាំ​គិត​ត​ទៀត​។

លោក​ ញាន ​សុធី ដែល​ជា​អ្នក​ផ្គូផ្គង​កីឡាករ​ផង​នោះ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ បន្ថែម​​ថា​៖​ «ប្រសិន​​បើ​ ឡុង​ ខេត្ត ​ឈ្នះ​ លីន ​សេងហុង ​វា​ជា​រឿង​ធម្មតា​មួយ​របស់​អ្នក​ប្រដាល់​ជើង​ចាស់​ ប៉ុន្តែ​បើ​ករណី ​លីន​ សេងហុង​ ឈ្នះ​វិញ ​មាន​ន័យ​ថា ​រលក​ថ្មី​រុញ​រលក​ចាស់​ និង​កាន់​តែ​លេច​ធ្លោ​មិន​ខាន​ឡើយ»​។

ចំណែក​គូ​ឯក​ប្រចាំ​សប្តាហ៍​វិញ ​ខ្លា​ចាស់​ អ៊ុង កំសត់ ​របស់​ក្លិប​ព្រៃ​ទទឹង​កីឡា​ខេត្ត​បាត់ដំបង ត្រូវ​​ប្រកួត​ជាមួយ​ជើង​ថ្មី ​សឿន ឆ្នើម របស់​​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម​ ខណៈ​​មួយ​រយៈ​នេះ​ អ៊ុង កំសត់​ ចាញ់​ញឹក​ញាប់​ណាស់​ ​តែ សឿន ​ឆ្នើម​ ភាគ​ច្រើន​ឈ្នះ​ និង​ប្រកួត​មាន​ការ​ទាក់ទាញ​បំផុត​៕​​