ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​ជំរុញ និង​គាំទ្រ​​ឲ្យ​មាន​​ការ​ប្រកួត​ប្រដាល់​​ឡើង​វិញ នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​លក្ខណៈ​​ប្រកួត​ «បិទ​ទ្វារ» មិន​ឲ្យ​មាន​គ្នា​លើស ​៣០ នាក់ តែ​មាន​ការ​ផ្សាយ​ផ្ទាល់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា​កែ​ការ​អផ្សុក និង​ដើម្បី​កុំ​ឲ្យ​ប្រទេស​​យើង​ស្ងាត់​ពេក ក្នុង​គ្រា​ដែល​​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩។


លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ​កូវីដ ១៩ នៅ​វិមាន​សន្ដិភាព​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា៖ ​«យើង​បញ្ឈប់​ក្លិប​កម្សាន្ដ​រាត្រី ខារ៉ា​អូខេ ឬ​ការ​ប្រគំ​តន្ដ្រី​តាម​ទីលាន​សាធារណៈ ប៉ុន្ដែ​យើង​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​បន្ដ​ផ្ទាល់​កម្មវិធី​ជា​ការ​ប្រគំ​​តន្ដ្រី ក៏​ដូច​ជា​ការ​ប្រកួត​កីឡា​ប្រដាល់ តែ​គេ​ហៅ​ថា​បិទ​ទ្វារ។ បិទ​ទ្វារ​ប្រកួត​ទៅ កុំ​ឲ្យ​​ប្រជាពលរដ្ឋ​យើង​អផ្សុក ព្រោះ​គាត់​ត្រូវ​ការ​មើល​គេ​សម្ដែង គេ​ប្រគំ​តន្ដ្រី តាម​ទូរទស្សន៍​នានា គេ​ត្រូវ​ការ​វ៉ៃ​បុក គឺ​មើល​ប្រដាល់​ហ្នឹង»។


គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រដាល់​នៅ​តាម​សង្វៀន​ទាំង​អស់​ត្រូវ​បាន​ផ្អាក ឬ​ពន្យារ​ការ​ប្រកួត ​២ សប្តាហ៍​មក​ហើយ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​កាល​ពី​សប្តាហ៍​មុន សង្វៀន​ប្រដាល់​នៅ​តាម​ស្ថានីយ​ចំនួន ​៥ មាន​បាយ័ន CNC អាស៊ី​អាគ្នេយ៍ PNN និង​ថោន បាន​រៀបចំ​​ផ្គូផ្គង​​កីឡាករ​សម្រាប់​ប្រកួត​រួច​អស់​ហើយ ប៉ុន្តែ​​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា សម្រេច​ឲ្យ​ផ្អាក​ការ​ប្រកួត​វិញ​ភ្លាមៗ។


ទាក់ទង​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​​សង្កត់​ធ្ងន់​ថា៖​ «តាម​ពិត​យើង​អត់​បាន​ហាម​ឃាត់​ប្រដាល់​ទេ ប៉ុន្ដែ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​គាត់​សម្រេច​ធ្វើ​អាហ្នឹង។ ក៏​ប៉ុន្ដែ​​វា​អត់​មាន​​មនុស្ស​ច្រើន​ទេ ដូច​ថា​វ៉ៃ ៥ គូ មនុស្ស ១០ នាក់ ហើយ​មុន​នឹង​វ៉ៃ អ្នក​មាន​កូវីដ គេ​មិន​ឲ្យ​ទៅ​វ៉ៃ​ទេ កុំ​ឆ្ងល់​ពេក។ អ្នក​ឲ្យ​ទឹក ពេទ្យ ចៅក្រម តែ​ប៉ុន្មាន​នាក់ យើង​ថា​ អស់​ហើយ ៣០ នាក់»។


លោក​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា៖ ​«យើង​ឲ្យ​គាត់​អង្គុយ​ឃ្លាត​ពី​គ្នា​ទៅ​ រួច​ហើយ​ផ្សាយ​បន្ដ​ផ្ទាល់​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ​គាត់​មើលពី​ផ្ទះ​ត្រឡប់​មក​វិញ កុំ​ឲ្យ​ប្រទេស​យើង​ស្ងាត់​ពេក គេ​ថា ស្ងាត់​ដូច​ចោរ​លួច​សេះ។ យើង​មិន​ទាន់​ដល់​កម្រិត​ប៉ុណ្ណឹង​ទេ តែ​យើង​មិន​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​​ប្រមូល​ផ្ដុំ ទៅ​មើល​ការ​ប្រគំ​តន្ដ្រី និង​ការ​វ៉ៃ​បុក​នោះ​ទេ​ ព្រោះ​នៅ​ប្រទេស ​ថៃ គេ​រក​ឃើញ​កន្លែង​ឆ្លង​​មេរោគ​នេះ​​ច្រើន​ជាង​គេ ចេញ​ពី​កន្លែង​វ៉ៃ​បុក​ហ្នឹង អ៊ីចឹង​យើង​ក៏​ត្រូវ​ដក​ពិសោធ​ផង​ដែរ»។


នៅ​ក្រៅ​ការ​ប្រកាស​​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ កាល​ពី​​​រសៀល​ថ្ងៃ​អង្គារ ដើម្បី​​ប្រាប់​ឲ្យ​គ្រប់​ស្ថានីយ និង​ដៃ​គូ​អភិវឌ្ឍ​ទាំង​អស់​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ឡើង​វិញ​នៅ​សប្តាហ៍​នេះ​ផង​ដែរ។

លោក ​តែម ​ម៉ឺន ​បាន​ប្រាប់​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «សហព័ន្ធ​ ​មន្ត្រី​បច្ចេកទេស និង​​កីឡាករ បាន​​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ឡើង​វិញ​ តាម​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច ​ហ៊ុន ​សែន​ ដោយ​យើង​កាត់​បន្ថយ​ចំនួន​មនុស្ស​មិន​ឲ្យ​លើស​ពី​ ៣០ នាក់ ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ ​មាន​ស្ថានីយ​ទូរទស្សន៍ CNC បាយ័ន​ និង​ថោន ​បាន​បើក​ទាន់​ក្នុង​សប្តាហ៍​នេះ​ ចំណែក​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​អាស៊ី​អាគ្នេយ៍​ និង​សង្វៀន ​PNN ​សុំ​ពេល​វេលា​ ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ ​និង​ដៃ​គូ​ពាណិជ្ជកម្ម ​និង​កីឡាករ​មួយ​ចំនួន​ទៀត ព្រោះ​​ខ្លាច​រៀបចំ​មិន​ទាន់​ពេល ​អ៊ីចឹង​យើង​នឹង​មាន​​ត្រៀម​ដំណើរការ​ជា​បន្តបន្ទាប់​ទៅ​តាម​សភាព​ជាក់​ស្តែង»​៕​