ភ្នំពេញ: សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា​បាន​ធ្វើការ​ប្រឡង​ដំឡើង​ខ្សែក្រវាត់​យក​កម្រិត​ដាន់​ទៅ​តាម​ក្រឹត្យក្រម​នៃ​ច្បាប់​របស់​សហព័ន្ធ​កីឡា​តេក្វាន់​អន្តរជាតិ​យ៉ាង​ច្បាស់លាស់ ព្រោះ​លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ បាន​បញ្ជាក់​ថា​៖ «​កីឡា​តេក្វាន់ដូ​អាយធីអែហ្វ​គ្មាន​ខ្សែក្រវាត់​កិត្តិយស​» នោះ​ទេ​។


លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា​បាន​ថ្លែង​ក្រោយ​កម្មវិធី​ប្រឡង​ដំឡើង​ខ្សែក្រវាត់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ជា​នយោបាយ​របស់​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា​គឺ​មិន​អនុញ្ញាត​ការផ្តល់​ជា​ខ្សែក្រវាត់​កិត្តិយស​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្សែ​ក្រវាត់​ដែល​ទទួល​បាន​ត្រូវ​តែ​ជា​ខ្សែក្រវាត់​ពិតប្រាកដ ហេតុនេះ​យើង​ត្រូវ​តែ​ឲ្យ​ពួកគាត់​បង្ហាញ​សមត្ថភាព​នៅក្នុង​លក្ខណៈ​ណាមួយ​។ យើង​មិន​បង្ខំ​គាត់​ទេ ព្រោះ​ថ្នាក់ដឹកនាំ​មាន​កាយសម្បទា​ប្រែប្រួល​គឺ​ចាស់​ហើយ មិន​ដូច​ក្មេង​ទេ តែ​យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​គាត់​ធ្វើ​អ្វី​មួយ​ដែរ​»​។


នៅក្នុង​ការប្រឡង​ខ្សែក្រវាត់​កាលពី​ថ្ងៃ​សុក្រ​នោះ​គឺ​មាន​ការប្រឡង​ពី​ខ្សែក្រវាត់​កម្រិត Gup ឡើង​ទៅ​ជា​កម្រិត​ ១ ​ដាន់​ចំនួន​ ១១ ​នាក់​ពី​កម្រិត​ ១ ​ដាន់​ទៅ​ ២ ​ដាន់​ចំនួន​ ១៣ ​នាក់​ដំឡើង​ពី​កម្រិត​ ២ ​ដាន់​ទៅ​ ៣ ​ដាន់​មាន​ ៦ ​នាក់​ពី​ ៣ ​ដាន់​ទៅ​ ៤ ​ដាន់​ចំនួន​ ៣ ​នាក់ និង​ពី​កម្រិត​ ៤ ​ដាន់​ទៅ​ ៥ ​ដាន់​មាន​តែ​ ១ ​នាក់​ទេ គឺ​កីឡាករ ប៉ាល់ ជីវ័ន ហើយ​នៅក្នុង​ការប្រឡង​ខ្សែក្រវាត់​នោះ​ក៏​មាន​ថ្នាក់ដឹកនាំ មាន​ងារ​ជា «​ឯកឧត្តម​» ចំនួន​ ៤ ​នាក់​ចូលរួម​ប្រឡង​ដំឡើង​ខ្សែក្រវាត់​ពី​កម្រិត​ ១ ​ដាន់ និង​ ២ ​ដាន់​ដើម្បី​យក​កម្រិត​ ២ ​ដាន់ និង​ ៣ ​ដាន់​ផង​ដែរ​។


ការប្រកួត​ធ្វើ​តេស្ត​ដល់​ថ្នាក់ដឹកនាំ​តេក្វាន់ដូ​ ITF ដើម្បី​ដំឡើង​ខ្សែក្រវាត់​ដាន់​អន្តរជាតិ​។ ណន


ជាមួយ​នឹង​ការរៀបចំ​ឲ្យ​មាន​ការប្រឡង​យក​ខ្សែក្រវាត់​កម្រិត​ដាន់​អន្តរជាតិ​នេះ លោក កែវ រ៉េមី ក៏​មាន​ទស្សនៈ​វែងឆ្ងាយ ដើម្បី​ឈាន​ទៅ​បណ្តុះបណ្តាល​ធនធាន​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​ផង​ដែរ ដើម្បី​ធ្វើឲ្យ​តេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា​កាន់តែ​មាន​ភាពកក់ក្តៅ​ក្នុង​ការប្រកួតប្រជែង​រក​មេដាយ ទាំង​ក្នុង​ការ​ប្រកួត​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​។

លោក កែវ រ៉េមី បាន​ថ្លែង​ថា​៖ «​ការរៀបចំ​ឲ្យ​ប្រឡង​ដំឡើង​ខ្សែក្រវាត់​នៅពេល​នេះ​ទី​ ១ អត្តពលិក និង​ថ្នាក់ដឹកនាំ​របស់​យើង​ទទួល​បាន​កម្រិត​ខ្សែក្រវាត់​ដាន់ វា​យូរ​សមល្មម​គ្រប់គ្រាន់ ដើម្បី​ដំឡើង​ដាន់​ដល់​គាត់​បន្ថែម​ទៀត​ហើយ ហើយ​អ្វី​ដែល​ជា​ទស្សន​វែងឆ្ងាយ​របស់​ខ្ញុំ​គឺ​ដើម្បី​អាច​បង្ហាត់បង្រៀន​បាន​នៅ​តាម​សាលា​គុន​ផ្សេងៗ​យ៉ាង​ហោចណាស់​ក៏​មាន​ ៤ ​ដាន់​ដែរ​»​។

លោក​ កែវ រ៉េមី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ផង​នោះ​បាន​បន្ថែម​ថា​៖ «​ម្យ៉ាង​ទៀត​យើង​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ចូល​ទៅ​ក្នុង​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ ហើយ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​ត្រូវ​មាន​ដាន់​ខ្ពស់ ព្រោះ​កាលណា​ថ្នាក់ដឹកនាំ​របស់​យើង​បញ្ជ្រាប​ចូល​ទៅក្នុង​រចនាសម្ព័ន្ធ​នៃ​ការដឹកនាំ​របស់​អាស៊ី អាស៊ាន និង​ពិភពលោក​ហើយ យើង​ក៏​ត្រូវការ​ដៃជើង​របស់​យើង​ជា​អាជ្ញាកណ្តាល ចៅក្រម ដើម្បី​ចូលរួម​នៅក្នុង​ការប្រកួត​ជា​លក្ខណៈ​តំបន់​អាស៊ី ឬ​ពិភពលោក​ផង​ដែរ ព្រោះ​បើ​អត់​មាន​ចៅក្រម​យើង គឺ​មាន​តែ​ចៅក្រម​គេ​នឹង​ពិបាក​ហើយ​»​។

ជាមួយ​គ្នា​នោះ​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា​ក៏​បាន​ធ្វើ​តេស្ត​ដល់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​។ លោក កែវ រ៉ាមី បាន​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើ​តេស្ត​ក្រុម​ធំ​ជម្រើស​ជាតិ​របស់​យើង ព្រោះ​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ជម្រើស​ជាតិ​ហើយ ហើយ​ស្វ័យប្រវត្តិ​ចេះ​តែ​ជាប់​បន្ត​ទៀត​ទេ អ៊ីចឹង​យើង​ត្រូវតែ​ធ្វើតេស្ត ហើយ​បើក​ផ្លូវ​ឲ្យ​អ្នក​ផ្សេង​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ​»៕