ភ្នំពេញ៖ ​បើ​ទោះបី​ជា លោក គីម ភក្តី ទើប​បាន​ដឹកនាំ​ក្រុម​បឹងកេត​ឱ្យ​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា ឆ្នាំ ​២០២០ ជាមួយ​លទ្ធផល​​ដ៏​ល្អ​បំផុត​ក្ដី ប៉ុន្តែ​គ្រូបង្វឹក​​រូប​នេះ បាន​មើល​ឃើញ​ថា ការ​ប្រកួត​រដូវកាល​ថ្មី​ឆ្នាំ ​២០២១ ខាង​មុខ​នេះ ​ក្រុម​​បឹងកេត​អាច​នឹង​ត្រូវ​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្លិប​ធំៗ ដែល​មាន​គ្រូ​បង្វឹក​បរទេស និង​មាន​សញ្ញាបត្រ​ខ្ពស់ ដោយ​លោក​បាន​ប្រៀប​​ប្រដូច​ចំពោះ​ការ​​ត្រៀម​ខ្លួន​នេះ​​ថា បើ​ក្លិប​គេ​ដើរ គឺ​ក្លិប​បឹងកេត ត្រូវ​តែ​រត់​ហើយ ទើប​តាម​គេ​ទាន់។


ក្នុង​បទសម្ភាស​រយៈពេល​ជាង ​២ នាទី ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​ក្លិប​បឹងកេត កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ លោក គីម ភក្តី បាន​បង្ហាញ​ពី​ការ​ប្រកួត ដែល​លោក​ពេញ​ចិត្ត​ខ្លាំង និង​ផែនការ ដែល​លោក​កំពុង​ធ្វើ នឹង​ត្រូវ​ធ្វើ​សម្រាប់​ពង្រឹង​គុណភាព​លេង​របស់​​ក្រុម​បឹងកេត នៅ​រដូវកាល​ថ្មី​ឆ្នាំ ​២០២១។


លោក​ គីម ភក្តី បាន​និយាយ​ថា៖ ​«យើង​បាន​ដឹង​ហើយ​ថា លីគ​កំពូល​កម្ពុជា​របស់​យើង​បាន​បញ្ចប់ ដោយ​ក្រុម​បឹងកេត​បាន​ទទួល​ពាន​រង្វាន់ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​ដ៏​តានតឹង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ជា​ការ​ប្រកួត​ដែល​បាន​បញ្ចប់​ទៅ​ ដោយ​យើង​មាន​ការ​រំភើប។ ចំណែក​ការ​ប្រកួត​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ គឺ​ការ​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើល នៅ​ជើង​ទី​២ ដែល​ពេល​នោះ ខ្ញុំ​បាន​ឃើញ​ពី​ស្មារតី​យក​ចិត្ត​ទុក​ដាក់ និង​ប្រឹងប្រែង​របស់​កីឡាករ​ទាំង​អស់»។


គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឆ្នាំ ​២០២០ ​នេះ ក្រុម​បឹងកេត​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​បណ្តោះ​អាសន្ន​លោក គីម ភក្តី បាន​បញ្ចប់​ការ​ប្រកួត​ទាំង ​១៧ ​លើក ដោយ​មិន​ស្គាល់​ការ​ចាញ់​សោះ គឺ​ឈ្នះ ​១២ និង​ស្មើ​ ៥ ​ដង មាន ​៤១ ពិន្ទុ ដោយ​ក្នុង​នោះ សម្រាប់​ការ​ប្រកួត​ទាំង ​៥ ​លើក ក្នុង​ជើងទី​២ រវាង​ក្រុម Top6 បឹងកេត​បាន​ស្មើ ក្រុម​ស្វាយរៀង ១-១ ឈ្នះ​ក្រុម​វិសាខា ៣-២ ស្មើ​ក្រុម​ណាហ្គាវើល ១-១ ឈ្នះ​ក្រុមទ័ព ២-០ និង​ស្មើ​ក្រុម​ភ្នំពេញ​​ក្រោន ១-១ នៅ​ថ្ងៃ​បិទ​រដូវកាល។


ដោយ​ឡែក ចំពោះ​ផែនការ​ដែល​ត្រូវ​ត្រៀម​សម្រាប់​ការ​ប្រកួត​រដូវកាល​ថ្មី​ ឆ្នាំ ​២០២១ ម្ចាស់​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ ​២០២០ លោក គីម ភក្តី ​បាន​និយាយ​​ថា៖ ​«ខ្ញុំ​បាន​រៀបចំ និង​​សម្លឹង​មើល​កីឡាករ ហើយ​នៅ​ក្នុង​ពេល​សម្រាក​នេះ ខ្ញុំ​បាន​មើល​នូវ​រាល់​វីដេអូ ដែល​យើង​បាន​លេង​កន្លង​មក ដើម្បី​លម្អិត​រាល់​កីឡាករ​ម្នាក់ៗ ថា​តើ​គាត់​នៅ​មាន​ចំណុច​ខ្វះខាត​អី ដើម្បី​យើង​ត្រៀម​អភិវឌ្ឍ​គាត់​ក្នុង​ការ​ត្រៀម​រដូវកាល​ថ្មី​នេះ។


ជាមួយ​គ្នា​នេះ លោក គីម ភក្តី ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ពេញ​របស់​​បឹងកេត ក៏​នឹង​​ផ្លាស់ប្តូរ​កីឡាករ​បរទេស​មួយ​ចំនួន​ផង​ដែរ។ «​យើង​ក៏​មាន​ការ​ផ្លាស់ប្តូរ​កីឡាករ​បរទេស​មួយ​ចំនួន​ដែរ ដើម្បី​មក​ជួយ​ក្រុម​នៅ​រដូវកាល​ថ្មី​នេះ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ច្បាស់​ថា កីឡាករ​រូប​ណា​ដែល​ត្រូវ​ចាក​ចេញ ហើយ​កីឡាករ​រូប​ណា ដែល​យើង​ត្រូវ​ផ្លាស់ប្តូរ​នោះ​ទេ។ តែ​ទោះបី​ជា​យ៉ាង​ណា យើង​នឹង​ជ្រើសរើស​យក​កីឡាករ​ណា ដែល​លេង​​ត្រូវ​ជាមួយ​របៀប​​លេង​របស់​ក្រុម​យើង​នៅ​ឆ្នាំ​ក្រោយ​​នេះ»។

យ៉ាង​ណា​ក៏​ដោយ លោក ភក្តី បាន​គិត​ទុក​ជាមុន​ថា ការ​ប្រកួត​រដូវកាល​ថ្មី​នេះ បឹងកេត​អាច​រត់​តាម​ក្លិប​ធំៗ ដែល​មាន​គ្រូ​បង្វឹក​បរទេស មាន​សញ្ញាបត្រ​ខ្ពស់។ លោក​បញ្ជាក់​ថា៖ ​«យើង​​ឃើញ​ថា មាន​ការ​កែប្រែ​របស់​ក្លិប​ធំៗ​មួយ​ចំនួន ដែល​មាន​គ្រូ​បង្វឹក​ល្អៗ និង​ជា​គ្រូ​មាន​សញ្ញាបត្រ​កម្រិត​ខ្ពស់​មក​ពី​បរទេស ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា ចំណែក​​ក្លិប​បឹងកេត របស់​យើង​ប្រើ​សុទ្ធ​តែ​ធនធាន​គ្រូ​ក្នុង​ស្រុក ដូច្នេះ​មាន​ន័យ​ថា គេ​ដើរ យើង​ត្រូវ​តែ​រត់​ហើយ។ តែ​ទោះបី​ជា​យ៉ាង​ណា ពួក​យើង​ទាំង​អស់​គ្នា នឹង​យក​បទពិសោធ​ ដែល​មាន​ទាំង​អស់ មក​ខំប្រឹង​ប្រកួត​ប្រជែង​ជាមួយ​គេ»៕