ភ្នំពេញ៖ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ក្រើន​រំឭក​ជា​ថ្មី ទៅ​ដល់​ក្រុម​អត្តពលិក ព្រម​ទាំង​ប្រតិភូ​កីឡា​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន នា​ថ្ងៃទី ​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី ​១១ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ ថា​ត្រូវ​​ការពារ​តម្លៃ​ជាតិ និង​កុំ​ឲ្យ​ការ​ចង់​ឈ្នះ​របស់​យើង ​ក្លាយ​ទៅ​ជា​ភាព​អាម៉ាស់​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា។


លោក ហ៊ុន សែន បាន​ថ្លែង​ថា៖​ «កីឡា​បាន​ក្លាយជា​ចលនា​របស់​ជាតិ​ដ៏​ធំ ដែល​យើង​អាច​សង្កេត​ឃើញ​ ទៅ​តាមរយៈ​​ការ​ប្រកួត​ម្តងៗ គឺ​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ប្រជាជន យុវជន និង​យុវនារី ពិសេស​នៅ​ពេល​​ប្រកួត​ខ្នាត​អន្តរជាតិ ទៅ​លើ​​បាល់​ទាត់ គឺ​មាន​អ្នក​ចូល​រួម​គាំទ្រ​ច្រើន​កុះករ ខុស​ពី​មុនៗ ដែល​មាន​ចំនួន​តិចតួច​ណាស់ ស្ទើរ​តែ​អ្នក​​កីឡា និង​គ្រូ​បង្វឹក ​​ច្រើន​ជាង​អ្នក​លើក​ទឹក​ចិត្ត​ផង»។


យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម លើក​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​និយាយ​​សង្កត់​ធ្ងន់​ថា៖ ​«​ការ​ឈ្នះ​ចាញ់ គឺ​ជា​រឿង​ធម្មតា​នៃ​វិស័យ​កីឡា អ៊ីចឹង​យើង​ព្យាយាម​យ៉ាង​ណា កុំ​ឲ្យ​ការ​ចង់​ឈ្នះ​របស់​យើង ​ក្លាយ​ទៅ​ជា​ភាព​អាម៉ាស់​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា»។


ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​លោក​បាន​ជួប​សំណេះសំណាល​​ជាមួយ​ថ្នាក់​ដឹកនាំ ប្រតិភូ គ្រូ​បង្វឹក អត្តពលិក និង​មន្ត្រី​កីឡា​ ដែល​ត្រៀម​​ទៅ​ប្រកួត​ស៊ីហ្គេម​ចំនួន​​​ ​៤៤៧ ​នាក់ នៅ​វិមាន​សន្តិភាព កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​អ្នក​ទាំង​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​ថវិកា​លើក​ទឹក​ចិត្ត​ក្នុង​ម្នាក់ ​៥០០ ​ដុល្លារ​ដូច​គ្នា ប៉ុន្តែ​លោក​ក៏​បាន​គូស​បង្ហាញ​ពី​ចំណុច​មិន​ល្អ ដែល​ក្រុម​អត្តពលិក​កម្ពុជា​ត្រូវ​ចៀស​វាង​ឲ្យ​ខាង​តែ​បាន​ផង​ដែរ។


លោក​ ហ៊ុន សែន បាន​ថ្លែង​បន្ថែម​ថា៖ ​«ចំណុច​ដែល​​​ត្រូវ​ចៀស​វាង គឺ​ទី ​១ ត្រូវ​គោរព​នូវ​បទដ្ឋាន​កីឡា កុំ​​បំពាន​បទដ្ឋាន​ និង​ក្រឹត្យក្រម​កីឡា ហើយ​នេះ​ជា​ចំណុច ​ដែល​យើង​ត្រូវ​ចង​ចាំ កុំ​ឲ្យ​មាន​ភាសា​ណា​មួយ​និយាយ​ថា ពួក​ខ្មែរ​នេះ​ប្រកួត​អាក្រក់​ណាស់ និង​កាច ហើយ​ទី ​២ កុំ​ប្រើ​សារធាតុ​ណា ដែល​គេ​ហាម​ឃាត់ ព្រោះ​វា​ជា​រឿង​ខុស ហើយ​វា​ធ្វើ​​ឲ្យ​ខូច​មុខ​មាត់​ប្រទេស គឺ​វា​មិន​មែន​ខូច​មុខ​មាត់​តែ​​កីឡាករ ឬ​កីឡាការិនី​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រើ​សារធាតុ​ហាម​ឃាត់​នោះ​ទេ»។


យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ទៅ​មន្រ្តី​ជំនាញ​ដឹកនាំ​ការ​ប្រកួត​ថា៖​ «​យើង​ក៏​ត្រូវ​តែ​មើល ទៅ​លើ​ការ​ចោទ​ប្រកាន់​របស់​គេ​ដែរ មិន​មែន​គេ​ចោទ​ប្រកាន់​ ហើយ​យើង​ចេះ​តែ​ទទួល​យក​ដោយ​មិន​ស្វែងរក​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ពិត​ប្រាកដ​នោះ​ទេ ព្រោះ​វា​នឹង​ខូច​ឈ្មោះ​ប្រទេស​ជាតិ​យើង​ផង និង​ខូច​ឈ្មោះ​កីឡាករ កីឡាការិនី​យើង​ផង។ តម្លៃ​ជាតិ​របស់​យើង ត្រូវ​តែ​ការពារ​តាមរយៈ​សកម្មភាព​កីឡា ហើយ​​ត្រូវ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អត្តពលិក​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ឲ្យ​បាន​ល្អ ទោះ​ចាញ់​ក៏​ដោយ ឈ្នះ​ក៏​ដោយ»។

សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​ចំនួន ​២៥៩ ​នាក់ ​លើ ​៣០ ​ប្រភេទ​កីឡា ទៅ​ចូលរួម​ប្រកួត ហើយ​កីឡា​ទាំង ​៣០ ​ប្រភេទ​នោះ​មាន​តេក្វាន់ដូ WTF, ប៉េតង់​, ជឺជិតស៊ូ​, ប្រដាល់​គុន​ខ្មែរ​, សីដក់​, ប្រដាល់​សកល​, វាយ​កូន​បាល់​, ចំបាប់​, ល្បុក្កតោ​, បាល់ទះ​លើ​ក្តារ បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់ U22, ​បាល់បោះ​, អត្តពលកម្ម ហែល​ទឹក កាយសម្ព័ន្ធ វាយ​កូនឃ្លី​លើ​តុ វាយ​សី វាយ​កូន​គោល គុន​ដាវ ប្រណាំង​កង់ ទូក​ក្តោង ការ៉ាតេ យូដូ ទ្រី​យ៉ា​ត្លុង កីឡា​រាំ ទូក​ប្រពៃណី​​កានូ សូហ្វតិន្នីស​, កីឡា​អេឡិចត្រូនិក និង​ហុកគី​៕