ក្រុង​ឡុងដ៍៖ លោក Mauricio Pochettino បាន​និយាយ​ថា គាត់​ចង់​​ធ្វើ​ការ​នៅ​ក្របខ័ណ្ឌ​អង់គ្លេស​ Premier League ម្ដង​ទៀត ​ខណៈ​ដែល​អតីត​គ្រូ​បង្វឹក​ក្លិប Tottenham រូប​នេះ ​កំពុង​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម Man Utd។​


លោក Pochettino បាន​ដឹកនាំ​ក្រុម Tottenham ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​រដូវកាល​មុន ​ប៉ុន្តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​កាល​​ពី​ខែ​វិច្ឆិកា​ ហើយ​គាត់​​ត្រូវ​បាន​ជំនួស​ដោយ​លោក Jose Mourinho។​​

ក្លិប Barcelona ​បាន​ក្លាយ​ជា​គោលដៅ​ដែល​អាច​មាន​សម្រាប់​​លោក ​Pochettino ​​រហូត​ដល់​ម្ចាស់​ជើងឯក ​LaLiga នេះ​បាន​ងាក​ទៅ​យក​លោក​ Quique Setien ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ទំនាក់ទំនង​ជាមួយ​ក្លិប​ Man Utd ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ​។


លោក Pochettino ត្រូវ​បាន​គេ​របាយការណ៍​ថា បាន​ចាប់​អារម្មណ៍​នឹង​ការងារ​នៅ​ក្លិប Man Utd ស្រប​ពេល​ដែល​លោក​ Ole ​Gunnar ​Solskjaer ​កំពុង​តស៊ូ​នៅ​កីឡដ្ឋាន​ Old ​Trafford​ ជា​ទី​ដែល​ក្រុម​បិសាច​ក្រហម​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​៨ ដោយ​​​តាម​ពី​ក្រោយ​ ៦ ពិន្ទុ ​នៃ​ក្រុម​ដែល​ឈរ​នៅ​កំពូល​ទាំង ​៤​។


លោក Pochettino បាន​និយាយ​តាម​ប្រព័ន្ធ​ In The Pink ថា៖ «​និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​ចង់​ធ្វើ​ការ​នៅ​​ក្របខ័ណ្ឌ Premier League»។​


គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ដឹង​ថា​ វា​នឹង​មាន​ការ​លំបាក​ ហើយ​ឥឡូវ​នេះ​វា​ដល់​ពេល​ដែល​ត្រូវ​រង់ចាំ​សិន ហើយ​យើង​នឹង​ឃើញ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​»។

លោក Pochettino បាន​បន្ថែម​ទៀត​ថា៖ «​វា​ជា​ពេលវេលា​ត្រូវ​សម្រាក​យក​កម្លាំង​​ គិត​​ពី​ខ្លួន​ឯង​បន្តិច​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ព្រោះ​នៅ​ក្នុង​បាល់​ទាត់​តែងតែ​មាន​អ្វី​កើត​ឡើង​ ហើយ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​មុន​»។​

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រង់ចាំ​បទពិសោធថ្មី​មួយ​។​ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា បទពិសោធ​ថ្មី​​នឹង​ពិត​ជា​អស្ចារ្យ​ណាស់​»​។

លោក Pochettino បាន​បន្ថែម​ថា៖ «​ខ្ញុំ​ធ្លាប់​នៅ​ប្រទេស​ អាហ្សង់ទីន​ ​នៅ​ប្រទេស ​កាតា​ ​នៅ​ប្រទេស ​អេស្ប៉ាញ​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​មាន​ Jesus (Perez) ជា​គ្រូ​ជំនួយ​របស់​ខ្ញុំ​នៅ​ក្លិប Spurs ដែល​កំពុង​តាម​ដាន​ព័ត៌មាន​ខ្លះៗ​ផង​ដែរ​ ប៉ុន្តែ​ខ្ញុំ​កត់​សម្គាល់​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ​»។​​

គ្រូ​បង្វឹក​វ័យ ​៤៧ ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា៖ «​បុគ្គលិក​ជា​គ្រូ​បង្គោល​ទាំង​អស់​ទទួល​ស្គាល់​​ថា មាន​ពាក្យ​ចចាម​អារ៉ាម​។ ​យើង​​នឹង​ដោះ​ស្រាយ​ជាមួយ​ពាក្យ​ចចាម​អារ៉ាម​តាម​បែប​ធម្មជាតិ​​»​។

បុរស​អាហ្សង់​ទីន​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «​មនុស្ស​ទូទៅ​ត្រូវ​ការ​ធម្មជាតិ​ និង​មនុស្ស​សាមញ្ញ​ ហើយ​យើង​មិន​និយាយ​ថា​ យើង​ខុស​ប្លែក​ពី​គេ​នោះ​ទេ ​ប៉ុន្តែ​យើង​មិនមែន​ជា​អ្នក​សម្ដែង ​ហើយ​យើង​ក៏​មិន​ធ្វើ​អ្វី​ដែល​យើង​មិន​ជឿ​នោះ​ដែរ​»។​

លោក Pochettino បាន​បន្ថែម​ដែរ​​ថា៖ «​ប្រសិន​បើ​យើង​ទៅ​តំបន់​អឺរ៉ុប​ គឺ​យើង​នឹង​បាត់បង់​ឱកាស​នៅ​ប្រទេស ​អង់គ្លេស ​​ហើយ​»៕ AFP/SN