ក្រុង​ម៉ា្រឌីដ៖ លោក Ernesto Valverde ជឿ​ថា ពាក្យ​សម្ដី​របស់​កីឡាករ Lionel Messi ពី​អនាគត​របស់​រូប​គេ​នៅ​ក្លិប Barcelona មិន​ជា​អ្វី​មួយ​ធំ​ដុំ​នោះ​ទេ ​​ដោយ​លោក​បាន​អះអាង​ថា គ្មាន​ការ​សង្ស័យ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ទេ​។​​


ក្នុង​បទសម្ភាស​ជាមួយ​ SPORT ដែល​ផ្សាយ​នៅ​សប្ដាហ៍​នេះ​ កីឡាករ Messi ដែល​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​នោះ​បាន​និយាយ​​ថា រូប​គេ​គ្មាន​បំណង​នឹង​ចាក​ចេញ​ពី​ក្លិប​នេះ​ទេ ​បើ​ទោះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​រូប​គេ ​​បាន​កើត​ឡើង​ក្នុង​ស្ថានភាព​នៃ​ជោគជ័យ​ជា​បន្ត​បន្ទាប់​ក៏​ដោយ​។​


កីឡាករ​ Messi បាន​ចុះ​កុងត្រា​រយៈពេល ​៤ ​ឆ្នាំ​ នៅ​ឆ្នាំ ​២០១៧​ ប៉ុន្តែ​កុង​ត្រា​នេះ​បាន​រួម​បញ្ចូល​ទាំង​ខ​មាត្រា​មួយ​ ដែល​អនុញ្ញាត​ឲ្យ​រូប​គេ​មាន​ជម្រើស​ចាកចេញ​ ក្នុង​ការ​ដោះដូរ ​ដោយ​គ្មាន​តម្លៃ​ខ្លួន ​នៅ​ចុង​រដូវ​កាល​នីមួយៗ​ផង​ដែរ​។​ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក Valverde បាន​និយាយ​ថា ពាក្យ​សម្ដី​របស់​កីឡាករ Messi ត្រូវ​បាន​គេ​បក​ស្រាយ​មិន​ត្រឹមត្រូវ ​​បើ​ទោះ​ជា​គ្រូ​បង្វឹក​រូប​នេះ​បាន​ទទួល​ស្គាល់​ថា គាត់​មិន​អាច​គ្រប់គ្រង​អ្វី​ដែល​កីឡាករ​បាន​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ដោយ​។​


នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ពាក្យ​សម្ដី​របស់​កីឡាករ Messi បាន​បង្ហាញ​ពីបញ្ហា​រវាង​តារា​បាល់​ទាត់​រូប​នេះ​ និង​ថ្នាក់​គ្រប់គ្រង​ក្លិប​ Barcelona ​ឬ​ក៏​យ៉ាង​ណា​នោះ​លោក Valverde បានឆ្លើយ​តប​នៅ​ក្នុង​​សន្និសីទ​កាសែត​ថា៖ «​ខ្ញុំ​មិន​ចង់​យល់​ឲ្យ​ស៊ី​ជម្រៅ​ពី​ពាក្យ​សម្ដី​នេះ​ទេ​ ហើយ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​កីឡាករ Messi ត្រូវ​និយាយ​។​ ​គាត់​បាន​និយាយ​ពី​ខ្លួន​គាត់​ជា​ធម្មតា​ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​មាន​បំណង​បក​ស្រាយ​ពី​អ្វី​ដែល​គាត់​បាន​និយាយ​ មិន​ត្រឹមត្រូវ​ទៅ​វិញ​»។​​


គ្រូ​បង្វឹក​របស់​ក្លិប​ Barcelona រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «​អ្វី​ដែល​គាត់​និយាយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ព្យា​យាម​គិត​ស៊ី​ជម្រៅ​ខ្លាំង​ពេក​ពី​ពាក្យ​សម្ដី​របស់​គាត់​។ ខ្ញុំ​គិត​ថា គាត់​កំពុង​ព្យាយាម​បង្ហាញ​រឿង​រ៉ាវ​ធម្មតា​ ហើយ​ខ្ញុំ​មិន​គិត​ថា មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​»។​


លោក Valverde បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​មិន​គិត​ថា មាន​ចំណុច​សង្ស័យ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​គាត់​ទេ ​ព្រោះ​មាន​តែ​ក្លិប​ទេ​ ជា​អ្នក​​សម្រេច​​ថា តើ​កីឡាករ​នឹង​ត្រូវ​រក្សា​ទុក​ និង​​មួយ​ណា​ដែល​ត្រូវ​ដក​ចេញ?​ ប៉ុន្តែ​ជា​ការ​ពិត​ខ្ញុំ​គ្មាន​​​កង្វល់​ពី​បញ្ហា​នេះ​ទេ​»។

កីឡាករ Messi ត្រូវ​គេ​រំពឹង​ថា នឹង​ជា​សះស្បើយ​ពី​ការ​រង​របួស​កំភួន​ជើង ​និង​អាច​ចូលរួម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​ ប៉ុន្តែ​លោក Valverde ព្រួយ​បារម្ភ​ថា ​របួស​របស់​រូប​គេ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ ដោយ​ Messi ​ទំនង​ជា​មិន​អាច​លេង​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Borussia Dortmund ក្នុង​ក្របខ័ណ្ឌ​ Champions League នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ទេ​។​

លោក Valverde បាន​និយាយ​ថា៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ នៅ​ពេល​គ្មាន​រូប​គាត់​ ដូច្នេះ​ហើយ​គេ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​។ ខ្ញុំ​គិត​ថា គាត់​នឹង​ឆាប់​ជា​ធូរ​ស្បើយ​ និង​អាច​លេង​ជា​ថ្មី​ម្ដង​ទៀត​ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ ខ្ញុំ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ប្រហែល​ជា​អត់​ភាគ​ច្រើន​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖​«​ជា​ការ​ពិត​ គាត់​ជា​កីឡាករ​សំខាន់​បំផុត​សម្រាប់​យើង​ គឺ​ខ្ញុំ​មិន​អាច​បដិសេធ​បាន​នោះទេ​ ប៉ុន្តែ​មាន​ពេលវេលា​ផ្សេង​ទៀត​ ដែល​គាត់​មិន​បាន​លេង​ តែ​យើង​បាន​ឆ្លង​កាត់​ដោយ​ជោគជ័យ​។ ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​លោក​ ដូច្នេះ​យើង​ចង់​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ​ក្នុង​ពេលឆាប់ៗ​នេះ​ ប៉ុន្តែ​យើង​ចង់​ឲ្យ​គាត់​មាន​សុខភាព​ល្អ​ដូច​ដើម​ច្រើន​ជាង មិន​មែន​ចង់​ឲ្យ​គាត់​ចូល​​លេង​​ភ្លាមៗ​នោះ​ទេ​»៕ SN