ភ្នំពេញៈ ក្រុម​ណាហ្គាវើល បាន​ថមថយ​ឱកាស​មួយ​កម្រិត​ទៀត​ក្នុង​ការប្រជែង​យក​តំបន់​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ ពី​ក្រុមព្រះ​ព្រះខ័ន​រាជស្វាយរៀង បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រោម​ការវាយបក​ដ៏គួរ​ឲ្យ​កត់សម្គាល់​របស់​ក្រុម​វិសាខា​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ក្រុម​បឹងកេត និង​ក្រុម​អង្គរថាយហ្គឺរ​ក៏​បាន​ចាញ់​គូប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​គ្នា​។


ការភ្លាត់​តែត​បាល់​បញ្ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ ទៀង ទីនី នៅ​នាទី​បន្ថែម ៤៥+៧ និង​ការរក​បាន​ ២ ​គ្រាប់​ទៀត​របស់​ខ្សែប្រយុទ្ធ Esho Omogba នៅ​នាទី​ទី​ ៥៥ បាន​ធ្វើឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ណាហ្គាវើល​មាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការឆ្ពោះ​រក​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម​។ ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​ហួស​ពី​ការស្មាន​នៅពេល​ក្រុម​វិសាខា​បាន​ព្យាយាម​វាយបក និង​រក​បាន​ ៣ ​គ្រាប់​វិញ ដើម្បី​យក​ឈ្នះ​ណាហ្គាវើល ៣-២ ដ៏​មិន​គួរ​ឲ្យ​ចង់​ជឿ​នោះ​។


ខ្សែប្រយុទ្ធ កែវ សុខផេង និង Pak Song Chol ជា​អ្នក​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម​វិសាខា​នៅ​នាទី​ទី​ ៧១ និង​ទី​ ៧៣ ហើយ សារី ម៉ាត់ណូរ៉ូទីន ដែល​ទើប​ចាកចេញ​ពី​ណាហ្គាវើល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​វិសាខា​នៅ​នាទី​ទី​ ៨១​។ លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ស្វាយរៀង​ដែល​បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២-០ កាលពី​ថ្ងៃ​សៅរ៍​នោះ​គឺ​មាន​ពិន្ទុ​នាំមុខ ណាហ្គាវើល​ចំនួន​​ ៥ ​ពិន្ទុ​គឺ​ ៣២ ទល់​នឹង​ ២៧ ​ពិន្ទុ​។


ជាមួយ​ការយក​ឈ្នះ​ណាហ្គា ៣-២ នេះ​លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា​បាន​ផ្តល់​គុណសម្បត្តិ​ខ្លាំង​ទៅ​ឲ្យ​កីឡាករ​ក្នុង​ស្រុក និង​បាន​រិះគន់​ទៅ​លើ​ស្មារតី​លេង​របស់​កីឡាករ​បរទេស​មួយ​ចំនួន​។ លោក​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​កីឡាករ​ខ្មែរ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត គាត់​ធ្វើការ​ខ្លាំង ហើយ​នៅ​ឆ្នាំ​នេះ​កីឡាករ​បរទេស​ដែល​យើង​បាន​ជ្រើសរើស​មក​ចូលរួម​ជាមួយ​ក្រុម​គឺ​មាន​ការខ្វះខាត​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ទឹកចិត្ត​»​។


លោក​បន្ថែម​ថា​៖ «​រឿង​ទឹកចិត្ត​នេះ​គឺ​កីឡាករ​បរទេស​នៅ​ក្រោម​កីឡាករ​ខ្មែរ ព្រោះ​កីឡាករ​ខ្មែរ ទោះបី​ជា​គាត់​ចាញ់​យ៉ាង​ម៉េច​ក៏ដោយ តែ​គាត់​ខំប្រឹង​លេង​រហូត​ដល់​ចប់​ ៩០ ​នាទី ចំណែក​កីឡាករ​បរទេស​នៅ​តំបន់​ប្រយុទ្ធ​ពេល​ខ្លះ​ចាញ់​គេ យើង​រក​គ្រាប់​បាល់​មិន​បាន​ចាប់ផ្តើម​ធ្លាក់ទឹក​ចិត្ត​។ អាហ្នឹង​ហើយ​ដែល​ធ្វើឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ក្រុម ពិសេស​នៅ​ចុង​រដូវកាល​នេះ​តែ​ម្តង ដោយសារ​កីឡាករ​បរទេស​មក​លេង​ថ្មីៗ​គឺ​មិន​ខំ​លេង​ឲ្យ​អស់​ ១០០ ​ភាគ​ទេ ដោយ​ការពារ​ខ្លួន​មិន​ឲ្យ​មាន​របួស ដើម្បី​ការពារ​ពេល​យើង​បញ្ចប់​កុងត្រា គាត់​អាច​មាន​ឱកាស​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ទៀត​បាន​»​។


ជាមួយ​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម ដើម្បី​មាន​ ២២ ​ពិន្ទុ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​វិសាខា​បាន​ខិត​យ៉ាងកៀក​ទៅ​រក​ការ​ប្រជែង​ឡើង​ទៅ​កាន់​តំបន់​កំពូល​តារាង​ទាំង​ ៤ ​វិញ ខណៈ​ក្រុម​ឈរ​នៅ​លេខ​ ៣ អង្គរថាយហ្គឺរ និង​ក្រុម​ឈរ​នៅ​លេខ​ ៤ បឹងកេត សុទ្ធតែ​បាន​ជួប​ការបរាជ័យ​ដូច​គ្នា​នោះ​។ អង្គរថាយហ្គឺរ មាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ១-០ ធ្វើឲ្យ​ពួកគេ​មាន​ ២៤ ​ពិន្ទុ​ដដែល ហើយ​ក្រុម​ម្ចាស់​ផ្ទះ សូលទីឡូអង្គរ​បាន​វាយបក​យក​ឈ្នះ​ក្រុម​បឹងកេត​នៅ​ចុង​ម៉ោង ៥-៤ ដ៏គួរ​រំភើប​បំផុត​ធ្វើឲ្យ​ក្រុម​បឹងកេត​មាន​ ២៣ ​ពិន្ទុ​ដដែល​។

ចំណែក​ក្រុម​ក្រសួង​ការពារជាតិ​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០ ដើម្បី​មាន​ ២០ ​ពិន្ទុ​តិច​ជាង​ក្រុម​ភ្នំពេញ​ក្រោន ១ ​ពិន្ទុ តែ​ច្រើន​ជាង​ក្រុម​សូល​ទីឡូអង្គរ ២ ​ពិន្ទុ និង​ច្រើន​ជាង​ក្រុម​អាស៊ី​អឺរ៉ុប ៤ ​ពិន្ទុ ឯ​ក្រុម​ប៉ូលិស​បាន​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៥-១ ដើម្បី​មាន​ ១៣ ​ពិន្ទុ ហើយ​កីឡាករ​ទើប​ជាប់​ជម្រើសជាតិ​ថ្មីថ្មោង ដាវ នីម រក​បាន​ ៦ ​គ្រាប់​តែ​ម្នាក់ឯង ដើម្បី​ជួយ​ក្រុមគិរីវង់​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ១២-០ ដើម្បី​មាន​ ១២ ​ពិន្ទុ​៕