ភ្នំពេញៈ គ្រូបង្វឹក​វិសាខា លោក ហុក សុជីវ័ន បាន​ចាត់ទុក​ការបើកទ្វារ​កីឡដ្ឋាន​វិសាខា ដើម្បី​ស្វាគមន៍​ក្រុម​បឹងកេត​សម្រាប់​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ នៅ​ចុង​សប្តាហ៍​នេះ​ថា ជា​ពេល​ដែល​ក្រុម​របស់​លោក​ត្រូវ​ប្រឈមមុខ​ជាមួយ​កីឡាករ​បរទេស​មាន​កម្រិត​លេង​ខ្ពស់ ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​វិសាខា​។


លោក​ ហុក សុជីវ័ន បាន​និយាយ​ថា​៖ «​យើង​បាន​ត្រៀម​ជាពិសេស​សម្រាប់​ជួប​ក្រុម​បឹងកេត ព្រោះ​យើង​បាន​ដឹង​ហើយ​ថា បឹងកេត មាន​សុទ្ធ​តែ​ជា​កីឡាករ​មាន​បទពិសោធ​ច្រើន ដែល​ពួកគេ​ធ្លាប់​បាន​ឆ្លងកាត់​ទាំង​ការប្រកួត​លីក​ក្នុងស្រុក និង​ប្រកួត AFC Cup ហើយ​បឹងកេត​ក៏​សម្បូរ​ទៅ​ដោយ​ធនធាន​យុវជន​ផង​ដែរ​»​។


គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ជាងនេះ​ទៅ​ទៀត បឹងកេត ជា​ក្រុម​ដែល​មាន​កីឡាករ​បរទេស​កម្រិត​កំពូល​នៅក្នុង​ស្រុក​ខ្មែរ​យើង​ផងដែរ គឺ​បើ​វាស់វែង​ពី​កម្រិត​សមត្ថភាព​កីឡាករ​បរទេស​នៅ​ស្រុក​ខ្មែរ អត់​ទាន់​មាន​ក្រុម​ណា​នៅ​លើ​គាត់​ឡើយ​ដែល​អ្នក​ទាំងនោះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​យើង​»​។


ការវិល​មកជួប​គ្នា​រវាង​ក្រុម​វិសាខា និង​បឹងកេត​នៅ​សប្តាហ៍​នេះ វា​បាន​ក្លាយ​ជា​ការប្រកួត​ដែល​មាន​ការចាប់អារម្មណ៍​ខ្លាំង​ព្រោះ​ ៦ ​ប្រកួត​កន្លង​មក​នេះ​ក្រុម​ទាំង​ ២ ​នេះ​បាន​ឈ្នះ​ ៤ ស្មើ​ ១ ចាញ់​ ១ ​ប្រកួត និង​មាន​ ១៣ ​ពិន្ទុ​ស្មើ​គ្នា គ្រាន់តែ វិសាខា មាន​គ្រាប់​បាល់​ចំណាយ​ច្រើន​ជាង ហើយ​បាន​ឈរ​នៅ​លេខ​ ៣​។


វិសាខា​ជា​ក្រុម​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​កីឡាករ និង​មាន​ទម្រង់​លេង​ល្អ ប៉ុន្តែ​ការយក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ក្រសួង​ការពារជាតិ (​ទ័ព​) ២-០ កន្លង​មក​នេះ ត្រូវ​បាន​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​ចាត់​ទុក​ថា​ជា​ការ​ផ្តល់​កម្លាំងចិត្ត​ធំ​មួយ​ក្នុង​ការជំរុញ​ឲ្យ​កូនក្រុម​លោក​ខំប្រឹង​កាន់តែ​ខ្លាំង ដើម្បី​ត្រៀម​ជួប​ក្រុម​ខ្លាំងៗ​ដូចជា​វិសាខា​នេះ ហើយ​ជំនួប​នេះ​វា​ក៏​ជា​ពេល​ដែល​ខ្សែការពារ សុខ សុវណ្ណ និង រស់ សំអឿន ដែល​បាន​ប្តូរ​ទៅ​វិសាខា​ត្រូវ​ប្រឈមមុខ​នឹង​អតីត​មិត្ត​រួម​ក្រុម​នៅ​បឹងកេត​ផង​ដែរ​។


លោក ហៅ សុជាតិ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ឈ្នះ​ក្រុម​ទ័ព ២-០ កន្លងមក​ថា​៖ «​ការ​ឈ្នះ​ក្រុម​ទ័ព​ជា​ចំណុច​ល្អ​មួយ​ក្នុង​ការដាស់តឿន​កីឡាករ​យើង​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង ព្រោះ​ផ្លូវ​ដែល​ត្រូវ​ប្រជែង​វា​នៅ​វែងឆ្ងាយ​។ បើ​ទោះបី​ជា​យើង​ឈ្នះ​ការប្រកួត​នេះ​មែន ក៏​យើង​មិន​ប្រហែស​ដែរ គឺ​យើង​កាន់តែ​រឹតបន្តឹង និង ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ការប្រកួត​ក្រោយៗ​»​។

យ៉ាងណា​ក៏ដោយ​រវាង​ក្រុម​ទាំង​ ២ ​នេះ​ទោះបី​ជា​ក្រុម​ណា​ឈ្នះ ក៏​មិន​រំពឹង​អាច​ដណ្តើម​យក​លេខ​រៀង​ទី​ ២ ​របស់​ក្រុម​ណាហ្គាវើល​នោះ​ដែរ ព្រោះ​នៅ​សប្តាហ៍​នេះ​ក្រុម​មាន​ ១៥ ​ពិន្ទុ ណាហ្គាវើល ត្រូវ​ប៉ះ​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​ពួកគេ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការឈ្នះ​ ៣ ​ពិន្ទុ​បន្ថែម​។ ផ្ទុយ​ទៅ​វិញ​រវាង​វិសាខា និង​បឹងកេត បើ​ក្រុម​ណា​ចាញ់​នឹង​ធ្លាក់​ចេញ​ពី​តំបន់​កំពូល​តារាង​ជា​មិនខាន ព្រោះ​ក្រុម​មាន​ ១២ ​ពិន្ទុ អង្គរថាយហ្គឺរ និង​ក្រុម​មាន​ ១១ ​ពិន្ទុ ទ័ព កំពុង​ប្រជែង​ឡើង​ទៅ​ឈរ​នៅ​តំបន់​ទីតាំង​នេះ​វិញ​។

ចំណែក​ក្រុម​ណាហ្គាវើល​ក៏​នឹង​មិន​អាច​ដណ្តើម​យក​តំបន់​កំពូល​តារាង​ពី​ក្រុម​មាន​ ១៦ ​ពិន្ទុ ព្រះខ័នរាជ​ស្វាយរៀង​បាន​នោះ​ដែរ ព្រោះ​លើក​នេះ​ ស្វាយរៀង ត្រូវ​ជួប​ក្រុម​ខេត្ត​កំពង់ចាម​ដែល​ពួកគេ​នឹង​យក​ឈ្នះ​ជាមួយ​គ្រាប់​បាល់​ច្រើន​ជាមិនខាន ខណៈ​កំពង់ចាម​ទើប​ចាញ់​ក្រុម​វិសាខា ១៤-០ នោះ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​ទ័ព v សាលា​កីឡា​បាល់ទាត់​ជាតិ នៅ​កីឡដ្ឋាន​ស្តាតចាស់ ម៉ោង ១៨:០០

-​អគ្គិសនី​កម្ពុជា v ណាហ្គាវើល កីឡ.អគ្គិសនី​កម្ពុជា ១៥:៣០

-​វិសាខា v បឹងកេត កីឡដ្ឋាន​វិសាខា ១៨:០០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​ភ្នំពេញក្រោន v ប៉ូលិស កីឡដ្ឋាន RSN ១៨:០០

-​ខេត្តកំពង់ចាម v ស្វាយរៀង ទីលាន​វិ.ប៊ុនរ៉ានី​ហ៊ុនសែន​មេម៉ត់ ១៥:៣០

-​អង្គរថាយហ្គឺរ v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​សៀមរាប ១៥:៣០

-​គិរីវង់​សុខសែនជ័យ v សូលទីឡូអង្គរ​នៅ​កីឡដ្ឋាន​គិរីវង់ ម៉ោង ១៥:៣០