ក្រុង​ប៉ារីស​៖ វិស័យ​បាល់ទាត់​បាន​ឈាន​ដល់​កាល​ឈរ​ទ្រឹង ដោយសារ​វិបត្តិ​វីរុស​កូរ៉ូណា​ ហើយ​ការ​បារម្ភ​ភ្លាម​ៗ គឺ​តែង​មាន​ជា​ធម្មតា​ពី​សំណាក់​ក្លិប​ជាច្រើន​ ព្រោះ​វា​​ប៉ះពាល់​ដល់​​ចំណូល​របស់​ពួក​គេ ប៉ុន្តែ​ក្ដី​សង្ឃឹម​នៅ​តែ​មាន​ដែល​ជឿ​ថា​ការ​ប្រកួត​ទូទាំង​ពិភព​លោក​អាច​លេច​រូបរាង​ឡើង​វិញ​យ៉ាង​ល្អ​ប្រសើរ​នៅ​ទីបំផុត ក្រោយ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ​បញ្ចប់​ទៅ​។ ​


គ្រូបង្វឹក​របស់​ក្រុម Everton លោក Carlo Ancelotti បាន​និយាយ​ទៅ​កាន់​កាសែត​កីឡា​នៅ​អ៊ីតាលី Corriere dello Sport ថា៖ ​«​យើង​កំពុង​ឆ្លង​កាត់​បញ្ហា ដែល​គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​ជួប​ពី​មុន​ឡើយ ហើយ​ក៏​ជា​បញ្ហា​ដែល​នឹង​ផ្លាស់ប្ដូរ​ពួក​យើង​យ៉ាង​ខ្លាំង​មែន​ទែន​​»​។​​​ ​​


គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ​២ (World War II) វីស័យ​កីឡា​នៅ​ប្រទេស​ ក្នុង​តំបន់​អឺរ៉ុប មិន​ដែល​ត្រូវ​បាន​លុប​ចោល​ឡើយ តែ​ការ​ផ្អាក​ភ្លាមៗ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រព័ន្ធ​មួយ​ដែល​កំពុង​វិលវល់​ដោយសារ​បាត់​នូវ​ចំណូល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។


លោក Ancelotti បាន​និយាយ​ទៅ​កាន់​កាសែត​នោះ​បន្ត​ទៀត​ថា​៖ ​«ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទូរទស្សន៍​នឹង​ធ្លាក់​ចុះ ហើយ​កីឡាករ និង​គ្រូ​បង្វឹក​ទាំង​ឡាយ​នឹង​ថយ​ប្រាក់​ខែ​។ សំបុត្រ​នឹង​ធ្លាក់​ថ្លៃ ព្រោះ​មនុស្ស​ទូទៅ​មិន​សូវ​សម្បូរ​លុយ​។ សេដ្ឋកិច្ច​នឹង​​ផ្លាស់​ប្ដូរ ហើយ​បាល់​ទាត់​ក៏​អ៊ីចឹង​ដែរ។ តែ​ជឿ​ថា ​គ្រប់​យ៉ាង​អាច​ប្រសើរ​ឡើង​វិញ»​។ ​


«​ដូច​​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែរ​ គ្រប់​វិបត្តិ​តែង​មាន​ឱកាស​ក្នុង​ហ្នឹង​»​។ នេះ​ជា​សម្ដី​របស់​អ្នក​​និពន្ធ​សៀវភៅ​បាល់​ទាត់ «​The Age of Football​» លោក David Goldblatt បាន​និយាយ​ប្រាប់ AFP មុន​នឹង​អ្នក​ប្រវត្តិ​វិទូ​បាល់ទាត់​រូប​នេះ ធ្វើ​នូវ​ការ​ព្រមាន​ជា​ក្រោយ​។ ​


បែងចែក​ប្រាក់​ដោយ​យុត្តិធម៌?

ពេល​នេះ ការ​គ្រប់គ្រង​លុយ​កាក់​កំពុង​​​ស្ថិត​ក្នុង​ដៃ​បុគ្គល​កំពូលៗ​ដែល​មាន​សំណាង​មួយ​ចំនួន បើ​ទោះបី​ជា​ពួក​គេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ក៏​ដោយ​។ ​បញ្ហា​ទាំង​នោះ ទំនង​អាច​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ទិញ​ដូរ​កីឡាករ និង​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​កីឡាករ ដែល​អាច​ជា​បញ្ហា​មួយ​​នាពេល​កន្លង​មក​​។

អតីត​គ្រូ​បង្វឹក​របស់​ក្លិប​នៅ​អាល្លឺម៉ង់ Bayern Munich លោក Uli Hoeness បាន​និយាយ​ដោយ​ទទូច​ថា​៖ ​«​ក្នុង​រយៈពេល ២ ឬ​ក៏ ៣ ​ឆ្នាំ​ ​វា​មិន​​​មាន​​ការ​ចំណាយ​ច្រើន​ ដែល​យើង​កំពុង​ឃើញ​នេះ​ ព្រោះ​ថា​គ្រប់​​ប្រទេស​ទាំង​អស់​នឹង​ទទួល​រង​ផល​ប៉ះពាល់​។ ជាមួយ​នឹង​គ្រប់​លទ្ធភាព​ទាំង​អស់​​ នឹង​​មាន​ពិភព​បាល់​ទាត់​ថ្មី​មួយ​លេច​ឡើង​ ក្រោយ​ពី​នេះ​»​។ ​

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​សម្បូរ​លុយ​បំផុត​លើ​លោក គឺ​ក្រុម​អ្នក​មាន​បុណ្យ Barcelona របស់​ប្រទេស ​អេស្ប៉ាញ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្លួន​ទទួល​បាន​ការ​យល់​ព្រម​ពី​កីឡាករ​ទាំង​អស់​រួច​រាល់​ហើយ ក្នុង​ការ​កាត់ ៧០ ​ភាគរយ ​នៃ​​ប្រាក់​ខែ​របស់​ពួក​គេ ខណៈ​ក្លិប​ដទៃ​ទៀត​នៅ​អឺរ៉ុប​ ក៏​កំពុង​អនុវត្ត​វិធានការ​របៀប​គ្នា​នេះ​ដែរ​។

ការ​ប្រកួត​កាន់​តែ​តិច​

វា​ប្រហែល​ដល់​ពេល​ដែល​ត្រូវ​រៀបចំ​ពេល​ប្រកួត​ឡើង​វិញ​ ដោយ​គំនិត​បន្ថែម​ក្រុម​ក្នុង​កម្មវិធី​ប្រកួត​ផ្សេង​ៗ ដូច​ជា​មាន ៤៨ ​ក្រុម ក្នុង​ព្រឹត្តិការណ៍​​ World Cup និង​ ​២៤ ក្រុម សម្រាប់​កម្មវិធី​ប្រកួត Club World Cup ជាដើម ប្រាកដ​ណាស់​វា​មិន​មាន​និរន្តរភាព​​ទេ​។ ​

ជាមួយ​គ្នា​នេះ ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) លោក Gianni Infantino បាន​ទទួល​យក​នូវ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​កែ​ប្រែ ដោយ​លោក​បាន​ថ្លែង​ទៅ​កាន់​កាសែត La Gazzetta dello Sport ថា​៖ ​«​ប្រហែល​ជា​ពួក​យើង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​វិស័យ​បាល់​​ទាត់​ពិភព​លោក ដោយ​ការ​ថយ​ក្រោយ​មួយ​ជំហាន​។ ជាមួយ​នឹង​ការ​មាន​របៀប​​ផ្សេង​ៗ​។ កម្មវិធី​ប្រកួត​កាន់​តែ​តិច​ ឬ​សូម្បី​ការ​បន្ថយ​ចំនួន​ក្រុម ប៉ុន្តែ​ត្រូវ​មាន​​តុល្យភាព​​ជាង​មុន​»​។​ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​និពន្ធ​ខាងលើ​ លោក Goldblatt ពេល​នេះ​មាន​ជំនឿ​ថា FIFA ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​ផែន​ការ​​ដែល​ចង់​បន្ថែម​ក្រុម​ឡើង​ដល់ ៤៨ ក្រុម ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ​២០២៦ ដែល​គ្រោង​ធ្វើ​​ទូទាំង​ប្រទេស​នៅ​អាមេរិក​ខាង​ជើង (North America)​។ ​​​​

ផែនការ​នោះ រួម​ទាំង​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ European Championship ដែល​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ចង់​​​រៀប​ចំ​ក្នុង​ក្រុង​ទាំង ​១២ ទូទាំង​ទ្វីប គឺ​វា​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កាលៈទេសៈ ដែល​មើល​ទៅ​ហាក់​ដូច​ជាផ្ទុយ​នឹង​តម្រូវ​ការ​ចាំបាច់​សម្រាប់​​​ដោះស្រាយ​នឹង​ការ​គំរាម​កំហែង​ផ្សេង​ទៀត មាន​ដូច​ជា​ការ​ប្រែប្រួល​អាកាស​ធាតុ​ជាដើម​។​​​​

លោក Goldblatt បាន​និយាយ​ចុង​ក្រោយ​ថា​៖​ «​ប្រសិន​បើ​បាន​រៀន​សូត្រ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យើង​គួរ​តែ​ស្ដាប់​អ្នក​ជំនាញ​។ យើង​ត្រូវ​តែ​ធ្វើ​ការ​បញ្ឈប់​គ្រប់​យ៉ាង ហើយ​ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​»​៕ AFP/VN