ភ្នំពេញ៖ សមាគម​កីឡា​កង់​កម្ពុជា មាន​ឈ្មោះថា Cambodia Cycling Academy (CCA) បាន​បើកប្រជុំ​វិសាមញ្ញ​ជា​បន្ទាន់​មួយ កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅ​ទីស្នាក់ការ​របស់​ខ្លួន​ភ្នំពេញ ដើម្បី​ពិនិត្យ និង​ធ្វើ​កំណែ​ទម្រង់​សមាសភាព​ថ្នាក់​ដឹកនាំ​ឡើង​វិញ ព្រម​ទាំង​ដាក់​ផែនការ​សម្រាប់​ការ​ហ្វឹកហាត់​ជាថ្មី ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា បន្ទាប់​ពី​ខកខាន​ធ្វើ​សកម្មភាព​ដោយ​បញ្ហា​កូវីដ ១៩ ឆ្លង​រាលដាល។


ជាមួយគ្នា​នេះ ប្រធាន​ចាស់ លោក ប្រាក់ ចាន់មុន្នី បាន​អវត្តមាន និង​បោះបង់​ការងារ ហើយ​អង្គប្រជុំ​សម្រេចសម្រួល​សមាជិក​ប្រតិបតិ្ត​ថ្មី​តាម​មុខងារ និង​ជ្រើស​តាំង លោកស្រី ប៉ែន ស្រីមុំ ពី​អនុប្រធាន​ឱ្យ​ឡើង​ជា​ប្រធាន ​CCA ក្នុង​អាណត្តិ​ទី១ ដដែល។ បន្ថែម​ពីលើ​នេះ​សមាជិក​ចាស់​មាន ១១ នាក់ អង្គ​ប្រជុំ​បាន​បន្ថែម​សរុប​ដល់ ១៣ នាក់ ក្នុង​នោះ​ក៏​មាន​គ្រូបង្វឹក​ជម្រើសជាតិ​ចំនួន ៤ រូប​ផងដែរ។


លោកស្រី ប៉ែន ស្រីមុំ បាន​ថ្លែង​ថា៖ «បញ្ហា​កូវីដ ១៩ យើង​ទទួល​ស្គាល់​ថា មាន​ផលប៉ះពាល់​ខ្លាំង​ធ្វើ​ឱ្យ​ខកខាន និង​ខាត​គ្រប់​យ៉ាង ប៉ុន្តែ​សកម្មភាព​របស់​សមាគម​យើង គប្បី​ធ្វើ​សកម្មភាព​ឡើង​វិញ ដោយ​ត្រូវ​គោរព​តាម​គោលការណ៍​អនាម័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា, ក្រសួង​សុខាភិបាល ជាពិសេស​សហព័ន្ធ​ផ្ទាល់​តែ​ម្តង ដែល​ណែនាំ»។


លោកស្រី​បន្ថែម​ថា៖ «សមាគម មាន​ផែនការ​ជា​ចម្បង និង​គោលដៅ​ធំ​បំផុត គឺ​ចង់​ឱ្យ​អត្តពលិក​ជម្រើសជាតិ​កីឡា​ទោច​ក្រយាន​កម្ពុជា បាន​ចេញ​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​បារាំង ទៅ​តាម​លទ្ធភាព​សមត្ថភាព​របស់​អត្តពលិក ដើម្បី​ត្រៀម​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ដោយ​ក្នុង​នោះ​ចង់​ឃើញ​ទង់ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​វត្តមាន​ក្នុង​ពេល​ប្រកួត​អន្តរជាតិ ហេតុនេះ​សមាគម​នឹង​ប្រឹងប្រែង​ជួយ ដើម្បី​ឱ្យ​ប្រណាំង​កង់​កម្ពុជា មាន​វត្តមាន​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​មាន​ចំណាត់​ថ្នាក់​ល្អ»។


នៅ​ក្នុង​អង្គ​ប្រជុំ កាល​ពី​ថ្ងៃ​ពុធ​នោះ​សមាគម CCA បាន​សម្រេច​ជា​ឯកច្ឆន្ទ​នូវ​សមាសភាព​ចំនួន ១៣ នាក់ សម្រាប់​បំពេញ​ការងារ​ទៅតាម​តួនាទី ទី១ លោកស្រី ប៉ែន ស្រីមុំ ជា​ប្រធាន ២ លោក អូរីញ៉ាក់ ប៉ាទ្រីក ជា​អនុប្រធាន ទី៣ លោក អូម៉ា ឌីលែន ជា​អ្នក​គ្រប់គ្រង ទី៤ លោក ខ្លូត ករណី ជា​អគ្គលេខាធិការ ទី៥ លោក ហី សិលា ជា​អគ្គហេរញ្ញិក ទី៦ លោក សាំង សំណាង ជា​ជំនួយ​ការ​ប្រធាន ទី៧ លោក ផេង ប៉ូលីន ជា​អ្នក​គ្រប់គ្រង​កីឡាករ ទី៨ លោក អ៊ុច សុខវិសាល ជា​គ្រូបង្វឹក ទី៩ កញ្ញា ស្រី បញ្ញា ជា​អ្នក​ជំនាញ​ធ្វើ​ម្ហូប ​ទី១០ លោក សេង ប៊ុនណេត ជា​អ្នក​ជំនាញ​ជួសជុល​កង់ ទី១១ លោក អេង ផល្លា អ្នក​ជំនាញ​ជួសជុល​កង់ ទី១២ ហ្សង់ ចេហ្សូ ជំនាញ​ម៉ាស្សា​សាច់ដុំ និង​ទី១៣ លោក វើហ្គានី អូរីលែន ជា​មេធាវី​ប្រចាំ​សមាគម។


លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ប្រាប់​ថា៖ «សហព័ន្ធ​គាំទ្រ​នូវ​សកម្មភាព​របស់​ក្លិប និង​សមាគម ព្រម​ទាំង​លើក​ទឹក​ចិត្ត​ចំពោះ​ក្លិបផ្សេងៗ​ទៀត ឱ្យ​មក​ចុះបញ្ជី​ក្រោម​ការ​គ្រប់គ្រង​របស់​សហព័ន្ធ និង​ស្វែងរក​អត្តពលិក​ល្អ និង​ឆ្នើមៗ​សម្រាប់​បញ្ជូន​ទៅ​បណ្តុះបណ្តាល​បន្ត។ ក្នុង​នាម​សហព័ន្ធ​នឹង​ខិតខំ​ជួយ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ក្លិប ឬ​សមាគម ដែល​មាន​សកម្មភាព និង​បញ្ជូន​សំណើ​ឱ្យ​ថ្នាក់​លើ ទទួល​ស្គាល់​ជា​ផ្លូវការ​តាមច្បាប់​កីឡា»៕