សហព័ន្ធ​ខ្មែរ ចង់​ដាក់​ប្រភេទ​កីឡា​ទឹក​ ២ ​ទៀត​ទៅ​ស៊ីហ្គេម

Content image - Phnom Penh Post
កីឡាករ​ខ្មែរ-អាមេរិក Jordan Pisey ពេល​បង្ហាញ​សមត្ថភាព​លោតទឹក​នៅ​ពហុកីឡដ្ឋាន​ជាតិ​។ ស្រេង ម៉េងស្រ៊ុន

ភ្នំពេញ: សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​និង​កំពុង​ធ្វើការ​ពិចារណា​ទៅលើ​ការដាក់​ប្រភេទ​កីឡា​ទឹក​ ២ ​ទៀត​គឺ​កីឡា​បាល់ទឹក និង​លោតទឹក​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​កម្ពុជា ខណៈ​ការប្រកួត​កីឡា​ស៊ីហ្គេម​កន្លង​មក​កម្ពុជា​មាន​តែ​កីឡា​ហែលទឹក​មួយ​ទេ​។

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ប្រាប់​ថា​៖ «​សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ គឺ​យើង​កំពុង​តែ​ពិចារណា​ក្នុង​ការដាក់​ឲ្យ​មាន​ការប្រកួត​នៅលើ​ប្រភេទ​កីឡា​បាល់​ទឹក និង​លោតទឹក ព្រោះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ យើង​មិន​អាច​មាន​តែ​កីឡា​ហែលទឹក​ ១ ​មុខ​នោះ​ទេ​»​។

គិត​មក​ដល់​ពេល​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ដែល​មាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជា​ប្រធាន​នោះ​បាន​ចាប់ផ្តើម​អភិឌ្ឍ​លើ​ប្រភេទ​កីឡា​បាល់ទឹក​បាន​ ៣ ​ឆ្នាំ​ហើយ ហើយ​ក៏​បាន​បង្កើត​ក្រុម​បាល់ទាត់​បាន​ ២ ​ក្រុម​ផង​ដែរ​គឺ​មួយ​ក្រុម​នៅ​ភ្នំពេញ និង​មួយ​ក្រុម​ទៀត​នៅ​ខេត្ត​កំពង់ចាម​។

បន្ថែម​លើ​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ដែល​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡា​ហែលទឹក​អន្តរជាតិ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​បាល់​ទឹក​បាន ២ ​វគ្គ​ហើយ គឺ​វគ្គ​កម្រិត​ដំបូង​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៨ និង​វគ្គ​កម្រិត​ ១ ដែល​ទើប​បាន​បញ្ចប់​កាលពី​សប្តាហ៍​មុន​ក្រោម​ការបង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស Alex Celda​។

ជុំវិញ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​លោក ហែម គីរី បាន​និយាយ​ថា​៖ «​តាម​ការបណ្តុះបណ្តាល​ ២ ​វគ្គ​នេះ​គឺ​គ្រូបង្វឹក​របស់​យើង​អាច​បង្រៀន​ជា​លក្ខណៈ​មូលដ្ឋានគ្រឹះ​បាន ប៉ុន្តែ​បើ​ឲ្យ​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក​កម្រិត ជាតិ ឬ​កម្រិត​អន្តរជាតិ​មិន​ទាន់​បាន​ទេ គឺ​យ៉ាង​ណាស់​ក៏​ពួកគាត់​ត្រូវ​សិក្សា​ដល់​កម្រិត​ ៣ ​ដែរ អ៊ីចឹង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត យើង​នឹង​ធ្វើឲ្យ​បាន​ច្រើន គឺ​ ១ ​ឆ្នាំ​អាច​ធ្វើ​បាន​ ២ ​វគ្គ​កាន់តែ​លឿន​»​។

Content image - Phnom Penh Post
ក្រុម​គ្រូបង្វឹក​បាល់​ទឹក​បាន​ថត​ជាមួយ​ថ្នាក់ដឹកនាំ និង​គ្រូឧទ្ទេស Alex Celda​។ ណន

ជាមួយ​គ្នា​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​គ្រោង​នឹង​រៀបចំ​ការប្រកួត​កីឡា​បាល់​ទឹក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​កីឡា​ហែលទឹក​ដើម្បី​ឲ្យ​គ្រូបង្វឹក​បាល់​ទឹក​ទាំងនោះ​អាច​យក​ចំណេះ​ដឹង​ពី​ការសិក្សា​ទៅ​អនុវត្ត​ពេល​ប្រកួត​ជាក់ស្តែង​។ លោក គីរី បាន​និយាយ​ថា​៖ «​បើ​យើង​ឲ្យ​តែ​គាត់​រៀន ហើយ​អត់​មាន​ការប្រកួត ក៏​មិន​កើត​ដែរ អ៊ីចឹង​យើង​គ្រោង​នឹង​រៀបចំ​ការប្រកួត​កីឡា​បាល់ទឹក​មួយ ដើម្បី​ឲ្យ​ពួកគាត់​យល់​កាន់តែ​ច្បាស់​ថា ការប្រកួត និង​ការហ្វឹកហាត់​ត្រូវ​ធ្វើ​យ៉ាងម៉េច​? ដើម្បី​យើង​អាច​ឈាន​ទៅ​ទទួល​បាន​ជ័យជម្នះ​»​។

«​បើ​យើង​ឲ្យ​គាត់​បង្ហាត់ តែ​អត់​មាន​ការប្រកួត ហើយ​គាត់​អត់​ទាន់​ចេះ​ដឹកនាំ គឺ​គាត់​អត់​មាន​បទពិសោធ​ដូចគ្នា អ៊ីចឹង​យើង​ត្រូវ​មាន​ទាំង​ការរៀន ការអនុវត្ត និង​ការប្រកួត ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​ក្នុង​ការបញ្ចេញ​សមត្ថភាព​របស់​គាត់ ហើយ​យើង​មាន​គ្រូ​ជំនាញ​លោក Alex Celda ចាំ​ជួយ​សម្របសម្រួល និង​កែតម្រូវ​បន្ថែម​នៅ​ចំណុច​ខ្វះខាត​របស់​គ្រូបង្វឹក​យើង​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​បន្ត​ធ្វើ ព្រោះ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ នៅ​សល់​ពេល​តែ​ ៤ ​ឆ្នាំ​ទៀត​ទេ​»​។

អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «​យើង​អាច​មាន​ការលំបាក​ច្រើន ក្នុង​ការដាក់​បាល់ទឹក​នេះ អ៊ីចឹង​យើង​កំពុង​តែ​គិត និង​ព្យាយាម​ជំរុញ​។ បើសិន​ជា​អាច​មាន​លទ្ធភាព​ ២ ​ឆ្នាំ​ទៀត យើង​មើល​ទៅ​សម្ទុះ​នៃ​ការហ្វឹកហាត់ ចូលរួម ហើយ​គ្រូបង្វឹក​របស់​យើង​មាន​ការរីកចម្រើន​ច្រើន គឺ​យើង​នឹង​ស្នើសុំ​ដាក់​បាល់ទឹក​ទៅក្នុង​ស៊ីហ្គេម ប៉ុន្តែ​បើ​នៅ​ទេ យើង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់លាស់​ថា គួរតែ​ដាក់ ឬ​ក៏​រង់ចាំ​នៅពេល​ណា​មួយ​ឱកាស​យើង​មក​ដល់​»​។

ជាមួយ​នឹង​ភាពស្រពេចស្រពិល​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ចង់​ពង្រឹង​សមត្ថភាព​កីឡាករ​ឲ្យ​បាន​ខ្ពស់​សិន ហើយ​គ្រូបង្វឹក​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការបណ្តុះបណ្តាល​អត្តពលិក​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ ហើយ​កម្រិត​សមត្ថភាព​របស់​យើង​អាច​ប្រដំប្រសង​ជាមួយ​កីឡាករ​នៅក្នុង​តំបន់​ឬ​នៅ​? ព្រោះ​នៅ​អាស៊ាន​នេះ​មាន​ប្រទេស​ ៤ ​ខ្លាំង​បំផុត​ខាង​បាល់​ទឹក​នេះ មាន​សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​។

លោក ហែម គិរី បាន​សង្កត់ធ្ងន់​ថា​៖ «​បើ​យើង​ចង់​ឈ្នះ​គេ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ល្អ​ជាង​គេ​។ បើ​គេ​មាន​ការអភិវឌ្ឍ​ខ្លាំង យើង​ត្រូវ​តែ​អភិវឌ្ឍ​ឲ្យ​បាន​ខ្លាំង​ជាង​គេ ហើយ​នេះ​ជា​កត្តា​មួយ​លំបាក​ដែល​ខ្ញុំ​នៅ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការសម្រេច​ថា យើង​គួរ​ដាក់ ឬ​មិន​ដាក់ ហើយ​បញ្ហា​វា​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ទៀត​»​។

«​ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​បច្ចេកទេស ខ្ញុំ​ត្រូវតែ​សិក្សា​ឲ្យ​បាន​ច្បាស់ មុន​នឹង​ដាក់ ព្រោះ​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​ហើយ​ថា វិញ្ញាសា​មួយៗ​ដែល​ដាក់​ចូល​ក្នុង​ស៊ីហ្គេម​ត្រូវ​តែ​ជា​សក្តានុពល​មាន​ឱកាស​ដណ្តើម​កេរ្តិ៍ឈ្មោះ4​ឲ្យ​ប្រទេស​ជាតិ ព្រោះ​យើង​ជា​ម្ចាស់​ផ្ទះ តែ​បើ​យើង​ដាក់​ទៅ គ្រាន់តែ​ជា​ផ្ទាំង​ស៊ីហ្វ​គេ​ទេ ឬ​ដើម្បី​គ្រាន់តែ​លម្អ​ការប្រកួត​ទេ យើង​គួរតែ​គិត​ដែរ អ៊ីចឹង​ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​មាន​ការលំបាក​ក្នុង​ការសម្រេចចិត្ត​»​។

ដោយឡែក​សម្រាប់​ប្រភេទ​កីឡា​លោតទឹក កម្ពុជា នៅ​មិន​ទាន់​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក ហែម គិរី ហាក់​មាន​ការរំពឹង​ខ្ពស់​ទៅ​លើ​ការបង្ហាញ​ក្រុម​លោតទឹក​កម្ពុជា​នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។ លោក​ថា​៖ «​យើង​នៅ​មាន​វិញ្ញាសា​ ១ ​ទៀត​ដែល​យើង​ត្រូវ​គិត​ក្នុង​ការដាក់​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ គឺ​កីឡា​លោតទឹក ព្រោះ​យើង​ក៏​មាន​កីឡាករ​នៅ​ក្រៅ​ប្រទេស​ខ្លះ ហើយ​យើង​នឹង​បន្ត​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ​នេះ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​ជំរុញ​លើ​ប្រភេទ​កីឡា​លោតទឹក​នេះ ព្រោះ​កីឡា​នេះ​វា​អាច​មាន​ឱកាស​ច្រើន ហើយ​វា​មាន​លទ្ធភាព​ក្នុង​ការដណ្តើម​មេដាយ​ជាង​បាល់​ទឹក ព្រោះ​បាល់​ទឹក​ជា​កីឡា​លេង​ជាង​ក្រុម ឯ​លោត​ទឹក​ជា​កីឡា​ឯកត្តជន​ដូច​ហែល​ទឹក​ដែរ ប៉ុន្តែ​យើង​ត្រូវការ​ហ្វឹកហាត់ អ៊ីចឹង​យើង​កំពុង​តែ​គិត ហើយ​យើង​ក៏​មាន​ក្តីសង្ឃឹម​សម្រាប់​កីឡាករ​មួយ​រូប​ដែល​ខ្ញុំ​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​»​។

បើ​ទោះបី​ជា​លោក ហែម គីរី មិន​អាច​បង្ហាញ​ឈ្មោះ តែ​កីឡាករ​លោតទឹក ដែល​លើក​និយាយ​នោះ​គឺ​កីឡាករ​លោត​ទឹក​ខ្មែរ-​អាមេរិក Jordan Pisey Windle ព្រោះ​កីឡាករ​ជា​ក្មេង​កំព្រា​មាន​ដើមកំណើត​នៅ​ខេត្ត​ព្រៃវែង​រូបនេះ ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​បង្ហាត់​ពី​របៀប​លោតទឹក​ដល់​ក្រុម​ហែល​ទឹក​កម្ពុជា​ម្តង​ហើយ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៦​។ ជាមួយ​គ្នា​នោះ​លោក Jerry Windle ដែល​ជា​ឪពុកចិញ្ចឹម​របស់ Jordan Pisey និង Jordan Pisey ដែល​ជា​កីឡាករ​ជម្រើសជាតិ​លោតទឹក​របស់​អាមេរិក​នោះ​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការចូលរួម​ជួយ​រក​មេដាយ​ឲ្យ​កម្ពុជា​ផង​ដែរ​។

លោក ហែម គីរី បាន​បញ្ជាក់​ទៀត​ថា​៖ «​ខ្ញុំ​កំពុង​តែ​គិត​ជាមួយ​គាត់ និង​គ្រួសារ​របស់​គាត់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កីឡា​លោតទឹក​របស់​កម្ពុជា ព្រោះ​នៅពេល​នេះ​គាត់​កំពុង​មាន​ការរីកចម្រើន​ខ្លាំង​មែនទែន ហើយ​គាត់​កំពុង​ហាត់​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​បើ​យើង​រំពឹង​តែ​គាត់​ម្នាក់​ក៏​មិន​កើត​ដែរ យើង​ត្រូវ​តែ​មាន​ការបណ្តុះបណ្តាល​ធនធាន​បន្ថែម ព្រោះ​នៅ​ឆ្នាំ​នេះ​យើង​មាន​ផែនការ​បញ្ជូន​អត្តពលិក​ហែល​ទឹក និង​លោតទឹក​នេះ​ទៅ​ហ្វឹកហាត់​នៅ​ចិន អ៊ីចឹង​ខ្ញុំ​កំពុង​មើល​ទៅ​លើ​ក្រុម​ហែល​ទឹក​របស់​យើង គឺ​បើ​អ្នកណា​អត់​ទៅ​មុខ ឬ​លែង​រីកចម្រើន​ខាង​ហែល​ទឹក​ហើយ យើង​គួរ​រុញ​គាត់​ឲ្យ​ទៅ​លេង​កីឡា​លោតទឹក ព្រោះ​យើង​ក៏​មាន​គ្រូបង្វឹក​ខាង​លោតទឹក​នេះ​សម្រាប់​បណ្តុះបណ្តាល​ដែរ​»៕