សហព័ន្ធហែលទឹក ចង់ប្តូរទស្សនវិស័យ ក្នុងការជ្រើសរើសអ្នកបន្តវេន

ភ្នំពេញ៖ មន្ត្រីជំនាញរបស់សហព័ន្ធខ្មែរកីឡាហែលទឹក បានមើលឃើញពីបញ្ហាចម្បង ដែលធ្វើឱ្យក្រុមហែលទឹក នៅមិនទាន់អាចមានលទ្ធភាពឈានទៅរកការឈ្នះបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយបញ្ហានេះ វាកំពុងតែធ្វើឱ្យសហព័ន្ធមួយនេះ កើតជាក្តីបារម្ភផងដែរ នៅពេលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានចាត់ទុកការជ្រើសរើសអ្នកបន្តវេនមិនចំគោលដៅថា ជាបញ្ហាចម្បង ដែលធ្វើឱ្យប្រភេទកីឡាហែលទឹក ក៏ដូចជាប្រភេទកីឡាមួយចំនួនធំទៀតរបស់កម្ពុជានៅមិនទាន់មានការរីកចម្រើន និងមានកម្រិតសមត្ថភាព ឈានទៅរកការដណ្តើមបានមេដាយនៅស៊ីហ្គេម ហើយនេះជាអ្វីដែលលោកចង់ប្តូរទស្សនវិស័យ ក្នុងការជ្រើសរើសយកអ្នកបន្តវេន គឺការនាំយកអ្នកមានធនធានស្រាប់ និងអ្នកមានកម្រិតខ្ពស់ស្រាប់ មកបណ្តុះបណ្តាល។
លោក ហែម គីរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំនិយាយដោយស្មោះ បញ្ហាចម្បងរបស់កីឡានៅស្រុកខ្មែរមួយចំនួនធំ គឺភាគច្រើន យើងមានតែធនធានកីឡា ជាកូនអ្នកមានជីវភាពក្រីក្រ អ៊ីចឹងហើយពេលខ្លះយើងមានការប្រឈមមុខច្រើន ដោយត្រូវការជួយជ្រោមជ្រែងដល់ពួកគាត់ ដោយសារគាត់មានការខ្វះខាតផ្នែកជីវភាព»។

អគ្គលេខាធិការរូបនេះបានបន្តថា៖ «ចំណែកហែលទឹក យើងមានអត្តពលិក ដែលជាអ្នកមានជីវភាពខ្ពស់មួយចំនួន រៀននៅសាលាថ្លៃៗ ហើយពួកគាត់ក៏បានមកចូលរួមប្រកួតនៅក្នុងកម្មវិធីហែលទឹករបស់យើងដែរ ហេតុនេះបើសិនជាគាត់ស្រឡាញ់ និងដាក់ចិត្ត ខ្ញុំជឿថា គាត់មានលទ្ធភាពរីកចម្រើនលឿន។ ហេតុអី? ព្រោះគាត់អត់មានការប្រឈមមុខទៅនឹងបញ្ហាអ្វីច្រើន ទៅលើជីវភាពរស់នៅ ឬបញ្ហាសម្ភារអ្វីនោះទេ អ៊ីចឹងបើគាត់បានចូលរួមជាមួយយើង គឺគាត់ដឹងតែពីប្រឹងប្រែងហ្វឹកហាត់ ដូចនេះគាត់នឹងមានសមត្ថភាពកាន់តែល្អ»។
ជាមួយគ្នានេះ កូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យ ហែម ថុន រូបនេះបានលើកយកអំណះអំណាងមកបញ្ជាក់ថា៖ «ការដែលខ្ញុំលើកឡើងពីបញ្ហានេះ ដោយសារយើងសង្កេតមើលឃើញថា ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ គឺការប្រកួតហែលទឹក ប្រាកដជាល្អជាងគេច្រើន ជាក់ស្តែងនៅក្នុងតំបន់អាស៊ានយើង មានប្រទេសសិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺយើងទៅជាមួយគេ អត់រួចទេ គឺដោយសារអ៊ីចឹង»។
លោក គីរី បានបញ្ជាក់បន្ថែមថា៖ «ចំណែកប្រទេស ដែលវិស័យហែលទឹកនៅខ្សោយ មានមីយ៉ាន់ម៉ា កម្ពុជាយើង ប្រ៊ុយណេ ឡាវ ទីម័រខាងកើត ហើយបើយើងមើលទៅលើលទ្ធផលការប្រកួតស៊ីហ្គេមកន្លងៗមក គឺមេដាយនៅលើ ៥ ប្រទេសខាងលើហ្នឹង ចំណែក ៥ ប្រទេសចុងក្រោយ គឺអត់មានមេដាយតែម្តង។ ហេតុនេះ យើងចង់បណ្តុះក្មេង ដែលមានធនធានស្រាប់ និងកម្រិតខ្ពស់ស្រាប់ រួចបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ទោះបានប៉ុន្មានឆ្នាំក៏ដោយ ព្រោះនេះជាឱកាសរបស់យើង ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»៕





