ភ្នំពេញៈ អ្នក​ប្រដាល់​ឆ្នើម ម៉ន សាម៉េត របស់​ក្លិប​កងចក្រ​រាជសីហ៍​មានរិទ្ធ នៃ​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ​បាន​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​ឡើង​ប្រកួត​ជាថ្មី បន្ទាប់ពី​រងរបួស​សម្រាក​អស់​រយៈពេល​ ២ ​ខែ ហើយ​ការវិល​មក​វិញ​នេះ ម៉ន សាម៉េត ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kao Thap ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​នៅ​លើ​សង្វៀន​ព្រែកកំពឹស​របស់​សង្វៀន​ TV5 នា​យប់​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​។


ម៉ន សាម៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​លំដាប់​ខ្លាំង​មួយ​រូប ព្រោះ​រូបគេ​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ចំនួន​ ២ និង​ពាន​ជាច្រើន​ទៀត​។ ចំណែក​កីឡាករ​ថៃ Kao Thap ក៏​ជា​លំដាប់​ខ្លាំង​ ១ ​​រូប​នៅ​ប្រទេស​ថៃ​ផង​ដែរ ហេតុនេះ​ការជួប​គ្នា​របស់​អ្នក​ទាំង​ ២ ​នេះ​នឹង​មាន​ភាពស្វិតស្វាញ​ខ្លាំង​។


កីឡាករ ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​ការ​សម្រាក​សម្រួល​សុខភាព​រយៈពេល​ ២ ​ខែ​នេះ​ចង់​ដាច់បាយ​ទៅ​ហើយ ព្រោះ​មិន​បាន​រកប្រាក់​ចំណូល ដោយសារ​ឈឺ​ទាំង​ប្រពន្ធ និង​កូន​បន្ថែម​ទៀត​អ៊ីចឹង​ភាគច្រើន​ពួកខ្ញុំ​ទៅ​ហូបបាយ​ជាមួយ​ម្តាយ​»​។


សាម៉េត បាន​បន្ត​ថា​៖ «​ការវិល​មក​ឡើង​សង្វៀន​វិញ​នេះ បញ្ហា​ចម្បង​គឺ​ជីវភាព​លំបាក​ហើយ​ការហ្វឹកហាត់​ក៏​មិន​ទាន់​បាន​ពេញលេញ​ដែរ​។ ទោះ​ជា​យ៉ាងណា ការប្រកួត​របស់​ខ្ញុំ​គឺ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​មិន​ឲ្យ​បងប្អូន​គាំទ្រ​អស់​សង្ឃឹម​នោះ​ឡើយ​»​។


លោក ម៉ាង ម៉ន ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​អាម៉េត ចាប់ផ្តើម​មាន​បញ្ហា​ឈឺ​ជើង បន្ទាប់ពី​ប្រកួត​ឈ្នះ​កីឡាករ សៀវ ង៉ុយ កាលពី​ខែ​មេសា​នៅ​ខេត្ត​ព្រៃវែង ហើយ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ត្រឡប់​មក​វិញ​ឈឺ​កាន់តែ​ខ្លាំង ទើប​សម្រាក​។ សាម៉េត មិន​ដែល​ចេះ​វ៉ៃ​បន្ធូរដៃ​ឲ្យ​គូប្រកួត​ទេ ប៉ុន្តែ​ការឈ្នះ​ ឬ​ចាញ់​សម្រាប់​ការវិល​មក​ប្រកួត​ជាថ្មី​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទុក​មុន​នោះ​ទេ គឺ​សង្ឃឹម​ ៥០ ​ភាគរយ​សិន​បាន​ហើយ​»​។


ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​បង្ហើប​ថា Kao Thap មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់ មិន​អន់​ជាង ម៉ន សាម៉េត នោះ​ឡើយ​។ លោក​បន្ត​ថា​៖ «​កីឡាករ​ថៃ​រូប​នេះ​ពិបាក​រក​ដៃគូ​ប្រកួត​ណាស់ ហេតុនេះ​ការផ្គូផ្គង​ឲ្យ​មក​ជួប សាម៉េត គឺ​ស័ក្ដិសម​គ្នា​ណាស់ ហើយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ​»​។

សម្រាប់​ការប្រកួត​នេះ ម៉ន សាម៉េត មិន​អាច​មើលស្រាល ឬ​ធ្វេសប្រហែស​បាន​ទេ ព្រោះ​ Kao Thap វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផង​ដែរ​គឺ​គេ​វ៉ៃ​បាន​គ្រប់​ក្បាច់ ហើយ​អ្វី​ដែល​មាន​ការកត់សម្គាល់​នោះ​គឺ​ការប្រកួត​លើក​ចុងក្រោយ​របស់​គេ​កាលពី​ថ្ងៃ​ទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០១៩ Kao Thap បាន​ឈ្នះ​ជើង​ខ្លាំង វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ​ដែល​ជា​កំណត់ត្រា​ល្អ​បំផុត​៕