ភ្នំពេញ៖ ​អ្នក​ប្រដាល់​ឆ្នើម​ជួរ​មុខ​ទម្ងន់​ស្រាល ​៥១ ​គីឡូក្រាម​ ខាំ​ ខ្លានាង​ មក​ពី​ក្លិប​រ៉ាហាប់​ស្វាយប៉ាក​ និង ​សូត្រ ​ប៊ុនធី ​ជើង​ចាស់​ខ្សែ​ក្រវាត់ ​២ ​ស្ថាប័ន ​របស់​ក្លិប​បក្សី​ស្លាប​ដែក ​សុទ្ធ​តែ​បាន​​ផ្តួល​អ្នក​​ប្រដាល់​​ថៃ​ឲ្យ​សន្លប់​ដូច​គ្នា ​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ កាល​​ពី​យប់​ថ្ងៃ​អាទិត្យ​ ហើយ​លទ្ធផល​ដ៏​ល្អ​នេះ ​ទំនង​ដូច​ជា​ការ​សាង​ថ្វី​ដៃ ​ឬ​ការ​សន្សំ​ក្រេឌីត​សមត្ថភាព​សម្រាប់​តម្លៃ​ខ្លួន​ដើម​ឆ្នាំ ​២០២០ ​ផង​ដែរ​។​


នៅ​ក្នុង​ទម្ងន់ ​៥១ ​គីឡូក្រាម​ ខាំ​ ខ្លានាង​ ហាក់​បី​ដូចជា​គ្មាន​ដៃ​គូ​ស័ក្តិសម​នោះ​ទេ ​នៅ​ក្នុង​ស្រុក​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​​នេះ ​កីឡាករ​មាឌ​ល្អិត​ចិត្ត​ធំ​ ខ្លានាង មិន​ដែល​ចាញ់​នោះ​ទេ​។​ ចំណែក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ខ្លានាង ​បាន​ផ្តួល​កីឡាករ​ជើង​ចាស់​របស់​ថៃ ​La Fan ​ឲ្យ​សន្លប់​​យ៉ាង​លឿន​បំផុត​ក្នុង​ដើម​ទឹក​ទី ​១ ​ប៉ុណ្ណោះ​។​

បន្ទាប់​ពី​ស្នូរ​ជួង​បន្លឺ​ឡើង​ ​ខាំ ​ខ្លានាង​ និង​ ​La Fan ​បាន​វាយ​សម្រុក​គ្នា ដោយ​ក្បាច់​ទាត់ ​និង​ប្តូរ​កែង​គ្នា​ ​ដោយ​គ្មាន​ស្ទាបស្ទង់​កម្លាំង ​ឬ​ស្នៀត​ក្បាច់​អ្វី​នោះ​ឡើយ​ ហើយ​ស្នៀត​កែង​របស់ ​ខ្លានាង ​វាយ​ចូល​គោលដៅ​ច្រើន​ជាង​។ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​តែ​ផ្សង​សំណាង​យក​ឈ្នះ​រៀងៗ​ខ្លួន មិន​គិត​ពី​បច្ចេកទេស​ដូច​គ្នា ​គឺ​វ៉ៃ​ប្តូរ​គ្មាន​ឈប់​នោះ​ កែង​ស្តាំ​របស់​ ​ខាំ ​ខ្លានាង ​វាយ​ចូល​គុម្ព​ថ្គាម​របស់​ ​La Fan​ បណ្តាល​ឲ្យ​ដួល​សន្លប់​ធំ​តែ​ម្តង។


ការ​ទទួល​បាន​ជ័យជម្នះ​ដ៏​រហ័ស​នេះ​ នាំ​ឲ្យ ​ខាំ ​ខ្លានាង ​ឈ្នះ​យ៉ាង​លឿន​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​។ ​លោក​ បឺត ​សំខាន់​ គ្រូ​បង្វឹក ខាំ ខ្លានាង បាន​​និយាយ​ថា​៖ «​ក្នុង​ទម្ងន់​ស្រាល​ត្រឹម ​៥១ ​គីឡូក្រាម​​នេះ ខាំ​ ខ្លានាង​ ពិត​ជា​លំបាក​រក​ដៃ​គូ​ប្រកួត ​ក្នុង​ស្រុក​ណាស់​ ហើយ​បើ​ប៉ះ​​ថៃ​វិញ ​ក៏​កម្រ​ចាញ់​ដែរ គឺ​ភាគ​ច្រើន​ឈ្នះ​សឹង​តែ ​៩០ ​ភាគរយ​។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​នៅ​ក្នុង​ទម្ងន់​ស្រាល​​បែប​នេះ​ តម្លៃ​ខ្លួន​មិន​ទាន់​បាន​ប្រសើរ​ដូច​គេ​នៅ​ឡើយ​ទេ»​។​


ចំណែក​ សូត្រ ​ប៊ុនធី ​ដែល​ប៉ះ​ជាមួយ​ជើង​ខ្លាំង ​Fa Nemith​ ក៏​បាន​សាង​ស្នាដៃ​បាន​ល្អ​ក្នុង​ដើម​ឆ្នាំ ​២០២០ ​នេះ​ផង​ដែរ​ ខណៈ​ដែល​ការ​ប្រកួត​របស់​ ប៊ុន​ធី ​កាន់​តែ​ល្អ​ឡើងៗ​។ ​សូត្រ​ ប៊ុនធី​ ចាញ់​ប្រៀប​​ Fa Nemith ​នៅ​ទឹក​ទី ​១ ​និង​ទឹក​ទី ​២​ ដោយ​ស្នៀត​ជង្គង់​​ ប៉ុន្តែ​នៅ​​ទឹក​ទី ​៣ ​ ប៊ុនធី ​បាន​ប្រមូល​ថាមពល​ចាប់​ឱប​ឡើង​ក្បាច់​ជង្គង់​បាន​ល្អ​វិញ ​និង​ប្រើ​ស្នៀត​កែង​ បន្ថែម​ដោយ​កណ្តាប់​ដៃ ​ព្រម​ទាំង​រុញ​ផ្តួល​ឲ្យ​​ Fa Nemith ​វង្វេង​វង្វាន់ ​​នាំ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៨ ​ទៅ​លើ​កីឡាករ​ថៃ​។


ទោះ​ជា​យ៉ាង​នេះ​ក្តី ​កីឡាករ​ថៃ​រូប​នេះ​ មិន​ព្រម​ចុះ​ចាញ់​ងាយៗ​​នោះ​ទេ​ ដោយ​រូប​គេ​បាន​ប្រឹង​វាយ​បក​មក​វិញ​ក្នុង​ទឹក​ទី ​៤ ​ធ្វើ​ឲ្យ​ សូត្រ​ ប៊ុន​ធី ​ចង់​យ៉ាប់​ម្តងៗ​ផង​ដែរ​។ ​ប៉ុន្តែ​ក្នុង​ពេល​ដែល​​កីឡាករ​ថៃ​ស្រុត​កម្លាំង​ផង​នោះ​ សូត្រ​ ប៊ុន​ធី បាន​​ចាប់​ឱប​ប្តូរ​ក្បាច់​ជង្គង់ ​និង​បាន​រុញ​ផ្តួល​ធ្វើ​ឲ្យ​​ Fa Nemith ​ដួល​ទាំង​មាន​របួស​ជើង​ងើប​លែង​រួច ​ហើយ​ជ័យជម្នះ​បាន​ទៅ​លើ ​ប៊ុនធី ​ត្រឹម​ទឹក​ទី ​៤​។​

លោក​ សួន​ ប៊ុនសូត្រ​ គ្រូ​បង្វឹក សូត្រ ប៊ុនធី ​ប្រាប់​ថា​៖ «ប៊ុន​ធី​ ហ្វឹកហាត់​បាន​ល្អ ​ហើយ​រហូត​ដល់​ខែ​កុម្ភៈ​ គេ​បាន​ជាប់​កិច្ច​សន្យា​អស់​ហើយ​ ក្នុង​តម្លៃ​ខ្លួន​ប្រសើរ​ជាង​មុន ​គឺ​ទាប​បំផុត​ក៏ ​៤០០ ​ដុល្លារ​ដែរ​ នៅ​ក្នុង​ស្រុក​ ចំណែក​ចេញ​ក្រៅ​ប្រទេស​ គឺ​ច្រើន​ជាង​នេះ​។​ប៊ុនធី ​ជាប់​កិច្ច​សន្យា​អស់ ​ដូច​ជា​​នៅ​សង្វៀន​ថោន ​Mas Fight ​នា​ថ្ងៃ​ទី ​២៦ ​ខែ​មករា​ ​និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​នៅ​ថ្ងៃ ​១៥​ ខែកុម្ភៈ​ ​ហើយ​ក្នុង​នោះ​ ប៊ុនធី ក៏​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​ក្រៅ​ប្រទេស​ផង​ដែរ​»៕