ភ្នំពេញ៖ ស្ថាបនិកដ៏សំខាន់របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានជំរុញឲ្យកីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ត្រូវខំប្រឹងប្រែងឲ្យបានទ្វេដង ក្នុងការកែប្រែកំហុស ឬការខ្វះខាតរបស់ខ្លួនឲ្យបានល្អប្រសើរវិញ ដើម្បីឆ្ពោះទៅរកការឈ្នះមេដាយជាបន្តបន្ទាប់ទៀត ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ពិសេសការបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣០ នៅប្រទេស ហ្វីលីពីន នាចុងខែវិច្ឆិកា និងដើមខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
អនុប្រធានទី ១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានថ្លែង នៅចំពោះមុខអត្តពលិកទាំងអស់ថា៖ «ដើម្បីរក្សាឲ្យបាននូវការបន្តឈ្នះមេដាយ គឺយើងទាំងអស់គ្នា ត្រូវសម្រួចឆន្ទៈ និងត្រូវខំហ្វឹកហាត់ទ្វេដង គឺយើងត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងបច្ចេកទេសក្នុងការលេង ហើយត្រូវចេះកែប្រែនូវរាល់កំហុស ដែលធ្លាប់បានកើតមានឡើង ដើម្បីយើងទទួលបានបទពិសោធ និងយុទ្ធសាស្រ្តថ្មីបន្ថែមទៀត»។
លោក ជា ប៊ុនហេង បន្ថែមថា៖ «បើយើងមិនចេះកែប្រែកំហុស ឬចំណុចខ្វះខាតរបស់យើង ឲ្យបានប្រសើរវិញទេនោះ គឺយើងមិនអាចបន្តដណ្តើមមេដាយបានទេ ហើយជាមួយគ្នានេះ ហាមដាច់ខាតកុំឲ្យមានជំងឺតួឯកឲ្យសោះ គឺខ្ញុំមិនចូលចិត្តទេ តែកន្លងមកក្រុមសូហ្វតិន្នីសរបស់យើងមានសាមគ្គីភាពល្អហើយ»។
ការពញ្ញាក់ស្មារតីដល់អត្តពលិកក្រុមសូហ្វតិន្នីសនេះ ត្រូវបានលោក ជា ប៊ុនហេង ធ្វើឡើងនៅពេលលោកបាននាំយកថវិការបស់លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ទៅចែកជូនដល់អត្តពលិក ដែលបានឈ្នះមេដាយសំរឹទ្ធចំនួន ៤ ពីការប្រកួតកម្រិតអាស៊ី ចំនួន ២ ផ្សេងគ្នា នៅប្រទេស ហ្វីលីពីន កាលពីពេលថ្មីៗ កន្លងមកនេះ។
នៅក្នុងផ្តល់ប្រាក់រង្វាន់ នៅអគារមជ្ឈមណ្ឌលកីឡារបស់ក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនោះ គឺលោក ស ខេង ដែលជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាផងនោះ បានផ្តល់ឲ្យអ្នកឈ្នះមេដាយសំរឹទ្ធចំនួន ៣០០ ដុល្លារ និងអ្នកឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាក្រុម ចំនួន ៩០០ ដុល្លារ ហើយអ្នកមិនដណ្តើមបានមេដាយ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ១០០ ដុល្លារផងដែរ។
គួររំឭកថា សម្រាប់ការប្រកួត ជើងឯកយុវជនអាស៊ី (The 1st Asian Junior Soft Tennis Championship 2019) ដែលមាន ១៣ ប្រទេស ចូលរួមកាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា នៅប្រទេស ហ្វីលីពីន កីឡាករ សាយ សុចិត្ត្រា ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន ហើយ សាយ សុចិត្ត្រា ដដែលបានចាប់ដៃជាមួយ សំ ចាន់កាប៊ី ដើម្បីឈ្នះបានមេដាយសំរឹទ្ធឲ្យកម្ពុជា ១ ទៀត លើវិញ្ញាសាវាយគូ ចំណែកការប្រកួតជាក្រុម ដែលមានគ្នា ៦ នាក់ របស់កីឡាករ ឌឹម សំសម្បត្តិ, ឯក បញ្ញា, បូរ សុខរ័ត្ន, យី សារសារិទ្ធ, ចន ម៉ាដា និង សំ ចាន់កាប៊ី បានឈ្នះមេដាយសំរឹទ្ធដែរ។
ចំណែកការប្រកួតកីឡាសូហ្វតិន្នីសនិស្សិតសាកលវិទ្យាល័យអាស៊ី លើកទី ១ ឆ្នាំ ២០១៩ (The 1st University Soft Tennis Championship 2019) ដែលបានធ្វើពីថ្ងៃទី ៣០ ខែ សីហា ដល់ថ្ងៃទី ៤ ខែ កញ្ញា នៅប្រទេស ហ្វីលីពីន ដែរនោះ គឺមានតែកីឡាករ កាន់ សោភ័ណ ម្នាក់គត់ ដែលដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន ខណៈព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១០ នាក់ (ស្រី ៦ នាក់) ទៅចូលរួម។
យ៉ាងណាក៏ដោយ លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «បើទោះបីជាយើង ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែក្រុមសូហ្វតិន្នីសកម្ពុជា នៅតែស្ថិតក្នុងចំណោមប្រទេស ដែលមានសមត្ថភាពលេចធ្លោ ព្រោះការប្រកួតជើងឯកអាស៊ីនេះ មានប្រទេសចូលរួមច្រើន អ៊ីចឹងលទ្ធផលនេះវាល្អហើយសម្រាប់យើង»៕