ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្តធំ សេក គឹមរួន ដែល​បាត់​មុខ​យូរ​ពី​សង្វៀន​បាន​វិល​មក​សាង​ភាពខ្លាំង​ឡើង​វិញ​ដោយ​ ៣ ​ប្រកួត​ចុងក្រោយ​បាន​ឈ្នះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ម្ចាស់​សង្វៀន​ SEATV បាន​ផ្តល់​ឱកាស​ឲ្យ គឹមរួន ឡើង​ប្រកួត​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​ថៃ Khun Soeklek ដែល​ធ្លាប់​ឈ្នះ កូយ ឡាយ ដើម្បី​ឲ្យ​រូបគេ​អាច​ពង្រឹង​សមត្ថភាព​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ឡើង​វិញ ខណៈ​ពេល​នេះ គឹមរួន បាន​ប្តូរ​ចេញ​ពី​ក្លិប​សឹក​រង​ខេត្ត​សៀមរាប​មក​នៅ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​វិញ​។


សេក គឹមរួន ដែល​ខកខាន​ប្រកួត​យូរ​ដោយ​បញ្ហា​សុខភាព​ផង និង​ជាប់​រវល់​ទៅ​ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​បី​ផង​នោះ​គឺ​បាន​វិល​មក​ប្រកួត​ ៣​ ដង​ហើយ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​គេ​បាន​ផ្តួល​ជើង​ខ្លាំង​កម្ពុជា រឿម វណ្ណៈ ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ១ បន្ទាប់​មក​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ទឹក​ទី​ ៤ នៅ​សង្វៀន SEATV និង​ចុងក្រោយ​ឈ្នះ​ជើង​ខ្លាំង​ថៃ Amak Tak នៅ​សង្វៀន​ CNC​។

កីឡាករ​ល្អ​គ្រប់​ស្នៀត ចិត្តធំ​ហ៊ាន​ចូល​វាយ​ប្តូរ​បាន​គ្រប់​ស្ថានភាព សេក គឹមរួន ដែល​ធ្លាប់​ប្រកួត​ ៨៧ ឈ្នះ​ ៦៩ ចាញ់​ ១៦ ស្មើ​ ២ និង​ធ្លាប់​ឈ្នះ​ជើងឯក​រង​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ដោយ​ចាញ់ សុខ សុវណ្ណ នោះ បាន​និយាយ​ថា​៖ «​ជំនួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Khun Soeklek ​លើក​នេះ ខ្ញុំ​គិត​ថា​សង្ឃឹម​ឈ្នះ​ ៦០ ​ភាគរយ​។ តាម​ខ្ញុំ​មើល​ការប្រកួត​របស់ Khun Soeklek ខ្លាំង ប៉ុន្តែ​មិន​លំបាក​ដូច Amak Tak ឡើយ តែ​ត្រូវ​ខ្ញុំ​វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​មុន​នឹង​ចាញ់​ខ្ញុំ​ដោយ​ពិន្ទុ​»​។


ចំណែក Khun Soeklek ធ្លាប់​ប្រកួត​ ៨៥ ឈ្នះ​ ៦៧ ចាញ់​ ១៦ និង​ស្មើ​ ២ ​ដង​។ តាម​លោក ថាញ់ វ៉ាឡេក ជា​គ្រូបង្វឹក​និយាយ​ថា​៖ «​កម្រិត​វិជ្ជា​គុន​អ្នក​ទាំង​ ២ ​នេះ​អាច​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​បើ​និយាយ​ពី​ទឹកចិត្ត​ប្រកួត​វិញ សេក គឹមរួន ចិត្តធំ​ជាង​ហ៊ាន​ចូល​វាយ​សម្រុក​មិន​ចេះ​ដកថយ​។ ហេតុ​នេះ​គូ​នេះ​មិន​អាច​វាយតម្លៃ​ពី​លទ្ធផល​មុន​ទេ​គឺ​វា​ស៊ីសង​ពេល​ប្រកួត​ជាក់ស្តែង​ដែល​ការវាយ​ចេញ​ចំ​គោលដៅ​ឬ​យ៉ាងណា គឺ​វា​នឹង​ឃើញ​លទ្ធផល​ទាំងអស់​គ្នា​»​។


ក្នុង​កម្មវិធី​នោះ​ដែរ​គូ​ចាប់​អារម្មណ៍​ ១ ​ទៀត​គឺ​ជើង​ថ្មី​ខ្ចី​វស្សា​របស់​កម្ពុជា រិន សារ័ត្ន របស់​ក្លិប​កងទ័ព​ជើងទឹក​ត្រូវ​ដាក់​ឲ្យ​ជួប​ជើង​ខ្លាំង​ថៃ Loom Leng ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ដែល​ធ្វើឲ្យ​អ្នកទស្សនា​លាន់មាត់​ថា រិន សារ័ត្ន ពិតជា​ថ្លើម​ធំ​ហ៊ាន​ប៉ះ​នឹង Loom Leng ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​។


ទោះ​ជា​យ៉ាងណា​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV លោក ញាន សុធី បាន​និយាយ​ថា Loom Leng មួយរយៈ​ចុងក្រោយ​នេះ​ប្រកួត​ចាញ់​ញឹក​ហើយ​ធ្លាក់​ជាង​មុន ផ្ទុយ​ពី រិន សារ័ត្ន ឈ្នះ​រហូត អ៊ីចឹង​អ្នក​ទាំង​ ២ ​នេះ​អាច​ប៉ះគ្នា​បាន​៕