ភ្នំពេញ៖ ​កីឡាការិនី​កម្ពុជា នៅ ស្រីពៅ​ បាន​ចាកចេញ​ពី​​ប្រទេស​កំណើត​តាំង​ពី​ថ្ងៃទី ​២០ ​ខែ ​តុលា ​ឆ្នាំ ​២០២០ ហើយ​ពេល​នេះ​ នាង​កំពុង​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ ​ដែល​គ្រប់គ្រង​ការពារ​តាម​ច្បាប់​កូវីដ ​១៩ របស់​សិង្ហបុរី ​និង​ហ្វឹកហាត់​ត្រៀម​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ប្រកួត​ជាមួយ​ Ritu Phogat ​របស់​ឥណ្ឌា ក្នុង​កម្មវិធី​របស់ ONE Championship នៅ​​យប់​ថ្ងៃ​សុក្រ​នេះ​​។


ជុំវិញ​ការ​ចាកចេញ​ទៅ​ប្រកួត​វាយ​ដាក់​ទ្រុង​លើក​នេះ នៅ ស្រីពៅ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​សិង្ហបុរី​មក​​ថា​៖ «​ជំនួប​នេះ​ ខ្ញុំ​រំពឹង​​ឈ្នះ ​៥០ ​ភាគរយ»​។ យ៉ាង​ណា​មិញ ​ទាក់ទង​ទៅ​នឹង​តម្លៃ​ខ្លួន​ប្រកួត​ដែល​ខាង ONE ​​មិន​ចង់​​ទម្លាយ​ជា​សាធារណៈ​នោះ​ ​ស្រីពៅ ​បាន​បង្ហើប​​ថា​៖ «​ការ​ប្រកួត​លើក​នេះ​ ខ្ញុំ​ចុះ​កិច្ច​សន្យា​តម្លៃ​ខ្លួន​ គឺ​ចាញ់​បាន ​២ ​០០០ ​ដុល្លារ តែ​​បើ​ឈ្នះ​បាន ​៤ ​០០០ ​ដុល្លារ»​។​

វា​មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ ដែល​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​ និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ នៅ ស្រីពៅ ​​​ធ្លាប់​បាន​​ប្រកួត​នៅ​ ONE ប៉ុន្តែ​ការ​ចេញ​ទៅ​លើក​នេះ អាច​ចាត់​ទុក​ថា វា​ជា​ការ​បើក​នូវ​ទំព័រ​សករាជ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា ក្នុង​ការ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩ ​នេះ ខណៈ​ការ​ចេញ​ទៅ ​២ ​លើក​កន្លង​មក ស្រីពៅ បាន​​​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​ថៃ​ Rika​ «Tiny ​Doll»​Ishige ​​តែ​ចាញ់​កីឡាការិនី​ឥណ្ឌូនេស៊ី​ Priscilla​ Hertati​ Lumban​ Gaol​។


កីឡាការិនី​មាន​អាយុ​ជាង ​​២០ ​ឆ្នាំ​ កម្ពស់ ​១,៥៥ ​ម៉ែត្រ​ នៅ ស្រីពៅ គឺ​ជា​កូន​កសិករ ​១ ​រូប ​ដែល​បាន​ប្តូរ​ញើស​ឈាម​នៅ​លើ​សង្វៀន ​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​ដល់​​គ្រួសារ​បាន​ល្អ​ប្រសើរ​។​ ស្រីពៅ ​បញ្ជាក់​ថា​៖ ​«ការ​ប្រកួត​លើក​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ ​៥០ ​ភាគរយ​បាន​ហើយ​ ​ព្រោះ​គេ​ខ្លាំង​ដែរ​ ប៉ុន្តែ​ខ្ញុំ​ធានា​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព ​ដើម្បី​កិត្តិយស​ និង​ប្រាក់​ចំណូល​»។​​


ចំណែក​ដៃ​គូ​ប្រកួត​របស់ នៅ ស្រីពៅ ​​Ritu Phogat ​បាន​ចុះ​កុងត្រា​​ប្រកួត​ឱ្យ​​ ONE​ Championship ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ​២០១៩​ ជាមួយ​នឹង​គោល​បំណង​ធំ​ គឺ​ចង់​ក្លាយ​ជា​​ កីឡាការិនី​ឥណ្ឌា​ទី​១ ​ដែល​អាច​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ ខណៈ​ការ​ប្រកួត ​២ ​លើក នៅ ONE កន្លង​មក​នេះ Ritu ​បាន​​ផ្តួល​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ Kim Nam Hee ឱ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់ ​ក្នុង​ទឹក​ទី​១​ តាម​រយៈ​កណ្តាប់​ដៃ​​នៅ​​ចិន​ និង​លើក​ទី​២​ ឈ្នះ​ពិន្ទុ​កីឡា​ការិនី​តៃវ៉ាន់​ Chiao​ Chen​ Wu​ នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០២០។​


យ៉ាង​ណា​មិញ នៅ​ថ្ងៃ​ទី ​៣០ ​ខែ​តុលា នេះ ​Ritu និង នៅ ស្រីពៅ នឹង​ត្រូវ​ប្រកួត​នៅ ONE ជា​លើក​ទី​៣ ​ដូច​គ្នា ហើយ​​បើ​សិន​ជា​​កីឡាការិនី​ឥណ្ឌា​រូប​នេះ​ អាច​យក​ឈ្នះ​ នៅ​ ស្រីពៅ​ បាន​នោះ គឺ​មាន​ន័យ​ថា នាង​នឹង​​ឈ្នះ​ទាំង ​៣ ​ប្រកួត​ជាប់​គ្នាៗ ​ដែល​នឹង​ជួយ​ឱ្យ Ritu អាច​ទទួល​បាន​តម្លៃ​ខ្លួន​កាន់​តែ​ខ្ពស់ ហើយ​ក៏​ខិត​ជិត​ទៅ​ដល់​ការ​ទទួល​បាន​ឱកាស​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ តាម​គោលដៅ​ធំ​បំផុត​របស់​នាង​ផង​ដែរ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា នៅ ស្រីពៅ ឬ Ritu ជា​អ្នក​ឈ្នះ​នោះ​ទេ។

លោក​ ប៊ុយ ​សោភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​​ប្រាប់​ថា​៖ ​«​នៅ ​ស្រី​ពៅ​ ចេញ​ទៅ​ប្រកួត​ដោយ​បាន​សុំ​អនុញ្ញត​​ត្រឹមត្រូវ ​ពី​សហព័ន្ធ​ព្រម​ទាំង​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ដោយ​​អម​ដំណើរ​ដោយ​បងស្រី​របស់​គាត់ ​រួម​​ទាំង​មន្ត្រី​របស់​​ ONE​ Championship​។​ ដៃគូ​របស់ ស្រីពៅ មាន​សមត្ថភាព​ និង​ប្រវត្តិ​​ប្រកួត​ល្អ​ ហេតុ​នេះ​លទ្ធផល​មិន​ហ៊ាន​ទស្សន៍ទាយ​នោះ​ឡើយ ​ប៉ុន្តែ​​បើសិន ​ស្រីពៅ​ ឈ្នះ​វិញ​ គឺ​ជា​មោទនភាព​សម្រាប់​កីឡាការិនី​កម្ពុជា​យើង»​៕