ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមលេខ ២ លីក កំពូលឡាវ Master 7 សុទ្ធតែបានបង្ហាញពីទំនុកចិត្តខ្ពស់ ក្នុងការទទួលបានជ័យជម្នះរៀងៗខ្លួន នៅពេលក្រុមទាំង ២ ត្រូវប្រកួតជម្រុះវគ្គ Play-off ក្នុងពាន AFC Cup 2020 នៅពហុកីឡដ្ឋានជាតិល្ងាចម៉ោង ៦ ថ្ងៃពុធនេះ។
សម្រាប់ការប្រកួតជើងទី ១ នៅលើទឹកដីខ្លួនឯងនេះ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានអះអាង នៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ ក្រុមរបស់លោកបានព្យាយាមខ្លាំងសម្រាប់ត្រៀមការប្រកួតនេះ ហើយពួកគេនឹងព្យាយាមដណ្តើមឲ្យបាននៅជ័យជម្នះ ដើម្បីជាមោទនភាពសម្រាប់អ្នកគាំទ្រ និងប្រជាជនកម្ពុជា។
លោក Conor Nestor បានថ្លែងថា៖ «យើងបានព្យាយាមហ្វឹកហាត់ខ្លាំងសម្រាប់ត្រៀមការប្រកួតនេះ ហើយពួកយើងនឹងព្យាយាមធ្វើឲ្យប្រជាជនកម្ពុជា និងអ្នកគាំទ្រទទួលបានមោទនភាពតាមរយៈការប្រកួតនេះ ព្រោះយើងពិតជាចង់ឈ្នះ អ៊ីចឹងគ្រប់ការរៀបចំទាំងអស់ គឺកីឡាកររបស់យើងបានបង្ហាញពីឆន្ទៈ ក្នុងការចង់ឈ្នះដូចគ្នា»។
លោកបានបន្ថែមថា៖ «យើងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកជ័យជម្នះ ប៉ុន្តែបើសិនជាមិនមានលទ្ធផលល្អណា មួយ បានកើតឡើងទេនោះ វាជាកំហុសរបស់ខ្ញុំដែលជាគ្រូបង្វឹក។ ទោះបីជាយ៉ាងណា ខ្ញុំជឿជាក់ទៅលើកីឡាកររបស់ខ្ញុំ ព្រោះពួកគាត់តែងតែបានធ្វើទៅតាមអ្វីដែលខ្ញុំបានរៀបចំ ហើយសម្រាប់ការត្រៀមការប្រកួតនេះ គឺទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ យើងបានរៀបចំល្អអស់ហើយ អ៊ីចឹងយើងត្រូវព្យាយាមរកលទ្ធផលឲ្យបានល្អ»។
ការដណ្តើមរកជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង ទៅលើក្រុម Master 7 វាពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះក្រុមស្វាយរៀង សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯងនេះ ព្រោះលទ្ធផលស្មើ ឬចាញ់ វានឹងធ្វើឲ្យក្រុមតំណាងឲ្យកម្ពុជាមួយនេះ កាន់តែជួបការលំបាកក្នុងការប្រកួតកាត់សេចក្តីជើងទី ២ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គបន្ត ព្រោះការប្រកួតនៅថ្ងៃទី ២៩ ខែមករា នោះ គឺត្រូវធ្វើនៅទឹកដីប្រទេស ឡាវ វិញម្តង។
ចំណែកប្រធានក្រុម សឿយ វិសាល ក៏បានប្តេជ្ញាចិត្តស្វែងរកជ័យជម្នះជូនក្រុមស្វាយរៀងដែរ។ វិសាល បាននិយាយថា៖ «ការជួបក្រុម Master 7 នៅថ្ងៃពុធ ជាការប្រកួតមួយដ៏ល្អ ហើយយើងបានប្តេជ្ញាចិត្តថា ត្រូវព្យាយាមរកឲ្យបានលទ្ធផលវិជ្ជមានមួយជូនដល់ក្រុម និងប្រទេសរបស់យើង គឺយើងត្រូវព្យាយាមឲ្យអស់ពីលទ្ធផល ដើម្បីបង្ហាញឲ្យអ្នកគាំទ្រមើលឃើញថា តើការប្រកួតនេះ វាមានភាពអស្ចារ្យបែបណា?»។
យ៉ាងណាក៏ដោយលោក Catalin Mihai Dina គ្រូបង្វឹកក្រុម Master 7 ក៏មានការជឿជាក់ខ្លាំងក្នុងការយកឈ្នះក្រុមស្វាយរៀងដូចគ្នា។ លោកបាននិយាយថា៖ «វាជាប្រវត្តិសាស្រ្តមួយដែលក្លិប Master 7 បានចូលរួមក្នុងវគ្គជម្រុះពាន AFC Cup នេះ អ៊ីចឹងហើយពួកយើងបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង និងរៀបចំបានយ៉ាងល្អ។ បើទោះបីជាយើងដឹងថា នៅថ្ងៃស្អែក យើងបានជួបក្រុមមួយដ៏ខ្លាំង របស់លីកកំពូលកម្ពុជា ប៉ុន្តែពួកយើងនឹងព្យាយាមរកឲ្យបានលទ្ធផលល្អ ដើម្បីប្រទេសជាតិ និងក្លិប Master 7 ផ្ទាល់»។
នៅពេលសួរពីលទ្ធផលប្រកួតដកស្រង់បច្ចេកទេសត្រៀមរដូវកាលថ្មី ដែលក្រុមស្វាយរៀងបានឈ្នះគ្រប់ការប្រកួតក្នុងការបោះជំរំហ្វឹកហាត់នៅម៉ាឡេស៊ី ខុសពីក្រុម Master 7 ទទួលបានលទ្ធផលមិនល្អ នៅប្រទេស ថៃ នោះ លោក Catalin Mihai Dina បានឆ្លើយតបថា៖ «លទ្ធផលទាំងនោះ វាគ្រាន់តែជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី អ៊ីចឹងអ្វីដែលយើងបានធ្វើវាគ្រាន់តែជាការចង់ដឹងពីចំណុច ខ្សោយ និងចំណុចខ្លាំងរបស់ក្រុមយើង ប៉ុន្តែការប្រកួតលើកនេះ គឺវាផ្សេងពីគ្នា ហេតុនេះយើងនឹងខំប្រឹងស្វែងរកឲ្យបានលទ្ធផលល្អ ដើម្បីដឹកនាំក្រុមយើងឆ្លងទៅវគ្គបន្ត»៕